បញ្ជូន​ឃាតក ចាក់​សម្លាប់​១២​កាំបិត សម្លាប់​យុវជន​ម្នាក់​ក្នុង​ហាង​អ៊ិតធឺណិត​ទៅ​តុលាការ

ខេត្តកណ្ដាល៖ ជន​ដៃដល់​ដែល​បាន​ចាក់​សម្លាប់​បុគ្គលិក​ហាង អ៊ិនធឺណិត​មួយ​កន្លែង​នៅ​ក្រុង​តាខ្មៅ ត្រូវ​បាន​កង​រាជ​អាវុធហត្ថ​ខេត្ត​កណ្ដាល​បញ្ជូន​ដល់​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល ហើយ នា​រសៀល​ថ្ងៃ​ទី ៥ ខែកក្កដា ឆ្នាំ​២០១៧​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី។

ជន​ដៃ​ដល់​ឈ្មោះ អ៊ឹង ចាន់រតនៈ ត្រូវ​បាន​កងកម្លាំង​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​អាវុធ​ហត្ថ​ភ្នំពេញ សហការ​ជាមួយ​កងកម្លាំង​អាវុធហត្ថ​ខេត្ត​សៀមរាប ចាប់​ខ្លួន​បាន​កាល​ពី​រសៀល​ថ្ងៃ​ទី ៣ ខែកក្កដា ឆ្នាំ​២០១៧ នៅ​បេនឡាន​ក្រុង​សៀមរាប បន្ទាប់​ពី​ធ្វើ​សកម្មភាព​សម្លាប់​ជនរងគ្រោះ​បាន​ពីរ​ថ្ងៃ។

យោង​តាម​សន្និសីទ​សារព័ត៌មាន​កាល​ពី​រសៀល​ថ្ងៃ​ទី ៤ ខែកក្កដា ម្សិលមិញ​នេះ សមត្ថកិច្ច​បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា មូលហេតុ​ដែល​ជន​ដៃដល់​នេះ​សម្លាប់​ជន​រងគ្រោះ គឺ​ដោយ​សារ​តែ​រូប​គេ​ងប់ងល់​នឹង​ល្បែង​អនឡាញ រហូត​ជំពាក់​បំណុល​គេ ទើប​មាន​គំនិត​ប្លន់​យក​លុយ​ម្ចាស់​ហាង ហើយ​ឈាន​ដល់​សម្លាប់​ជន​រងគ្រោះ ដែល​ជា​អ្នក​មើល​ការ​ខុសត្រូវ​ក្នុង​ហាង​នោះ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​សង្ស័យ អ៊ឹង ចាន់រតនៈ អាយុ​២៥​ឆ្នាំ មាន​មុខ​របរ​ជា​អ្នក​លក់​ដូរ ស្នាក់​នៅ​ភូមិ​ព្រែក​តានូ សង្កាត់​ចាក់​អង្រែលើ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ មាន​ប្រពន្ធ​និង​កូន​ម្នាក់ បាន​ងប់​នឹង​ល្បែង​អនឡាញ ហើយ​បាន​យក​ម៉ូតូ​ពូ​របស់​ខ្លួន​ទៅ​បញ្ចាំ​បាន​ប្រាក់ ១,១០០​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​យក​ទៅ​លេង​ហ្គេម​ចាញ់​អស់ ទើប​រៀប​គម្រោង​សម្លាប់​ជន​រងគ្រោះ។

ជន​រងគ្រោះ​បាន​ទិញ កាំបិត​ពីរ គឺ​កាំបិត​ចុង​ស្រួច និង​កាំបិត​ប៉័ងតោ ដាក់​ក្នុង​កាបូប​រួច​ជា​ស្រេច ហើយ​ចូល​ទៅ​ហាង Internet ។ ជន​ដៃដល់​បាន​ហៅ​ជន​រងគ្រោះ​ទៅ​បន្ទប់ទឹក​ដោយ​ប្រាប់​ថា​បង្គន់​ស្ទះ ហើយ​ក៏​ធ្វើ​សកម្មភាព​ចាក់​ជន​រងគ្រោះ​ពីក្រោយ ដោយ​កាំបិត​ចុង​ស្រួច ចំនួន ប្រមាណ ៨​កាំបិត ហើយ​ក៏​ប្រតាយ​ប្រតប់​គ្នា ហើយ​ជន​ដៃដល់​ក៏​ចាក់​ថែម​ទាំងអស់ ១២​កាំបិត បណ្ដាល​ឲ្យ​ជន​រងគ្រោះ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង។

លោក សំ ឫទ្ធីវាសនា អ្នក​នាំ​ពាក្យ អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល បាន​ថ្លែង​ថា ព្រះរាជ​អាជ្ញា​រង ឯក ស៊ុនរស្មី សម្រេច​ចោទ​ប្រកាន់​ជន​សង្ស័យ​ពី​បទ «ឃាតកម្ម​គិត​ទុក​មុន» តាម​មាត្រា ២០០ នៃ​ក្រម​ព្រហ្មទណ្ឌ រួច​បញ្ជូន​ទៅ​ចៅ​ក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី។ បទ​ល្មើស​គិត​ទុកមុន កំណត់​ការ​ផ្ដន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ប្រសិនបើ​តុលាការ​រក​ឃើញ​ថា ជន​សង្ស័យ​បាន​ប្រព្រឹត្ត​បទ​ល្មើស​មែន។

គួរ​រំលឹក​ថា កាល​ពី​ល្ងាច​ថ្ងៃទី ២ ខែកក្កដា ឆ្នាំ​២០១៧ មាន​ករណី​ឃាតកម្ម​ដ៏​សាហាវ​និង​រន្ធត់​មួយ និង​បង្ក​ការ​ភ្ញាក់​ផ្អើល ដែល​យុវជន​ម្នាក់​ឈ្មោះ រ័ត្ន ពុទ្ថា អាយុ ២១​ឆ្នាំ ត្រូវ​ជនសង្ស័យ ចាក់​​ចំនួន ១២ កាំបិត​ស្លាប់​ក្នុង​ថ្លុកឈាម​ក្នុង​បន្ទប់​ទឹក យ៉ាង​អាណោចអាធ័ម ក្នុង​ហាង​អ៊ីនធឺណិត យីហោ ក្រុងណេត ស្ថិត​ក្នុង​ភូមិ តាខ្មៅ​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​ជន​សង្ស័យ​ក៏​រត់​គេច​ខ្លួន​បាត់។ ជា​លទ្ធផល ឈាម​ស្រែក​ស្បែក​ហៅ គេច​មិន​ផុត​ពី​ក្រញាំ​ដៃ​សមត្ថកិច្ច​ឡើយ។