ខ្លោច​ចិត្ត​ព្រះ​អើយ! ចេញ​ពី​ពេទ្យ​ចូលរួម​បុណ្យ​សពឪពុក​ម្ដាយ​ទាំង​ឆ្ងល់

កុមារា​ម្នាក់​បាន​ក្លាយ​ជា​ក្មេង​កំព្រា​ឪពុក​ផង​ម្ដាយ​ផង ក្នុង​ពេល​មួយ​ពព្រិច​ភ្នែក ក្នុង​ថ្ងៃ​តែ​មួយ​ដោយ​សារ​អំពើ​ចោរ​ឆក់ ហើយ​ខ្លួន​រង​របួស​ធ្ងន់ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ។ ក្រោយ​ពេល​ចេញ​ពី​មន្ទីរពេទ្យ ក៏​ដល់​ពេល​បូជា​សព​លោក​អ្នក​មាន​គុណ​ទាំង​ទ្វេ ទាំង​ខ្លួន​មិន​ទាន់​ដឹង​ក្ដី ឃើញ​តែ​មនុស្ស​ជុំ​ៗ និង​ផ្សែង​ហុយ​ថ្គោល​ទៅ​លើ ហើយ​បាត់​មុខមាត់​ឪពុក​ម្ដាយ​ខ្លួន។ ដឹង​រឿង​នេះ​ហើយ​តើ​អ្នក​ណា​ទប់​ទឹកភ្នែក​បាន?

មហា​ជន​គ្រប់​រូប សម្ដែង​សេចក្ដី​សោក​ស្ដាយ និង​អាណិត​កុមារ​កំព្រា​រូប​នេះ​ខ្លាំង​ណាស់ និង​មាន​ការ​ខឹង​សម្បារ​នឹង​ពួក​ចោរ​ជា​ខ្លាំង ដែល​បង្ក​ហេតុ​សោកនាដកម្ម​យ៉ាង​នេះ។ ដំណឹង​យប់មិញ​សូម​លើក​យក​ខ្លឹមសារ របស់​ប្រិយមិត្ត​ម្ចាស់​គណនី​ហ្វេប៊ុក​ឈ្មោះ Chhoun Chann Asda បាន​សរសេរ​ក្នុង​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​២០១៧​នេះ ដែល​មាន​អត្ថន័យ​ទាំងស្រុង​ដូច​ខាងក្រោម៖

ពេល​នេះ​ម៉ោង​នេះ រូបកាយ​របស់​ប្អូនប្រុស​ស្រី​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ ដែល​ត្រូវ​ចោរ​ឆក់​កាបូប​នោះ ត្រូវ​រលាយ​រូប​កាយ​ពី​លោក​នេះ​ហើយ បន្សល់​ទុក​ឲ្យ​កូន​តូច​ដែល​ទើប​ចេញ​ពី​ពេទ្យ មក​ចូលរួម​បុណ្យ​សព​ឪពុក​ម្ដាយ​ទាំង​មិន​ដឹង​ថា​នេះ​ជា​កម្មវិធី​អ្វី ហើយ​ពូ​មីង តាយាយ យំ​រឿង​អី? ហើយ​ផ្សែង​ដែល​កើត​ចេញ​ពី​ការ​ដុត​រោលរាល​កាយ​សព​ប្ដី​ប្រពន្ធ​ដែល​ជា​ឪពុក​ម្ដាយ​របស់​គេ​នោះ​ជា​ផ្សែង​អវី? ហើយ​ហេតុ​អ្វិ​មិន​ឃើញ​ប៉ាម៉ាក់​មក​ពរ មក​អោប​ថើប​គេ​ដូច​សព្វដង មាន​តែ​អ៊ំ​ពូមីង តាយាយ មក​លួងលោម​គេ​ឲ្យ​បាត់​យំ។ ទិដ្ឋភាព​បែប​នេះ​មាន​តែ​សាច់​ញាតិ នៃ​សព​និង​អ្នក​ឃើញ​ផ្ទាល់​ភ្នែក​ប៉ុណ្ណោះ ដែល​យល់​ពី​អារម្មណ៍​មួយ​នេះ!

សូម​បញ្ជាក់​ថា សំណេរ​និង​រូបភាព​របស់​ប្រិយមិត្ត​ខាងលើ ត្រូវ​បាន​ប្រិយមិត្ត​ដទៃ​ទៀត Comment ជា​រូបភាព Sticker យំ សឹង​គ្រប់​គ្នា បញ្ជាក់​ពី​ក្ដី​អាណិត​អាសូរ​ដល់​កុមារា​រូប​នេះ។ ចុះ​បងប្អូន​វិញ?

សូម​រំលឹក​ថា កាល​ពី​វេលា​ម៉ោង ៨​និង​២៥​នាទី​យប់ ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ មាន​ហេតុការណ៍​ដ៏​រន្ធត់​មួយ​កើត​ឡើង ដោយ​ប្ដី​ប្រពន្ធ​ពីរ​នាក់​ដេញ​តាម​ចោរ​ឆក់​ហើយ​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​បណ្ដាល​ឲ្យ​ស្លាប់​បាត់​បង់​ជីវិត និង​កុមារា​ម្នាក់​ដែល​ត្រូវ​ជា​កូន​បាន​រង​របួស​ធ្ងន់។ ជន​រងគ្រោះ​ជា​ប្ដី ឈ្មោះ មាន ពិសី ប្រពន្ធ​ឈ្មោះ ស្រី តី រីឯ​កុមារា​ជា​កូន​ឈ្មោះ ពេជ្រ ចរណៃ អាយុ ២​ឆ្នាំ​កន្លះ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ។