ថៅកែ​ចិន និង​ស្ត្រី​មេការ​ទៅ​តុលាការ នារី​១០​នាក់​ប្រគល់​ទៅ​​ក្រសួង​សង្គមកិច្ច

ភ្នំពេញ ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូ​មនុស្ស និង​ការពារ​អ​និ​តិ​ជន​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​ទីតាំង​ក្លឹ​ប​ម៉ាស្សា​មួយ​កន្លែង ដោយ​បង្កប់​សេវាកម្ម​បម្រើ​ផ្លូវភេទ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ កក្កដា ២០១៧ នៅ​ចំណុច​ហាង យីហោ «​ឡុ​ង​ឈាន​គី​ក្លឹ​ប​ម៉ាស្សា​» តាម​បណ្តោយ​ផ្លូវ​លេខ​៣១៥ ស្ថិត​ក្នុង​សង្កាត់​បឹ​ក​កក់​ទី​១ ខណ្ឌទួលគោក ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ធ្វើការ​ចុះ​បង្ក្រាប​ទីតាំង​នេះ កម្លាំង​បាន​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​អស់​រយៈពេល​ជា​យូរ​មក​ហើយ ទើប​ឈាន​ដល់​ការ​ចុះ​បង្ក្រាប និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​មនុស្សចំនួន​១២​នាក់ ក្នុង​នោះ​មាន​ប្រុស​ជា​ថៅកែ​ម្នាក់ ។

សមត្ថកិច្ច​បន្ត​ថា ជនសង្ស័យ​ជា​ថៅកែ​ភេទ​ប្រុស​ជា​ជនជាតិ​ចិន និង​មេការ​ជា​ជនជាតិ​វៀន​ណា​ម​ម្នាក់ រួម​ទាំង​នារី​ជា​បុគ្គលិក​ចំនួន​១០​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​៦​នាក់ ជនជាតិ​ចិន​២​នាក់ រួមនិង​ជនជាតិ​វៀតណាម​២​នាក់​ផង​ដែរ និង​ស្រោមអនាម័យ​ដែល​ប្រើ​រួច និង​មិន​ទាន់​ប្រើ​មួយ​ចំនួន​ ។

ប្រភព​ពី​សមត្ថកិច្ច​ប្រឆាំង​ការ​ជួញដូ​មនុស្ស និង​ការពារ​អ​និ​តិ​ជន​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​កម្លាំង​ជំនាញ​ស៊ើបអង្កេត​ឃើញ​ទីតាំង​ខាងលើ​បាន​ប្រព្រឹត្ត​អំពើ​សញ្ចា​កម្ម បើក​បម្រើសេវា​ផ្លូវភេទ​ទើប​កម្លាំង​នគរបាល​ដឹកនាំ​ដោយ​លោក ចាន់​កិ​ក្តិ​ខុ​ម ស្នងការ​រង​រាជធានី​ភ្នំពេញ​ដឹកនាំ​ការិយាល័យ​ជួញដូរ​មនុស្ស និង​មានការ​សម្របសម្រួល​ពី​លោក គុ​ជ គី​ម​ឡុ​ង ព្រះរាជអាជ្ញា​រង​នៃ​អយ្យកា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមទាំង​កម្លាំង​នគរបាល​មូលដ្ឋាន អាជ្ញាធរ បើក​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ខាងលើ​ដែល​បាន​ប្រព្រឹត្ត​ជាក់ស្តែង​អំពើ​សញ្ចា​កម្ម ។

ក្រោយ​ពី​ឃាត់ខ្លួន​មនុស្ស​ប្រុស​-​ស្រី​ពាក់ព័ន្ធ​ទាំង​១២​នាក់​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​កាន់​ការិយាល័យ​ជំនាញ​ស្នងការ​រាជធានី​ភ្នំពេញ​ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី ដោយឡែក​ទីតាំង​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​បិទ​ជាប​ណ្ណោះ​អាសន្ន​ ។

ព័ត៌មានចុងក្រោយ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៧​នេះ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការ​រាជធានី​ភ្នំពេញ កំពុងធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ម្ចាស់ ហាង​ម៉ាស្សា​ឡុ​ង​ឈាន​គឺ​ និង​ស្ត្រី​មេការ​ម្នាក់ បញ្ជូន​ទៅ​តុលាការ ដើម្បី​ជម្រះ​ទោស ពាក់ព័ន្ធ​ករណី បង្កប់​ការ​រកស៊ី​ផ្លូវភេទ ក្រោម​យីហោ ហាង​ម៉ាស្សា​។ ចំណែក​នារី​រង​គ្រោះ​ទាំង​១០ ត្រូវ​បាន​កម្លាំង​នគរបាល​ប្រគល់​ជូន​ខាង​សង្គមកិច្ច ដើម្បី​ធ្វើការ​អប់រំ​ ៕ប្រភពAngrut