កំណត់​មុខសញ្ញា​ឃាតក​បាន​ហើយ ករណី​ចាក់​១២​កាំបិត​សម្លាប់​ក្នុង​បន្ទប់​ទឹក (មាន​វីដេអូ)

ខេត្តកណ្ដាល៖ ហេតុ​ការណ៍​ដ៏​រន្ធត់​មួយ​បាន​កើត​ឡើង​កាល​ពី​ល្ងាច​​ថ្ងៃ​ទី ២ កក្កដា ឆ្នាំ​២០១៧ គឺ​យុវជន​ម្នាក់​ត្រូវ​ឃាតក​ចាក់ យុវជន​ម្នាក់​១២​កាំបិត​បណ្ដាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុក​ឈាម ក្នុង​បន្ទប់​ទឹក នៃ​ហាង Internet យីហោ ក្រុងណេត ស្ថិត​នៅ​ផ្ទះ​លេខ ២៥១ ផ្លូវ​២០៥ ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ នៅ​ក្រុង​តាខ្មៅ។​

ជន​រងគ្រោះ​ឈ្មោះ រ័ត្ន ពុទ្ធថា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជាបុគ្គលិក​ធ្វើ​ការ​នៅ​ហាង​ខាង​លើ មាន​ស្រុក​កំណើត​នៅ ភូមិស្ដុក ឃុំ​ស្ដុក ស្រុក​គង​ពិសី ខេត្ត​កំពង់ស្ពឺ ស្នាក់​នៅ​ផ្ទះ​កើតហេតុ​ខាង​លើ។​​

យោង​វីដេអូ​ពីរ​កាមេរ៉ា​សុវត្ថិភាព និង​ការ​បំភ្លឺ​របស់​សាក្សី​ម្នាក់​ដែល​ចូល​លេង​ហ្គេម​ក្នុង​ហាង​អ៊ិនធឺណិត​ខាង​លើ​​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គេ​បាន​ឃើញ​យុវជន​ម្នាក់ សម្បុរ​ស អាយុ​ប្រហែល​២០​ឆ្នាំ ពាក់​អាវ​ដៃ​វែង​ពណ៌​ផ្កាឈូក ស្លៀក​ខោ​ជើង​វែង​ពណ៌​ខ្មៅ ស្ពាយ​កាបូប​ពណ៌​ខ្មៅ បាន​ចូល​លេង​ហ្គេម​ទូរ​លេខ​៧។ លុះ​ដល់​វេលា​កើត​ហេតុ ជន​សង្ស័យ​ក៏​ដើរ​ទៅ​បន្ទប់​ទឹក ហើយ​ក៏​ស្រែក​ហៅ​ជន​រងគ្រោះ​២​ដង ដោយ​ប្រាប់​ថា​បន្ទប់​ទឹក​ស្ទះ ពេល​នោះ​ជន​រងគ្រោះ​ក៏​ដើរ​ទៅ​តាម​ដើម្បី​មើល​បន្ទប់​ទឹក​នោះ ស្រាប់តែ​ឮ​សម្រែក​ជន​រងគ្រោះ​ថា «បង​កុំ​ៗ» ហើយ​ជន​សង្ស័យ​ក៏​ដើរ​ចេញ​មក​ហៅ​សាក្សី​ឲ្យ​ចូល​ទៅ​ទៀត​ដោយ​ប្រាប់​ថា ជន​រងគ្រោះ​បាន​ដួល​បោក​ក្បាល​ក្នុង​បន្ទប់​ទឹក តែ​គាត់​មិន​បាន​ចូល​ទៅ​មើល​ទេ ហើយ​ក៏រត់​ចេញ​មក​ក្រៅ ស្រែក​ហៅ​សន្តិសុខ និង​អ្នក​ជិត​ខាង​ឲ្យ​មក​ជួយ ខណៈ​នោះ​ជនសង្ស័យ​ក៏រត់​ចេញ​ពី​ក្នុង​ផ្ទះ ហើយ​រត់​តាម​បណ្ដោយ​ផ្លូវ​ទៅ​ត្បូង​បាត់។​​

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច​បាន​ចុះ​ពិនិត្យ ចំណែក​សាកសព​បាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើ​បុណ្យតាម​ប្រពៃណី​​នៅ​ស្រុក​កំណើត។​