ជាប់​អ្នក​ឌុប រួច​អ្នក​ឆក់

ភ្នំពេញ៖ ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​២​នាក់ ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្ដិ៍​នគរបាល​បឹង​ទំពុន កាល​ពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃទី២៨ ខែ​មិថុនា ឆ្នាំ​២០១៧ ដែល​កើត​ហេតុ​នៅ​ត្រង់​ចំណុច​មុខ​ក្លោង​ទ្វា​វត្ត​សន្សំ​កុសល តាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​ភូមិ​សន្សំ​កុសល​៣ សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ខណៈ​ពេល​ដែរ​ជន​សង្ស័យ​រូប​នេះ​បាន​ជិះ​ម៉ូតូ​ឌុប​គ្នា​ធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ពាយ​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច ។

សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​បឹង​ទំពុន បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ដែល​ឃាត់​ខ្លួន​បាន​មាន​ឈ្មោះ ណារ៉េត សុធាណាន់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ ស្នាក់​នៅ​ភូមិ​សន្សំ​កុសល​៣ សង្កាត់​បឹង​ទំពុន ខណ្ឌ​មានជ័យ ។

ចំណែក​បក្ស​ពួក​ម្នាក់​ដែល​​រត់​គេច​ខ្លួន​បាត់ មាន​ឈ្មោះ លាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខ​របរ​និង​ស្នាក់​នៅ​មិន​ពិត​ប្រាកដ ។ ដោយ​ឡែក​ជន​រងគ្រោះ​មាន​ឈ្មោះ ទិត ចាន់ទេវី ភេទស្រី អាយុ​៣៧​ឆ្នាំ ជា​ជន​ជាតិ​ខ្មែរ មុខ​របរ​ជា​គ្រូ​បង្រៀន​សាលា​ប៊ែល​ធី ស្នាក់​នៅ​ផ្ទះ​លេខ​២១N ផ្លូវ​លេខ​៣៧១ ស្ថិត​ក្នុង​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ។

បើ​តាម​សម្ដី​ស្ត្រី​រងគ្រោះ​ជា​ម្ចាស់​កាបូប​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ រូប​គាត់​បាន​ជិះ​ម៉ូតូ​ឌុប​មក​ពី​ជួប​មិត្ត​ភ័ក្រ​នៅ​ខាង​ក្រោយ​វត្ត​សន្សំ​កុសល ដោយ​បាន​ដាក់​កាបូប​មាន​លុយ​5​មុឺន​រៀល សោ​រផ្ទះ​០៥ និង​ឯក​សារ​មួយ​ចំនួន​ក្នុង​កាបូប បាន​ដាក់​លើ​ភ្លៅ​ចម្លោះ​ម៉ូតូ ខណៈ​ពេល​ដែរ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ ក៏​មាន​ជន​សង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុយ សុគី និច ពណ៌​ក្រហម ពាក់ស្លាកលេខភ្នំពេញ1FW-0772 ឌុប​គ្នា​មក​ពី​ក្រោយ ហើយ​បាន​ឆក់​កាបូប​ស្ពាយ​ជន​រងគ្រោះ​បាន​សម្រេច និង​ធ្លាក់​ស្ត្រី​រងគ្រោះ​ពី​លើ​ម៉ូតូ​បណ្ដាល​ឲ្យ​ដួល​រង​របួស​ស្រាល​ផង​ដែរ ខណៈ​ពេល​នោះ​ជន​សង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​ទាក់​ដៃ​ចង្កូត​ជា​មួយ​ម៉ូតូ​ប្រជា​ពលរដ្ឋ​ដែល​នៅ​ពី​មុខ​បណ្ដាល​ឲ្យ​ដួល ហើយ​ក៏​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​និង​សមត្ថកិច្ច​ដែល​ប្រចាំ​នៅ​ទី​នោះ​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​ម្នាក់​រួម​ជា​មួយ​ម៉ូតូ​ម៉ាក​និច​ភ្លាម​ៗ ចំណែក​ជន​សង្ស័យ​ម្នាក់​ទៀត​រត់​ឡើង​លើ​ម៉ូតូ​បក្ស​ពួក​ដែល​ជិះ​មក​ពី​ក្រោយ​គេច​ខ្លួន​បាត់ ដោយ​យក​កាបូប​ទៅ​ជា​មួយ​ផង​ដែរ ។

ក្រោយ​ពេល​កើត​ហេតុ ជន​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​បឹង​ទំពុន ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់​វិធាន​ការ​ទៅ​លើ​ជន​សង្ស័យ​ដែល​ឃាត់​ខ្លួន​បាន​ដាក់​ទោស​តាម​ផ្លូវ​ច្បាប់ ។ បច្ចុប្បន្ន​ជន​សង្ស័យ​និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​បឹង​ទំពុន កសាង​សំណុំ​រឿង​និង​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន រង​ចាំ​បញ្ចូន​ទៅ​កាន់​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​មា​ន​ជ័យ ចាត់​ការ​បន្ត​តាម​ផ្លូវ​ច្បាប់៕