លោក​ស៊ុ​យ សែ​ម ប្រាប់​ថា បើ​បាត់​ភ្នំ សុំកុំ​ឲ្យ​ប្រជាពលរដ្ឋ​ស្រែក​!

កំពត ៖ លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​មាន​ប្រសាសន៍​ប្រាប់​ដល់​ប្រជាពលរដ្ឋ​នៅ​ស្រុក​បន្ទាយមាស កុំ​ឲ្យ​ស្រែ​ថា បាត់​ភ្នំហើយ! ព្រោះ​កំបោរ​ថ្មភ្នំ ត្រូវ​បាន​គេ​យក​ផលិត​ជា​ស៊ីម៉ងត៍ ដើម្បី​ធ្វើ​អគារ​ធំ​ៗ ផ្ទះ វត្ត​អារាម សាលារៀន មន្ទីរពេទ្យ ទីក្រុង ផ្លូវ​ប៉េ​តុង វា​រី​អគ្គី​ស​នី​ជាដើម​។​ល​។ សម្រាប់​ប្រើ​ជា​ប្រ​យោ​ជ​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស ពិសេស​ពលរដ្ឋ​នៅ​ក្នុង​តំបន់​តែ​ម្តង ។

ការ​ថ្លែង​បែប​នេះ របស់​លោក​រដ្ឋមន្ត្រី ក្នុង​ឱកាស​អញ្ជើញ​ជា​អ​ធីប​តី​ក្នុង​ពិធី​សម្ភោ​ធ​បើក​ឲ្យ​ប្រើប្រាស់ អណ្តូងទឹក​ចំនួន​៥០ និង​កុដិ​១​ខ្នង នៅ​ស្រុក​បន្ទាយមាស កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា ២០១៧​នេះ ។ លោក​ថា តើ​យើង​យក​វា​មក​ប្រើ​ត្រឹមត្រូវ​តាម​គោលការណ៍ ឬ​លក្ខខណ្ឌ​ច្បាប់​កំណត់​របស់​ក្រសួង​ដែរ​ឬទេ ? ព្រោះ​មុន​នឹង​ក្រុមហ៊ុន​មួយ​អាច​កាយ​ដី​ថ្មភ្នំ យក​មក​ប្រើប្រាស់​បាន ក្រសួង​បាន​សិក្សា​យ៉ាង​លម្អិត​ពី​ផល​ចំណេញ និង​ផល​ប៉ះពាល់ ហើយ​មាន​លក្ខខណ្ឌ​ជា​ច្រើន​ទៀត​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បំពេញ ។

លោក ស៊ុ​យ សែ​ម បញ្ជាក់​អោយ​ដឹង​ថា នៅ​លើ​ពិភពលោក​ប្រទេស​ណា​ក៏​ប្រទេស​ណា​ដែរ ឲ្យ​តែ​មាន​ធនធានធម្មជាតិ គេ​ត្រូវ​តែ​យក​មក​ប្រើ ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​វា​មក​អភិវឌ្ឍន៍​ប្រទេស​ជាតិ ហើយ​បើ​យើង​មិន​យក​វា​មក​ប្រើ​ទេ វា​ស្មើនឹង​ប្រទេស​នោះ គ្មាន​ធនធានធម្មជាតិ ។

លោក​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​លើក​ឡើង​ដូច្នេះ​ថា យើង​ឲ្យ​គេ​ធ្វើ​អាជីវកម្ម​មិនមែន​ឲ្យ​ទទេ​ៗ​នោះ​ទេ គេ​ដាក់​ទន់​វិនិយោគ​ប៉ុន្មាន​រយ​លាន​មក​លើ​ដី​យើង ដើម្បី​បង្កើត​រោងចក្រ ហើយ​គេ​មិន​អាច​សែង​ទៅ​វិញ​រួច​ទេ ដូច្នេះ​លុយរាប់​រយ​លាន​ត្រូវ​កប់​នៅ​ក្នុង​ដី​ខ្មែរ​យើង ៕