រថយន្ដ​NAVARA​បើក​បុក​ឡើង​ឃឿន សួន​ច្បារ​បណ្ដាល​អោយ​បាក់​ដើម​ផ្កា​ចំប៉ី​​មួយ​​ដើម

ភ្នំពេញ៖ រថយន្ដ​NAVARA​មួយ​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​សង្ស័យ​ម្ចាស់​ងងុយ​ដេក​បើក​បុក​ឡើង​ឃឿន​សួន​ច្បារ​និង​ដើម​ផ្កា​ចំប៉ី​បាក់​អស់​មួយ​ដើម​ហើយ​រថយន្ដ​កល់​ជាប់​គល់​ឈើ​ទៅ​មុខ​លែង​រួច​និង​បណ្ដាល​អោយ​អ្នក​ជិះ​ក្នុង​រថយន្ដ​រង​របួស​ម្នាក់។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​០៣​និង​០០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ជិត​ក្ដាន់​២ តាម​បណ្ដោយ​មហា​វិថី​សហ​ព័ន្ធ​រុស្សី ក្នុង​សង្កាត់​មិត្ត​ភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ។
រថយន្ដ​បង្ក​ម៉ាក​NAVARA ពណ៌ ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AH-2782 ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​រថយន្ដ​បង្ក​ជិះ​ជា​លក្ខណះ​គ្រួសារ ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហា​វិថី​សហព័ន្ធ​រុស្សី ទិស​ដៅ​ពី​លិច​ទៅ​កើត​ក្នុង​ល្បឿន​លឿន ពេល​មក​ដល់​ចំណុច​កើត​ហេតុ​ទំនង​ជា​អ្នក​បើក​រថយន្ដ​ងងុយ​ដេក​បាន​រេ​ចង្កូត​ទៅ​បុក​ឡើង​ឃឿន​សួន​ច្បារ​ចិញ្ចើម​ផ្លូវ​និង​បន្ត​ទៅ​បុក​ដើម​ផ្កា​ចំប៉ី​បណ្ដាល​អោយ​បាក់​អស់​មួយ​ដើម​កល់​រថយន្ដ​ជាប់​ទៅ​មុខ​លែង​រួច និង​បណ្ដាល​អោយ​ស្ត្រី​ម្នាក់​ដែល​ជិះ​ក្នុង​រថយន្ដ​រង​របួស​ផង​ដែរ។

ប្រភព​បាន​បន្ត​ថា ក្រោយ​ពី​កើត​ហេតុ​អ្នក​ជិះ​នៅ​ក្នុង​រថយន្ដ​បាន​នាំ​គ្នា​ចុះ​ពី​រថយន្ដ​ហើយ​បាន​ដឹក​ស្ត្រី​ដែល​រង​របួស​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទី​រពេទ្យ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ចុះ​ដល់​កន្លែង​កើត​ហេតុ​និង​បាន​ទំនាក់​ទំនង​ទៅ​កម្លាំង​ជំនាញ​ចរាចរណ៍​ចុះ​ធ្វើ​ការ​វាស់​វែង​ស្ទូច​យក​រថយន្ដ​បង្ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​រង​ចាំ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ៕