គួរឲ្យ​ស្រណោះ! បុរស​ម្នាក់​នេះបង្ហើប​ទំនាក់ទំនង​​នឹង​​ស្ត្រី​ដែល​ត្រូវ​ប្ដី​អារ​ក​សម្លាប់

យោង​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Nguon Vuthy បាន​បង្ហើប​ឲ្យ​ដឹង​ពី​ទំនាក់ទំនង​រវាង​ខ្លួន និង​ស្ត្រី​រង​គ្រោះ​ដែល​ត្រូវ​ប្ដី​អារ​ក​សម្លាប់ ថា ខ្លួន​បាន​រាប់អាន​ស្ត្រី​រង​គ្រោះ​ដូច​ជា​បងស្រី​ពិត​ៗ ត្បិត​តែ​គេ​ទាំង​ពីរ​មាន​ឪពុក​ម្ដាយ​ទីទៃ​ពី​គ្នា​ក៏​ដោយ។ លោក​បាន​រំលឹក​អនុស្សាវរីយ៍​ដែល​បាន​ជួប​បងស្រី (ជន​រងគ្រោះ) នា​ថ្ងៃ​មួយ​ដែល​ជា​ថ្ងៃ​មង្គលការ​ប្អូន។ លោក​បាន​បន្ត​ដោយ​ប្រយោគ​ស្រងេះ​ស្រងោច​ថា លោក​សោក​ស្ដាយ​ខ្លួន​មិន​បាន​ជួប​ស្ត្រី​រងគ្រោះ​ជា​លើក​ចុង​ក្រោយ។ លោក​ជឿ​ថា ទោះ​ជា​បងស្រី​របស់​លោក​មិន​អាច​អាន​នូវ​អ្វី​ដែល​លោក​បាន​សរសេរ ក៏​ព្រលឹង​បង​ស្រី​លោក ពិត​ជា​ដឹង នូវ​អ្វី​ដែល​លោក​កំពុង​និយាយ និង​ចង់​និយាយ។ ជា​ចុង​ក្រោយ​លោក សូម​បួងសួង​សូម​ឲ្យ​វិញ្ញាណក្ខន្ធ​បងស្រី​លោក ទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ។

បុរស​ជា​ម្ចាស់​គណនី​ហ្វេសប៊ុក​ខាង​លើ មាន​ឈ្មោះ ងួន វុទ្ធី មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់​ដំបង ជា​សាស្ត្រាចារ្យ​នៃ​មហាវិទ្យាល័យ​ឯក​ជន​មួយ។ ខាង​ក្រោម​នេះ​ជា​ខ្លឹម​សារ​ទាំងស្រុង៖

គេ​ថា​គ្មាន​ការ​ជួបជុំ​ណា​ថា​មិន​បែក​គ្នា​ទេ តែ​ការ​បែក​គ្នា​នេះ​ពិត​ជា​ធ្វើឲ្យ​ពួក​យើង​ពិបាក​ទទួល​យក​ណាស់។ ពិត​មែន​តែ​បង​ប្អូន​របស់​បង​ស្រី និង​បង​ប្អូន​របស់​ខ្ញុំ​មាន​ឪពុកម្ដាយ​ទីទៃ​មែន តែ​ការ​ស្រលាញ់ ការ​គោរព និង​មនោសញ្ចេតនា​គឺ​ជា​បងប្អូន​នឹង​គ្នា​ពិតៗ។

ខ្ញុំ​ចាំ​យ៉ាង​ច្បាស់​នៅ​ថ្ងៃ​ដែល​ជួប​បង​ស្រី​ជា​លើក​ដំបូង​នៅ​ថ្ងៃ​រៀបការ​ប្អូន ឡុង របស់​យើង គ្រាន់​តែ​ខ្ញុំ​ទៅ​ដល់​ភ្លាម បង​ស្រី​មក​ទទួល​ខ្ញុំ​ដោយ​ស្នាម​ញញឹម​ពោរពេញ​ទៅ​ដោយ​ការ​ស្រលាញ់​រាប់អាន ហាក់បីដូច​ជា​ស្គាល់​គ្នា​តាំង​ពី​អាយុ​៧​ឆ្នាំ​មក​ម្លេះ។ ការ​ស្គាល់​បង​ស្រី​ពិត​ជា​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​ទេ។ ខ្ញុំ​ពិត​ជា​សោកស្ដាយ​ណាស់ ដែល​មិន​អាច​ជួប​បង​ស្រី​ជា​លើក​ចុងក្រោយ ជា​ពិសេស​មិន​អាច​ញ៉ាំបាយ​មួយ​ពេល​ជុំគ្នា​ជាមួយ​បងស្រី។

ការ​ប្រឹងប្រែង​របស់​បង​ស្រី​ពី​មុន​មក​សម្រាប់​បងប្អូន​និង​គ្រួសារ​មិន​ឥត​ប្រយោជន៍​ទេ ពេលនេះ​ពួកគេ​មាន​អនាគត ដើរ​លើ​ផ្លូវ​ត្រូវ​និង​ចេះ​ជួយគ្នា​ទៅវិញ​ទៅមក។ ខ្ញុំ​ដឹង​ថា​បង​ស្រី​មិន​អាច​អាន​និង​ឃើញ​នូវ​អ្វី​ដែល​ខ្ញុំ​សរសេរ​ទេ តែ​ខ្ញុំ​ជឿ​ជាក់​ថា​ព្រលឹង​របស់​បង​ស្រី​ពិត​ជា​បាន​ដឹង​នូវ​អ្វី​ដែល​ខ្ញុំ​កំពុង​និយាយ​និង​ចង់​និយាយ។

សម្រាប់​ពួក​យើង​ទាំងអស់​គ្នា ដឹង​ថា​រូប​កាយ​បងស្រី​នឹង​ទៅ​ចោល​ពួក​យើង​ក៏​ពិត​មែន តែ​សម្រស់ ស្នាម​ញញឹម ការ​អប់រំ​ទូន្មាន និង​អនុស្សាវរីយ៍ ទាំងអស់​នឹង​ស្ថិតស្ថេរ​ជា​អមតៈ។ សូម​វិញ្ញាណក្ខន្ធ​របស់​បងស្រី​ទៅ​កាន់​សុគតិភព និង​ទទួល​នូវ​ការគោរព​ដ៏​ស្មោះ​ពី​ខ្ញុំ។

សូម​រំលឹក​ថា ស្ត្រី​ជា​ជន​រងគ្រោះ​ខាង​លើ​មាន ឈ្មោះ លី ហ្គេចហួយ ជា​អាជីវករ​នៅ​ក្នុង​ផ្សារ​រុងក្លឿ មាន​ទី​លំនៅ​នៅ​ក្រុង​ប៉ោយ​ប៉ែត ត្រូវ​ប្ដី​យក​កាំបិត​អារក​សម្លាប់ ហើយ​ប្ដី​នោះ​ក៏​ផឹក​ថ្នាំ​ពុល​សម្លាប់​ខ្លួន​តាម​ក្រោយ កាល​ពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ​២០១៧។