ធ្លាយឧស្ម័នអាម៉ូញ៉ាក់២លើក គណៈកម្មារការ ចម្រុះ ចុះបិទទីតាំងផលិតទឹកកកគ្មានច្បាប់ទម្លាប់

រាជធានី​ភ្នំពេញ: គណៈ​កម្មារ​ការ​ចម្រុះ រួម​មាន​ម​ន្ត្រី​មន្ទីរ​ឧស្សាហ​កម្ម ប្រធាន​ការិយា​ល័យ​ខណ្ឌ អធិការ​រង មេ​បញ្ជា​ការ​រង​អាវុធ​ហត្ថ ដឹក​នាំ​ដោយ​លោក​ឌី រ័ត្ន​ខេម​រុណ អភិបាល​រង​ខណ្ឌ​មាន​ជ័យ បាន​ចុះ​ផ្អាក​ទី​តាំង​ផលិត​ទឹកកក​មួយ​កន្លែង ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ក្នុង​ភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មាន​ជ័យ ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ ពិសេស​ធ្លាប់​កើត​មាន​បាតុ​ភាព​ធ្លាយ​បំពង់​ឧស្ម័ន​អាម៉ូ​ញ៉ាក់ ចំនួន​២​លើក បង្ក​អោយ​ឧស្ម័ន​សាយ​ភាយ​មក​ខាង​ក្រៅ​របួស​មនុស្ស​៦​នាក់​ផង​ដែរ ។

លោក ឌី រ័ត្ន​ខេម​រុណ អភិបាល​រង​ខណ្ឌ​មាន​ជ័យ អោយ​ដឹង​ថា ដោយ​មាន​បញ្ជារ​ផ្ទាល់​ពី ឯក​ឧត្តម​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជារ​អោយ​អាជ្ញា​ធរ​ខណ្ឌ​មាន​ជ័យ ធ្វើ​យ៉ាង​ណា​ត្រូវ​សហការ​ជា​មួយ​មន្ត្រី​ជា​ពាក់​ព័ន្ធ​ចុះ​បិទ​ទី​តាំង​ផលិត​ទឹកកក​ខាង​លើ​នេះ​ជា​បន្ទាន់ ក្រោយ​កើត​មាន​បាតុ​ភាព​ធ្លាយ​បំពង់​ឧស្ម័ន​អាម៉ូញ៉ាក់ ចំនួន​២​លើក បង្ក​អោយ​មាន​ហនិ​ភ័យ​ធ្ងន់​ធ្ងរ​ដល់​សុខ​ភាព​ពល​រដ្ឋ ។

អភិបាល​រង​ខណ្ឌ​មានជ័យ ដដែល​បន្ត​ថា ទី​តាំង​ខាង​លើ​នេះ គឺ​ជា​ទី​តាំង​គ្មាន​ច្បាប់​ទម្លាប់​ត្រឹម​ត្រូវ​ពី​ក្រសួង ឬ​មន្ទីរ​ពាក់​ព័ន្ធ​ឡើយ ហើយ​ចំពោះ​សង្វាក់​ផលិត​កម្ម នៃ​ការ​ផលិត​ទឹក​កក គឺ ពុំ​មាន​លក្ខណះ​បទ​ដ្ឋាន​បច្ចេក​ទេស​តាម​ជំនាញ​អ្វី​ទាំង​អស់ ។

គួរ​រំលឹក​ថា ទី​តាំង​ខាង​លើ គឺ​ធ្លាប់​កើត​មាន​បាតុ​ភាព​ធ្លាយ​បំពង់​ឧស្ម័ន​ចំនួន​២​លើក ដែល​លើក​ទី​១​កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ២០១៦ និង​លើក​ទី​២ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ កក្កដា ២០១៧ ។ ចំពោះ​ករណី​ទាំង​២​លើក បាន​បណ្តាល​អោយ​មន្ត្រី​នគរបាល​ជំនាញ​អគ្គីភ័យ ៦​នាក់​ត្រូវ​រង​របួស​សន្លប់​ជា​ច្រើន​ម៉ោង ។

កាល​ពី​ពេល​កន្លង​ទៅ ឯក​ឧត្តម​ចាន់ ប៉ូរិន អគ្គ​នាយក នៃ​វិទ្យា​ស្ថាន​ស្តង់​ដារ​កម្ពុជា ឧស្ម័ន​អា​ម៉ូ​ញាក់ គឺ​ជា​ឧស្ម័ន​ដែល​អាច​ធ្វើ​អោយ​ទឹកក កក​លឿន​ឆាប់​រហ័ស​បំផុត ។ បន្ថែម​ពី​នោះ ផល​ប៉ះ​ពាល់​របស់​វា គឺ​វា​អាចធ្វើ​អោយ​មនុស្ស​ហូរ​ទឹក​ភ្នែក អស់​កម្លាំង និង​ស្លេក​ស្លាំង​ជា​ដើម ប្រសិន​បើ​យើង​ស្រូប​ក្លិន​របស់​វា​ចូល​ក្នុង​ខ្លួន​ប្រាណ​តិច​ល្មម ។ ប៉ុន្តែ​ក្នុង​ករណី ប្រសិន​បើ​យើង​ស្រូប​ក្លិន​នេះ​ចូល​ក្នុង​ខ្លួន​ប្រាណ​ច្រើន វា​អាច​បង្ក​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​សួត​របស់​យើង និង​ពិសេស​អាច​អោយ​មនុស្ស​សន្លប់​បាត់​បង់​ស្មារតី​ក្នុង​ពេល​មួយ​បប្រិច ៕