គណ​អភិបាល​រាជធានី​ភ្នំពេញ​ចុះ​ពិនិត្យ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ចេញ​ពី​ក្នុង​រាជធានី (មាន​វីដេអូ)

រាជធានី​ភ្នំពេញ ៖ យោង​តាម​គេហទំព័រ ដំណឹង​យប់មិញ ចុះផ្សាយ​នូវ​អត្ថបទ​មួយ​មាន ចំណង​ជើង​ថា “រូបភាព​មួយ​សន្លឹក​អាច​ពញ្ញាក់​ស្មារតី​ថ្នាក់​ដឹក​នាំ​ថ្មី នៃ​រាជ​ធានី​ភ្នំពេញ” នៅ​ព្រឹក​ថ្ងៃទី ១ ខែកក្កដា ឆ្នាំ​២០១៧​នេះ គណ​អភិបាល​រាជធានី​ភ្នំពេញ ដឹក​នាំ​ដោយ​លោក ឃួង ស្រេង អភិបាល នៃ​គណ​អភិបាល​រាជធានី​ភ្នំពេញ ដែល​ទើប​នឹង​ចូលកាន់​តំណែង​ថ្មីៗ បាន​ចុះ​ពិនិត្យ​ប្រព័ន្ធ​ប្រឡាយ​លូ បង្ហូរ​ទឹក​ដ៏​ធំ​មួយ​ខ្សែ ដែល​ពលរដ្ឋ​ទូទៅ​ហៅ​ថា ប្រឡាយ​លូ​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុង​ភូមិ​ភ្នាត សង្កាត់ ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ក្នុង​គោលបំណង​រំដោះ​ទឹក​ភ្លៀង​ដែល​ដក់​ជន់​លិច​រាជធានី​ភ្នំពេញ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ជូន​ប្រជាពលរដ្ឋ​តាម​ដង​ផ្លូវ ។

ក្នុង​នោះ​ការ​ចុះ​ត្រួត​ពិនិត្យ​ប្រព័ន្ធ​ប្រឡាយ​លូ​ខាង​លើ លោក ឃួង ស្រេង បាន​ប្តេជ្ញា​ថា នឹង​រៀបចំ​ប្រព័ន្ធ​លូ​មួយ​នេះ​អោយ​បាន​ល្អ ដើម្បី​សម្រួល​ចរន្ត​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក អាច​ហូរ​បាន​ទាន់​ពេល​ល្អ ជៀសវាង មាន​ការ​កក​ស្ទះ​ចរន្ត បង្ក​ជា​ទឹក​ហូរ​ច្រាល​ចេញ​តាម​ប្រព័ន្ធ​លូ​តូចៗ​ផ្សេងៗ ឬ បង្ក​ជា​ទឹក​ជន់​លិច​តាម​ដង​ផ្លូវ​នានា ក្នុង​មូលសាស្ត្រ​នីមួយៗ។ ទន្ទឹម​នឹង​នោះ លោក​អភិបាល​រាជធានី ក៏​បាន​ស្នើ​ដល់​បងប្អូន ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ប្រប​មាត់​សង​ខាង​ប្រឡាយ សូម​កុំ​បន្ត​បោះចោល​កាក​សំណល់​នានា ក៏​ដូច​ជា សំរាម​ផ្សេងៗ សេសសល់​ពី​ការ​ប្រើប្រាស់​ប្រចាំថ្ងៃ ចោល​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក ព្រោះ​កត្តា​ទាំង​នេះ ជា​បញ្ហា​ដ៏​ធំ​ក្នុង​ការ​បង្កក​ចរន្ត​ទឹក​មិន​អាច​ហូរ​ទៅ​បាន​ទាន់​ពេល​វេលា។

គួរ​រំលឹក​ថា កាល​ពី​វេលា​រសៀល​ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ​២០១៧ នៅ​តាម​បណ្តា​ខណ្ឌ​មួយ​ចំនួន​ក្នុង ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ មាន​ភ្លៀង​បង្អុរ​មួយ​មេ​ធំ បណ្ដាលឲ្យ​ទឹក​ជន់​ដក់​លើ​ដង​ផ្លូវ​មួយ​ចំនួន គួរ​ឲ្យ​កត់​សម្គាល់ ។ ជា​មួយ​គ្នា​នោះ​ដែរ គេ​សង្កេត​ឃើញ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក បាន​បង្ហោះ​រូបភាព​មនុស្ស​ស្រី​៤​នាក់ ឈរ​ថត​លើ​ដង​ផ្លូវ​ដែល​មាន​ទឹក​លិច​ត្រឹម​ចង្កេះ ដូច​ទឹក​ស្ទឹង​ទៅ​ហើយ។

តាម​រយះ​រូបភាព​បែប​នេះ មាន​ការ​រំពឹង​ទុក​ថា គណ​អភិបាល​ថ្មី​នៃ​រាជធានី​ភ្នំពេញ នឹង​មាន​ចំណាត់ការ​ល្អ​បំផុត លើ​បញ្ហា​ទឹក​ដក់ ឬ​លិច តាម​ដង​ផ្លូវ​នានា​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​សម្រួល​ដល់​ការ​រស់​នៅ​របស់​អ្នក​ភ្នំពេញ ឲ្យ​សម​ជា​មន្ត្រី​បម្រើ​រាស្ត្រ។ ជា​មួយ​គ្នា​នោះ​ដែរ គេហ​ទំព័រ​ដំណឹង​យប់មិញ ក៏​សុំ​ចូលរួម​សរសើរ​ម្ចាស់​រូប​ថត​បាន​ល្អ ដើម្បី​ជា​សារ​មួយ​ក្នុង​ការ​ចែករំលែក​ជូន​ដល់ ថ្នាក់​ដឹក​នាំ​ក្រុង ពិសេស​មន្ទីរ​សាធារណៈ​ការ​រាជធានី​ភ្នំពេញ បាន​ដឹង​ពី​បាតុភាព​ទាំង​នេះ និង​ឆាប់​មាន​វិធានការ​ល្អ ជូន​ពលរដ្ឋ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ៕

សូម​ទស្សនា​វីដេអូ​ដែល​រាយការណ៍​ដោយ​ភ្នាក់ងារ​ដំណឹង​យប់មិញ