គួ​ឲ្យ​អាណិត​ណាស់.!!​ ជិះ​ម៉ូតូ​ដេញ​ចោរ​ឆក់​កាបូប​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ស្លាប់​២​នាក់​ប្ដី​ប្រពន្ធ​កូន​របួស​ធ្ងន់

ភ្នំពេញ៖​ ប្ដី​ប្រពន្ធ​២​នាក់​ជិះ​ម៉ូតូ​ដេញ​តាម​ជន​សង្ស័យ​ដែល​ឆក់​កាបូប​ បាន​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​បណ្ដាល​អោយ​ស្លាប់​បាត់​បង់​ជីវិត​យ៉ាង​អាណោច​អាធម៌​ បន្សល់​ទុក្ខ​កូន​ប្រុស​ម្នាក់​អោយ​កំព្រា​ទាំង​ខ្លួន​មិន​ទាន់​ដឹង​ក្ដី​និង​រង​របួស​ធ្ងន់ ចំណែក​ជន​សង្ស័យ​បាន​ដួល​ម៉ូតូ​ត្រូវ​ប្រជា​ពលរដ្ឋ​ចាប់​បាន​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រោម​ខ្លួន​ទើប​ប្រគល់​អោយ​សមត្ថ​កិច្ច ។

ហេតុ​ការណ៍​ដ៏​រន្ធត់​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៨​ និង​២៥​នាទី​យប់​ថ្ងៃ​ទី​២៨​ខែ​មិថុនា​ឆ្នាំ​២០១៧​ នៅ​តាម​បណ្ដោយ​ផ្លូវ​២១៧​ក្បែ​វត្ត​សំបួរ​ ភូមិ​សំបួរ​ សង្កាត់​ដង្កោ​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​ ។
ជន​សង្ស័យ​ មាន​ឈ្មោះ​ ផាន់​ ម៉ន​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​មុខ​របរ​កម្មករ​លើក​ផ្លែ​ឈើ​នៅ​ផ្សារ​នាគ​មាស​ ស្នាក់​នៅ​ផ្ទះ​ជួល​ភូមិ​ទួល​ពង្រ​ សង្កាត់​​ចោម​ចៅ​ ខណ្ឌពោធិ៍សែនជ័យ។ ចំណែក​សព​ស្ត្រី​រង​គ្រោះ​មាន​ឈ្មោះ​ ស្រី​ តី / ប្ដី​មាន​ឈ្មោះ​ មាន​ ពិសី ចំណែក​កូន​មាន​ ឈ្មោះ​ មាន​ ពេជ្រ​ ចរណៃ​ ភេទ​ ប្រុស​ អាយុ​២​ឆ្នាំ​កន្លះ​រង​របួស​ធ្ងន់​ ត្រូវ​បាន​បញ្ជួន​ទៅ​សង្រោះ​បន្ទាន់​នៅ​មន្ទីរ​កុមារ​ជាតិ​ អ្នក​ទាំង​៣​ស្នាក់​នៅ​ បុរី​​ពិភព​​ថ្មី​ សង្កាត់​​ដង្កោ​ ខណ្ឌ​​ដង្កោ​ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​នៅ​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ម៉ូតូ​២​គ្រឿង​ជិះ​ប្រដេញ​គ្នា​យ៉ាង​លឿន​តាម​បណ្ដោយ​ផ្លូវ​២១៧​ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​ជន​រងគ្រោះ​បាន​យក​ជើង​ធាក់​ម៉ូត​ម៉ាក​ហុង​ដា​សេ​១២៥​ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០១៥​គ្រឿង​ពាក់​ស្លាក​លេខភ្នំពេញ​1DB​.1334​ជិះ​ម្នាក់​ឯង​បណ្ដាល​អោយ​ខ្ទាត​ដួល​ទៅ​ចញ្ចើម​ផ្លូវ​ ចំណែក​​ម៉ូតូ​ជន​រងគ្រោះ​ម៉ាក​PCX​ ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1DC.​5728​ ជិះ​៣​នាក់​ប្ដី​ប្រពន្ធ​និង​កូន​បាន​ទៅ​បុក​គូទ​រថយន្ដ​បត់​ឆ្លង​ផ្លូវ​​ម៉ាក morning​ ពណ៌​​ស​ គ្មាន​ស្លាក​លេខ​ បណ្ដាល​អោយ​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់​នៅ​និង​កន្លែង​កើត​ហេតុ​ ចំណែក​ប្ដី​បាន​ស្លាប់​ពេល​បញ្ជូន​​ទៅ​ពេទ្យ​ដល់​ពាក់​កណ្ដាល​ផ្លូវ​ រីឯ​កូន​ប្រុស​អាយុ​២​ឆ្នាំ​កន្លះ​រង​របួស​ធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​។​ ចំណែក​ជន​សង្ស័យ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​នៅ​កន្លែង​កើត​ចាប់​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រោម​ខ្លួន​រួច​ទើប​ប្រគល់​អោយ​សមត្ថកិច្ច​ យក​ទៅ​សាក​សួរ​នៅ​ប៉ុស្តិ៍ នគរបាល​ ដង្កោ​ ។ ក្រោយ​មក​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ដង្កោ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ​ នគរបាល​ស្ទឹង​មានជ័យ ដើម្បី​ចាត់​ការ​បន្ត​ព្រោះ​ជា​ម្ចាស់​ករណី ។​ ចំណែក​ឯ​រថយន្ត និង​ម៉ូតូ​រង​គ្រោះ រួម​ទាំង​ម៉ូតូ​របស់​ជន​សង្ស័យ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ចុះ​ធ្វើ​ការ​វាស់​វែង​យក​ទៅ​រក្សា​ទុក​រង​ចាំ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ ។

បើ​តាម​ការ​សាក​សួរ​របស់​សមត្ថកិច្ច​និង​ចម្លើយ​សារ​ភាព​របស់​ជន​សង្ស័យ​ខាង​លើ​បាន​សារ​ភាព​ថា រូប​គេ​ពិត​ជា​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជន​រងគ្រោះ​នៅ​មុខ​សាលា​បឋម​សិក្សា​ភូមិ​ឫស្សី​ សង្កាត់​​ស្ទឹងមានជ័យ​ តាម​បណ្ដោយ​ផ្លូវ​២១៧​ ពិត​ប្រាកដ​មែន​ ។

បច្ចុប្បន្ន​ជន​សង្ស័យ​ខាង​លើ​កំពុង​ធ្វើ​ការ​សាក​សួរ​បន្ត​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​និង​កសាង​សំណុំ​រឿង​បញ្ជូន ទៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​មាន​ជ័យ ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕