អញ្ចឹង​ទេតើ ទើប​បាន​បាត់​អ្នកនាង អ៊ុំ គន្ធា ពី​សិល្បៈ​ឲ្យ​ឈឹង

ភ្នំពេញ៖ អ្នក​នាង អ៊ុំ គន្ធា ដែល​ជា​តារា​ចម្រៀង​ក្នុង​ទសវត្ស​ឆ្នាំ​១៩៩០ និង ២០០០ ដែល​តែង​តែ​មាន​វត្តមាន​ក្នុង​កញ្ចក់​ទូរទស្សន៍ នោះ ស្ងាត់​ៗ​ក៏​បាត់​មុខ​ពី​វិស័យ​សិល្បៈ​រហូត​ដល់​បច្ចុប្បន្ន។ ថ្មី​ៗ​នេះ ក៏​លេច​មុខ​អ្នក​នាង ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​ថែម​ទាំង​ជា​អ្នក​ជំងឺ​ផ្ទុក​មេរោគ​អេដស៍​អស់​រយៈ​ពេល​១៤​ឆ្នាំ​ទៀត​ផង។ នេះ​បើ​យោង​តាម​គណនី​ហ្វេសប៊ុក​របស់​លោក អ៊ឹម ជីវ៉ា ដែល​បាន​បង្ហោះ​កាល​ពី​រសៀល​ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០១៧​នេះ។

ប្រភព​ពី​ហ្វេសប៊ុក លោក អ៊ឹម ជីវ៉ា​បាន​បន្ត​ទៀត​ថា «តារា​ចំរៀង អ៊ុំ គន្ធា គឺ​ជា​តារា​ចម្រៀង ស៊ិចស៊ី​ ដែល​ល្បីល្បាញ ដែល​ទទួល​ការ​គាំទ្រ តែ​ដោយ​សារ​តែ​អ្នកនាង មាន​ផ្ទុក​មេរោគ​អេដស៍ ធ្វើ​អោយ​អ្នក​នាង​បាក់​ទឹកចិត្ត​គេច​មុខ​ពី​វិស័យ​សិល្បៈ សំងំ​រស់​នៅ​ជាមួយ​ម្តាយ​យ៉ាង​ស្ងៀម​ស្ងាត់។» ប្រភព​បាន​បញ្ជាក់​ទៀត​ថា បើ​គិត​មក​ត្រឹម​ឆ្នាំ​២០១៧​នេះ មាន​រយៈ​១៤​ឆ្នាំ​ហើយ ដែល​អ្នកនាង​ផ្ទុក​មេរោគ​ដ៏​សាហាវ​មួយ​នេះ ហើយ​សព្វថ្ងៃ អ្នក​នាង​រស់​នៅ​ក្នុង​ភូមិ​វិមាន​ទ្រុង សង្កាត់​ក្រាំង​ធ្នង់ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា សព្វថ្ងៃ អ្នក​នាង​រស់​នៅ​ក្នុង​ជីវភាព​ខ្វះ​ខាត និង​ត្រូវ​ចិញ្ចឹម​កូន​ពីរ​នាក់​ទៀត​ផង។ ចំណែក​កូន​ពៅ​របស់​អ្នក​នាង ក៏​ផ្ទុក​មេរោគ​អេដស៍​ដែរ ម្យ៉ាង​ទៀត ម្ដាយ​អ្នក​នាង​ក៏​មាន​ជំងឺ​ធ្ងន់​ទៀត។

ប្រភព​បាន​ស្នើ​សុំ​បងប្អូន​ប្រិយមិត្ត​មេត្តា​ជួយ Share ផង វា​ពិត​ជា​អនិច្ចា ជីវិត​របស់​អ្នកនាង អ៊ុំ គន្ធា ផ្ទុក​មេរោគ​អេដស៍​អស់​រយៈ​ពេល ១៤​ឆ្នាំ​ហើយ​នោះ។

អេដស៍​ជា​ជំងឺ​ដ៏​កាច​សាហាវ ដែល​បំផ្លាញ ធ្វើបាប​មនុស្ស​លោក​ជា​ច្រើន​ទសវត្ស​មក​ហើយ ហើយ​បន្សល់​ទុក​នូវ​កុមារ​កំព្រា​ជា​ច្រើន​រាប់​ស្ទើរ​មិន​អស់។ ហេតុ​ដូច្នេះ​សូម​បងប្អូន​ប្រិយមិត្ត​មេត្តា​កុំ​រើសអើង​ជន​រងគ្រោះ​ដោយ​សារ​មេរោគ​មួយ​នេះ​អី ហើយ​មេត្តា​ជួយ​​​អ្នក​នាង​តាម​លទ្ធភាព ឬ​ជួយ​លើកទឹកចិត្ត អ្នក​នាង​​ផង​។

ទោះ​យ៉ាងណា សារព័ត៌មាន​ដំណឹង​យប់​មិញ មិន​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​ប្រភព​ព័ត៌មាន ឬ​សាមី​ខ្លួន​បាន​នៅ​ឡើយ​ទេ។ បើ​ប្រភព​ព័ត៌មាន​ឬ​សាមី​ខ្លួន​ចង់​បំភ្លឺ​បន្ថែម ស្ថាប័ន​យើង​ខ្ញុំ​រីករាយ​ស្វាគមន៍​គ្រប់​ពេល។ សូម​អរគុណ!