រថយន្ត​​ឡិច​​សុីស GS.300. បើក​​បុក​​រថយន្ត​រ៉េងរ៉ូវែ​ហើយ ទុក​យូ​ពេក​ក្មេង​ស្ទាវ​ដេញវៃ​គ្នា​មក​បុក​បន្ថែម

ភ្នំពេញ៖ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​នៅ​ស្តុប​ដេ​អិន ខណៈ​ដែល​រថយន្ត​ឡិច​សុីស​ GS.300 បាន​បើកបរ​យ៉ាង​លឿន ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ម៉ាក​រ៉េង​រ៉ូវែ កំពុង​បត់​ឆ្លង​ផ្លូវ​ត្រូវ​ចំហៀង​កង់​ក្រោយ បណ្ដាល​ឲ្យ​រថយន្ត​ទាំង​២​គ្រឿង​រង​ការ​ខូច​ខាត​ទាំង​សង​ខាង​យ៉ាង​ដំណំ សំណាង​ល្អ​មិន​មាន​អ្នក​រង​គ្រោះ។
ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ បាន​បង្ក​ឡើង​កាល​ពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់ ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​ស្តុប​ដេ​អិន (ផ្លូវ​កម្ពុជា​ក្រោម កែង​ផ្លូវ​២១៥ ) ស្ថិត​ក្នុង​សង្កាត់​​មិត្ត​ភាព ខណ្ឌ​7មករា ។

តាម​សម្ដី​ប្រជា​ពលរដ្ឋ​ដែល​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​នោះ​គឺ មាន​រថយន្ត​ម៉ាក រ៉េងរ៉ូវែ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2Q-4823 បើក​ដោយ​នារី​ស្រស់​ស្អាត​ម្នាក់ និង​រួម​ដំណើរ​ជា​មួយ ដោយ​នារី​ស្រស់​ស្អាត​ម្នាក់​ទៀត​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៥ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​ល្មម ខណៈ​មក​ដល់​ចំណុច​ស្តុប​ដេ​អិន​ក៏​បាន​បត់​ឆ្វេង​ឆ្លង​ផ្លូវ ហើយ​ភ្លាម​ៗ​នោះ​ដែរ ក៏​មាន​រថយន្ត​បង្ក​ម៉ាក​ឡិច​សុីស​ GS.300 ពណ៌​ស្ក ពាក់​ស្លាក​លេខ ភ្នំពេញ​2T-។25​26 បើក​ដោយ​បុរស​ម្នាក់ ស្រវឹង​ស្រា ជោគ​ និង​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៥ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​មិន​ប្រយ័ត្ន​ផង​នោះ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​រ៉េងរ៉ូវែ ចំ​កង់​ក្រោយ​ចំ​ហៀង​ខាង​ស្ដាំ បណ្ដាល​ឲ្យ​រថយន្ត​ម៉ាក​រ៉េងរ៉ូវែ កំពិត​គូទ​បណ្ដាល​ឲ្យ​រង​ការ​ខូច​ខាត ។

ចំណែក​រថយន្ត​បង្ក​ម៉ាក​ឡុច​សុីស​ GS.300 វិញ​​បាន​ផ្លោង​បន្ត​ទៅ​មុខ​ប្រហែល​៥០​ម៉ែត្រ​ទើប​អស់​ល្បឿន និង​ដាច់​កាឡែ​កង់​មុខ​ផ្នែក​ខាង​ស្ដាំ​យ៉ាង​ដំណំ​ផង​ដែរ ។ ហើយ​សំណាង​ល្អ​ណាស់ ដែរ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​មិន​បង្ក​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ឡើយ។

ក្រោយ​ពេល​កើត​ហេតុ ម្ចាស់​រថយន្ត​បង្ក​ឡិច​សុីស​ បាន​ចុះ​គេច​ខ្លួន​បាត់ ទើប​សមត្ថកិច្ច​មូល​ដ្ឋាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ និង​បាន​ពន្យា​ពេល​ជាង​១​ម៉ោង​ទុក​រថយន្ត​រងគ្រោះ​និង​រថយន្ត​បង្ក​នៅ​កន្លែង​កើត​ហេតុ រួម​ទាំង​មិន​បាន​ដាក់​របស់អ្វី​ជា​សម្គាល់​នៅ​កន្លែង​កើត​ហេតុ ដែល​ធ្វើ​ឲ្យ​មាន​យុវជន​២​នាក់​ជិះ​ម៉ូតូ​ម៉ាក ហុង​ដា​ឌ្រីម សេរី​2016 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនៈគីរី 1B-4558 បាន​ឌុប​គ្នា​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម ទិស​ដៅ​ពី​លិច​ទៅ​កើត​យ៉ាង​លឿន ព្រោះ​តែ​មាន​ក្មេង​ស្ទាវ​មួយ​ក្រុម​ប្រមាណ​៥​នាក់​ជិះ​ម៉ូតូ​ដេញ​វៃ ដោយ​ធ្វើ​ឲ្យ​យុវ​ជន​២​នាក់​ភិត​ភ័យ​និង​ជិះ​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​រថយន្ត​រង​គ្រោះ​ម៉ាក រ៉េងរ៉ូវែ ចំ​ពី​កង់​ពី​ចហៀង​មុខ​ខាង​ឆ្វេង​បន្ថែម​ទៀត បណ្ដាល​ឲ្យ​រង​ការ​ខូច​ខាត​ទាំង​ម៉ូតូ​និង​រថយន្ត ហើយ​ធ្វើ​ឲ្យ​យុវ​ជន​រងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​រង​របួស​បែក​មុខ​មាត់​ផង​ដែរ ។

ក្រោយ​មក​ទើប​សមត្ថកិច្ច​ធ្វើ​ការ​វាស់​វែង ស្ទួច​យក​រថយន្ត​បង្ក​និង​រថយន្ត​រង​គ្រោះ រួម​ទាំង​ម៉ូតូ​១​គ្រឿង​ទៀត​ដែល​ជិះ​បុក​រថយន្ត​រងគ្រោះ យក​ទៅ​រក្សា​ទុក​នៅ​ស្នង​ការ​នៃ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ រង​ចាំ​ភាគី​ទាំង​៣ ចូល​ខ្លួន​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់៕