បើក​រថយន្ដ​ព្រលះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូ​ ហើយ​ម្ចាស់​ចុះ​គេច​ខ្លួន​បាត់

ភ្នំពេញ៖ បុរស​ម្នាក់​ស្រវឹង​ស្រា​ឡើង​ជោក​ជាំ បាន​បើក​រថយន្ត​ហាយ​ឡែន​ឌ័រ​ឡើង​ទួល​យ៉ាង​លឿន បួង​ចង្កូត​មិន​ទាន់​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​យ៉ាង​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​បាក់​អស់​២​កង់​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ និង​កល​កង់​រថយន្ត​បង្ក​​ទៅ​មុខ​លេង​រួច ។

ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អាធ្រាត ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​មុខ ថប ក្លឹប តាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ រាជ​ធានី​ភ្នំពេញ ។

យោង​តាម​សម្ដី​ប្រជា​ពលរដ្ឋ​ដែល​នៅ​ក្បែ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ គេ​សង្កេត​ឃើញ​រថយន្ត​បង្ក​ម៉ាក ហាយ​ឡែន​ឌ័រ ពណ៌​ស្ក ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF​-1182​បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្ត​សញ្ញាណ ដែល​ស្រវឹង​ស្រា​ឡើង​ជោក​ជាំ បាន​ធ្វើ​ដំណើរ​មក​ពី​ផ្លូវ​តា​ផុន ទិស​ដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ ក៏​បាន​ជាន់​ហ្គេ​បួង​ចង្កូត​ឡើង​ទួល​ទាំង​កំរោល ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​យ៉ាង​ពេញ​ទំហឹង បណ្ដាល​ឲ្យ​បាក់​អស់​២​កង់ ហើយ​រថយន្ត​បង្ក​បាន​រង​ការ​ខូច​ខាត​ខាង​មុខ​យ៉ាង​ដំណំ គៀប​រថយន្ត​បង្ក​ជាប់​ទៅ​មុខ​លេង​រួច សំណាង​ល្អ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​មិន​មាន​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ និង​មិន​បង្កឲ្យ​អ្នក​បើក​បរ​រង​របួស​នោះ​ឡើយ ។

ក្រោយ​ពេល​កើត​ហេតុ ម្ចាស់​រថយន្ត​បង្ក​បាន​ចុះ​គេច​ខ្លួន​ទាំង​សភាព​ស្រវឹង​ស្រា ទុក​រថយន្ត​នៅ​និង​កន្លែង ។ បន្ទាប់​ក្រោយ​មក សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ រួច​ទំនាក់​ទំនង​ទៅ​ជំនាញ​ទទួល​ផ្នែក​ចរាចរណ៍ ឲ្យ​មក​ចុះ​ធ្វើ​ការ​វាស់​វែង យក​រថយន្ត​បង្ក​ខាង​លើ ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំពេញ រង​ចាំ​ម្ចាស់​រថយន្ត​បង្ក ចូល​ខ្លួន​ដោះ​ស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ ៕