ធ្លាប់​តែ​ឮ​គេ​ថា សមត្ថកិច្ច​មាន​រហ័ស​នាម ​តែឥឡូវ​សេដ្ឋី​ក៏​មាន​រហ័ស​នាម​​ជា «អាត់កឺ»ដែរ

ជា​អ្នក​វិនិយោគ​ដ៏​មាន​ឥទ្ធិពល​និង​រឹង​មាំ​បំផុត​អស់​រយៈពេល​ជា​ច្រើន​ទស​វត្ស​នៅ​ក្នុង​ពិភព​ជំនួញ​នៅ​កម្ពុជា​ក៏​ដូច​ជា​ក្រៅប្រទេស ដែល​មហាជន​ដាក់​រហស្សនាម​ក្រៅផ្លូវការ​ឲ្យ​លោក​ឧកញ៉ា ពុង ឃាវ​សែ ថា ជាតា​រា​ជំនួញ​អាត់​កឺ ដែល​ជា​អ្នកជំនួញ​លេចធ្លោ​ជាងគេ​ក្នុង​ចំណោម​ឧកញ៉ា​ទាំងអស់​នៅ​កម្ពុជា​ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ព័ត៌មាន​អេ​ឡិច​ត្រូ​និក​«​ខេ​ម​បូ​ណូ​មី​ស​» ។

នៅ​ក្នុង​បទ​សម្ភាសន៍​ផ្តាច់មុខ លោក ពុង ឃាវ​សែ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​««​ខ្ញុំ​មាន​អំ​រែក​ធ្ងន់​ណាស់​សម្រាប់​បុគ្គលិក​របស់ខ្ញុំ​ប្រមាណ​ជាង ១​ម៉ឺន ៤​ពាន់​នាក់ និង​ការ​ជួយ​អភិវឌ្ឍ​ប្រទេស​ជាតិ​របស់ខ្ញុំ​។ ដូច្នេះ ខ្ញុំ​មិន​អាច​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​ប្អូន (​ខេ​ម​បូ​ណូ​មី​ស​) ថា ខ្ញុំ​ចូល​និវត្តន៍​ពី​ការងារ​មុខ​ជំនួញ​របស់ខ្ញុំ​នៅ​ពេល​ណា​នោះ​ឡើយ​»​។

បើ​តាម​«​ខេ​ម​បូ​ណូ​មី​ស​»​ដដែល​បច្ចុប្បន្ន អ្នកឧកញ៉ា ពុង ឃាវ​សែ មាន​តួនាទី​សំខាន់​ៗ​ជា​ច្រើន ដូច​ជា ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ធនាគារ កា​ណា​ឌី​យ៉ា អគ្គនាយក​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) ប្រធាន​សមាគម​អ្នក​សាងសង់​កម្ពុជា ប្រធាន​សមាគម​ធនាគារ​កម្ពុជា ប្រធាន​សមាគម ខែ្ម​រ​-​ចិន និង​តួនាទី​ជា​ច្រើន​ទៀត​។

លោក​ឧកញ៉ា ពុង ឃាវ​សែ បាន​វិនិយោគ​ស្ទើរតែ​គ្រប់​វិស័យ​ទាំងអស់​នៅ​កម្ពុជា ប៉ុន្តែ អ្វី​ដែល​លេចធ្លោ​ជាងគេ ជា​មុខ​ជំនួញ​ធំ​ៗ​ល្បី​ៗ​ជាងគេ​ចំនួន​ពីរ គឺ​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​ធនាគារ ហិរញ្ញវត្ថុ និង សំណង់​អចលនទ្រព្យ​។ លោក​ក៏​មាន​ធនាគារ ប្រៃសណីយ៍​កម្ពុជា ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត សុវណ្ណ​ភូមិ និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ Cambodia-Vietnam Insurance Plc. ។ លោក​បាន​វិនិយោគ​ទៅ​លើ​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា ដែល​មាន​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ប្រមាណ​ជិត ៥០​រោងចក្រ បូក​រួម​ជាមួយនឹង​ផ្សារ ឃ្លាំង​ស្តុក​ទំនិញ ជា​ច្រើន​ទៀត ។

វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​លើ​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ចំនួន​ពីរ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ទី​១ ទីក្រុង​រណប​កោះ​ពេជ្រ ដែល​បច្ចុប្បន្ន​កំពុង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ទេសចរណ៍ ដ៏​ទាក់ទាញ​បំផុត​សម្រាប់​រាជធានី​ភ្នំពេញ ជាទី​កន្លែង​បណ្តុំ​ទៅ​ដោយ​អគារ​ពាណិជ្ជកម្ម​ធំ​ៗ ខ្ពស់​ៗ ដូច​ជា អគារ​ស្នាក់​នៅ​រួម ខុន​ដូ ផ្សារ​ទំនើប សណ្ឋាគារ ដែល​ភាគច្រើន​វិនិយោគ​ដោយ​ចិន ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

ទី​២ គឺ​ទីក្រុង​រណប​ជ្រោយចង្វារ ទីក្រុង​នៃ​អនាគត ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា OCIC ក្រោម​ទុន​វិនិយោគ​ចំនួន ១៦០០​លាន​ដុល្លារ​អា​មេ​រិ​ក​នោះ កំពុង​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន ក្នុង​គម្រោង​ប្លង់​មេ និង​មានការ​សាងសង់​អគារ​ពាណិជ្ជកម្ម​ធំ​ៗ ផ្សារ​ទំនើប លំនៅ​ដ្ឋា​ន​ប្រណីត​ៗ អគារ​ស្នាក់​នៅ​រួម និង​កន្លែង​កម្សាន្ត​ផ្សេង​ៗ​ទៀត​។

បើ​តាម​ព័ត៌មាន​អេ​ឡិច​ត្រូ​និក​«​ខេ​ម​បូ​ណូ​មី​ស​» អ្នកឧកញ៉ា ពុង ឃាវ​សែ បាន​បោះទុន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ទៅ​លើ​គម្រោង​បុរី​លំនៅ​ដ្ឋា​ន និង​អគារ​ពាណិជ្ជកម្ម​ធំ​ៗ ជា​ច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដូច​ជា បុរី​ទន្លេបាសាក់ បុរី​ចម្ការមន បុរី​វរជន អូ​ឡាំ​ព្យា​ស៊ី​ធី នៅ​ជុំវិញ​ស្តា​ត​អូ​ឡាំ​ពិ​ក សាន់​វ៉េ ស៊ី​ធី ទួល​គោក លំនៅ​ឋាន​ជា​ច្រើន​នៅ​ជុំវិញ​ផ្សារ​ទំនើប​រតនា​ផ្លា​ហ្សា និង​ទល់មុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ អគារ​ផ្សារ​ទំនើប​សូ​រិ​យា សុ​វ​ណ្ណា អគារ​ខុន​ដូរ​… និង​បុរី​លំនៅ​ឋាន នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដូច​ជា សៀមរាប បាត់ដំបង និង​ខេត្ត​ព្រះ​សីហ​នុ ។​ ល ។