រថយន្ត​ឡិច​សុីស​RX470 បើក​បត់​លឿន​ទៅ​បុក​ម៉ូតូ​ជិះ​បញ្ច្រាាស​គ្នាបណ្ដាលឲ្យ​​ស្លាប់​ម្នាក់និង​របួស​ម្នាក់

ភ្នំពេញ៖ រថយន្ត​ឡិច​សុីស​LX470​មួយ​គ្រឿង បាន​បើក​បត់​លឿន​មិន​ប្រយ័ត្ន ជ្រុល​ទៅ​បុក​ម៉ូតូ​ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាស​ផ្លូវ​លឿន​ដូច​គ្នា​យ៉ាង​ពេញ​ទំហឹង បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​ពេល​បញ្ចូន​ទៅ​ដល់​មន្ទី​ពេទ្យ និង​នារី​ម្នាក់​ទៀត​រង​របួស​ស្រាល ។ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង១​រំលង​អាធ្រាត ឈាន​ចូល​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​ស្ដុប​លូរ​5 តាម​បណ្ដោយ​ផ្លូវ​វេង​ស្រេង ស្ថិត​ក្នុង​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ហើយ​ក្នុង​ហេតុ​ការណ៍​នេះ អ្នក​បើក​រថយន្ត​ឡិច​សុីស ក៏​បាន​បើក​រត់​បាត់​ស្រមោល​ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​មូល​ដ្ឋាន​ឡើយ ។

បើ​តាម​សម្ដី​ប្រជា​ពលរដ្ឋ​ដែល​ឃើញ​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ​ខាង​លើ បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា មាន​រថយន្ត​ម៉ាក​ឡិច​សុីស​LX470 ពណ៌​ទឹក​ប្រាក់ ពាក់​ស្លាក​លេខ ខេមរៈ​ភូមិន្ទ 2-8788 បើកបរ​ដោយ​បុរស​ម្នាក់ បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​វេង​ស្រេង ទិស​ដៅ​ពី​កើត​មក​លិច​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ ក៏​បាន​បត់​ឆ្វេង​ចូល​ទៅ​ផ្លូវ​សូនី​យ៉ាង​លឿន​មិន​ព្រម​បន្ថយ​ល្បឿន ហើយ​ជ្រុល​បុក​ម៉ូតូ​រងគ្រោះ​ម៉ាក​ស៊ុយ​សុ​គី​ឡែត ពណ៌​ស លាយ​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1FV-0634 ដែល​ជិះ​ដោយ​យុវ​ជន​ម្នាក់​ឌុប​នារី​ម្នាក់​ជា​មួយ​ធ្វើ​ដំណើរ​បញ្ច្រាស​គ្នា ចំពីមុខពេញទំហឹង បណ្ដាល​ឲ្យ​យុវ​ជន​ម្នាក់​រងរបួស​ធ្ងន់​ធ្ងរ និង​នារី​ម្នាក់​ដែល​រួម​ដំណើរ​ជា​រង​របួស​ស្រាល ។
ប្រភព​ដដែល​បាន​បន្ត​ថា យុវជន​រងគ្រោះ​ដែល​របួស​ធ្ងន់ ត្រូវ​បាន​រថយន្ត​សាមុយ​បើក​ទៅ​ដឹក យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​រុស្សុី​ផង​ដែរ តែ​ជា​អកុសល ជន​រងគ្រោះ​ត្រូវ​បាន​ដាច់​ខ្យល់​ស្លាប់​ពេល​ដឹក​ជិត​ដល់​មន្ទីរ​ពេទ្យ ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​មក​កន្លែង​កើត​ហេតុ​វិ​ញ ដើម្បី​ឲ្យ​សមត្ថកិច្ច​មូល​ដ្ឋាន​ធ្វើ​កំណត់​ហេតុ ។ ចំណែក​នារី​រងគ្រោះ​ដែល​របួស​ស្រាល ត្រូវ​បាន​មិត្ត​ភ័ក្រ​ផ្សែង​ទៀត​ដឹក​ទៅ​មន្ទីរ​ពេទ្យ​ឯក​ជន​ផង​ដែរ ។


ក្រោយ​ពេល​កើត​ហេតុ​ភ្លាម​ៗ ភាគី​ខាង​រថយន្ត​បង្ក​មិន​បាន​បើក​ចេញ​ពី​កន្លែង​កើត​ហេតុ​ភ្លាម​ៗ​នោះ​ទេ ដោយ​សារ​តែ​លឺ​ដំណឹង​ថា យុវ​ជន​រងគ្រោះ​ស្លាប់ ក៏​មាន​គ្នា​មក​រំដោះ បើក​​រថយន្ត​រត់​គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង ។

ជនរងគ្រោះ​ដែល​ស្លាប់​បាត់​បង់​ជីវិត​មាន​ឈ្មោះ​ ហ៊ួរ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខ​របរ​កម្មករ​រោង​ចក្រ​នៅ​ម្ដុំ​ទួល​ពង្រ ស្នាក់​នៅ​សង្កាត់​ចោម​​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មាន​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​បាត់​ដំបង ។


ក្រោយ​មក​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ ហើយ​ធ្វើ​ការ​វាស់​វែង យក​ម៉ូតូ​រងគ្រោះ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មាន​ជ័យ រង​ចាំ​បង​ប្អូន​យក​ឯក​សារ​ពាក់​ព័ន្ឋ​ប្រគល់​ឲ្យ​វិញ ចំណែក​សព​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹក​ថ្លា រង់​ចាំ​ស្វែង​រក​សាច់​ញាត្តិ​មក​ទទួល​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕