ភ្លើងប្រច័ណ្ឌ!! អា​រក​សម្លាប់​ប្រពន្ធ​ រួចផឹក​ថ្នាំ​ពុល​​តាម​ក្រោយ

ស្ត្រី​ជា​អាជីវករ​ក្នុង​ផ្សារ​រុង​ក្លឿ​ម្នាក់ ត្រូវ​ប្តី​អា​រក​សម្លាប់ ដោយ​កាំបិត​ចុង​ស្រួច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ក្នុង​តូប​លក់ដូរ​មួយ​កន្លែង​ក្នុង​ផ្សារ​រុង​ក្លឿ ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ឈម​នឹង​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

ស្ត្រី​ដែល​ប្ដី​អា​រក​សម្លាប់​នោះ ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ដឹង​ថា ឈ្មោះ លី ហ្គេ​ច​ហួយ ជា​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​រុង​ក្លឿ មាន​ទីលំនៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​។ ចំណែក​ប្ដី​ឈ្មោះ ស៊ុន ប្រហែលជា​គិត​ថា ក្រោយ​ពី​អា​រក​សម្លាប់​ប្រពន្ធ​រួច មិន​អាច​គេច​សំណាញ់​ច្បាប់​បាន ទើប​សម្រេចចិត្ត​ផឹកថ្នាំ​ពុល​ប៉ង​បញ្ចប់ជីវិត​តាម​ប្រពន្ធ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ថៃ​បាន​ធ្វើការ​ដឹក​បញ្ជូន​ទៅ​ជួយ​សង្គ្រោះ​ភ្លាម​ៗ​។

ទោះបីជា​យ៉ាងណា សមត្ថកិច្ច​ថៃ​នៅ​មិន​ទាន់​បាន​បញ្ចា​ក់​ពី​មូលហេតុ ដែល​នាំ​ឲ្យ​កើត​មាន​ករណី​ឃាតកម្ម​នេះ​នៅឡើយ​ទេ គ្រា​ដែល​បុរស​ជា​ប្ដី​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​សង្គ្រោះ​បន្ទាន់​។

ប្អូនស្រី​ឈ្មោះ​នាង លី​វ៉ា​ន់​ឌី អាយុ​៣៥​ឆ្នាំ បានឱ្យ​ដឹង​ថា បងស្រី​នាង (​ស្ត្រី​ស្លាប់​) គឺ​មាន​ស្នាម​របួស​ក្បាល​ខាងក្រោយ និង​ស្នាម​រឹត​.​ក ឯ​ដៃ​ទាំង​សងខាង​មាន​ស្នាម​ជាំ​ផង​ដែរ ។ នៅ​កន្លែង​កើតហេតុ បាន​ប្រទះ​ខ្សែ​មួយ​បន្សល់​នៅ​ទីនោះ ដោយ​នាង​សង្ស័យ​ថា បងស្រី​ត្រូវ​ប្តី​ជា​អ្នក​សម្លាប់ គឺ​វាយ​រួច​ទើប​រឹត​.​ក​ជា​ក្រោយ ឬ​អាច​មុន​ស្លាប់ ត្រូវ​ប្តី​នោះ​ចងដៃ​ទៅ​ក្រោយ ក៏​ថា​បាន ។

ប្អូនស្រី​រៀបរាប់​ទៀត​ថា មុន​កើតហេតុ រយៈពេល​ជាង​១​ខែ​នេះ ប្តី​ប្រពន្ធ​ខាងលើ នាង​មាន​ជម្លោះ​ជា​ថ្មី ហើយ​បងស្រី​ខ្លួន​បានរ​ត់ទៅ​ដេក​ជាមួយ​ប្អូនស្រី​ម្នាក់​ទៀត​ឈ្មោះ​លី ដា​លី​ន ហៅ​ច​ន្ធូ អាយុ​៣៤​ឆ្នាំ ដែល​ជួល​តូប​លក់ដូរ​ក្នុង​ផ្សារ​រុង​ក្លឿ​ក្នុង​ខេត្ត​កើតហេតុ​ជាមួយ​គ្នា ឯ​បុរស​ជា​ប្តី​ដេក​នៅ​បន្ទប់​ស្តុក​អីវ៉ាន់ ។

កាលពី​រសៀល​ថ្ងៃ​កើតហេតុ មុន​ម៉ោង​៣​រសៀល បងស្រី​រង​គ្រោះ​ទៅ​យក​អីវ៉ាន់ ស្រាប់តែ​បាត់​មិនឃើញ​វិល​ទៅ​តូប​លក់​វិញ លុះ​ប្អូនស្រី​ឈ្មោះ​លី ដា​លី​ន សង្ស័យ​ក៏​ខ​ល​រក តែ​គ្មាន​អ្ន​ទទួល​ពេល​ទៅ​ដល់​បន្ទប់ ស្រាប់តែ​ចាក់សោ​ពី​ខាងក្នុង​ហៅ​គ្មាន​អ្នកឆ្លើយ ។ ឈ្មោះ​លី ដា​លី​ន បាន​វាយ​កញ្ចក់​បង្អួច​មើល ស្រាប់តែ​ស្រែក​ទ្រ​ហ៊ោ​យំ​ដង្ហោយ ហៅ​ឲ្យ​គេឯង​ជួយ​និង​ដឹង​ដល់​សមត្ថកិច្ច​នាំ​គ្នា​វាយ​ច​ង្រឹ​ង​បង្អួច​ចូល​តែ​នាង​ជា​ប្រពន្ធ​ស្លាប់​បាត់​ទៅ​ហើយ ខណៈ​បុរស​ជា​ប្តី​ដែល​លេបថ្នាំ​ប្រុង​សម្លាប់​ខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ថៃ​បញ្ជូន​ទៅ​សង្គ្រោះ​ទាន់​ពេល ។

បើ​តាម​ប្រភព​ឲ្យ​ដឹង​ពី​មិត្តភក្តិ​ជន​រង​គ្រោះ​ថា បុរស​ជា​ប្តី​អាច​នឹង​គេច​ផុត​ពី​សេចក្តីស្លាប់​។ តែ​ទោះជា​យ៉ាងណា​រឿងហេតុ​ខាងលើ​នេះ មិត្តភក្តិ​ជន​រង​គ្រោះ​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា អាច​កើតមក​ពី​ករណី​ប្រចណ្ឌ​ច្រើន​ជាង​៕​ Angrut