ស្ដ្រី​ម្នាក់​មាន​ជម្ងឺ​គាំង​បេះ​ដូង​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ​បង្ក​ការ​ភ្ញាក់​ផ្អើល

ក្រុង​តា​ខ្មៅ​: ស្ដ្រី​ម្នាក់​ដែល​មាន​ជម្ងឺ​គាំង​បេះ​ដូង​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ជ័យ​ជំនះ​​បង្ក​ការ​ភ្ញាក់​ផ្អើល​កាល​ពី
ថ្ងៃ​ទី​០៥​.០៧.​២០១៧​វេលា​ម៉ោង​០៦.​៣០​នាទី នៅ​ចំណុច​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ជ័យ​ជំនះ​ភូមិ​ក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ស្ដ្រី​រងគ្រោះ​​ឈ្មោះ គុន ស៊ី​ដេត ភេទស្រី អាយុ​៣៤​ឆ្នាំ​ស្រុក​កំណើត​ភូមិ​កណ្តាលកោះ ឃុំ​កោះ​អន្លង់​ចិន ស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្ន​ ស្នាក់​នៅ​​ផ្ទះ​ជួល​ភូមិ​ព្រែក​ហូ​លិច សង្កាត់​ព្រែក​ហូរ​ក្រុង​​តាខ្មៅ​ ខេត្ត​​កណ្តាល មុខ​របរ កម្ម​ការិនី​រោង​ចក្រ​(SMS)​ព្រែក​ហូរ​ ក្រុងតា​ខ្មៅ​ខេត្ត​កណ្ដាល ។

យោង​តាម​ការ​បំភ្លឺ​របស់​គ្រូពេទ្យ​និង​អ្នក​ស្នាក់​នៅ​បន្ទប់ ជួល​ជិត​គ្នា​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​ជម្ងឺ​បេះ​ដូង​ប្រចាំ​កាយ​តាំង​ពី​នៅ​ក្មេង​មក ហើយ​​បច្ចុប្បន្ន​​ថែម​ទាំ​ង​មាន​ជម្ងឺ ទឹក​នោម​ប្រៃ​ទៀត​ផង លុះ​ដល់​ថ្ងៃ​ខែ​ឆ្នាំ​កើត​ហេតុ​ខាង​លេី​វេលា​ម៉ោង​៥.៤០​នាទី​ដោយ​ជម្ងឺ​ធ្វើ​ទុក្ខ​កាន់​តែ​ខ្លាំង ទើប​អ្នក​ជិត​ខាង​ជួល​ផ្ទះ​ក្បែរ​គ្នា​៣​ទៅ​៤​នាក់​បាន​ដឹក​ជន​រង​គ្រោះ​​មក​ព្យាបាល នៅ​មន្ទីរ​ពេទ្យជ័យ​ជំនះ​ពេល​មក​ដល់​មន្ទីរ​ពេទ្យ​អ្នក​ជំងឺ​បែក​ពពុះ​មាត់​និង​ខ្សោយ​ខ្លាំង​ហេីយ​ត្រូវ​ក្រុម​គ្រូពេទ្យ​ប្រចាំ​ការ​ជួយ​សង្គ្រោះ​ដាក់​សេ​រ៉ូម​ហេីយ​តែ​ដោយ​ស្ថាន​ភាព​អ្នក​ជំងឺ​ធ្ងន់​ធ្ងរ​ខ្លាំង មន្ទីរ​ពេទ្យ​បាន​រៀប​ចំ​រថយន្ត​ដើម្បី​ដឹក​បញ្ជូន​ទៅ​បន្ត​ប៉ុន្តែ​មិន​ទាន់​បាន​បញ្ជូន​ទៅ​ផង​ជន​រង​គ្រោះ ដាច់​ខ្យល់​ស្លាប់​នៅ​វេលា​ម៉ោង​កើត​ហេតុ​ខាង​លើ ។
ចំណែក​សព​ខាង​គ្រូពេទ្យ​បាន​ប្រគល់​ជូន​សាច់ញាតិ​និង​គ្រួសារ​ដេីម្បី​យក​ទៅ​ធ្វេី​បុណ្យ​នៅ​ឯ​ស្រុក​កំណេីត​តាម​ប្រពៃណី ៕