បើ​មក​ពី​ក្រោយ​ទាំង​កំរោល អ្នក​ណា​មិន​លោត​ចេញ

ភ្នំពេញ៖ បុរស​ម្នាក់​បាន​លោត​ចេញ​ពី​លើ​ម៉ូតូ​ភ្លាម​ៗ ហើយ​សំណាង​ល្អ​មិន​បណ្ដាល​ឲ្យ​របួស ខណៈ​ពេល​ដែរ​រូប​គាត់​ជិះ​ម៉ូតូ​ឈប់​កណ្ដាល​ផ្លូវ​ឲ្យ​រថយន្ត​បត់​ឆ្លង​ផ្លូវ ហើយ​ត្រូវ​រថយន្ត​មួយ​គ្រឿង​ទៀត​បើក​មក​ពី​ក្រោយ​បុក​ទាំង​កំរោល​បណ្ដាល​ឲ្យ​គៀប​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​និង​កក់​ស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុន្នី​រ៉េត (217) ត្រង់​ចំណុច​មុខ​បុរី​ប៉េង ហ៊ួត ស្ថិត​ក្នុង​ភូមិ​ឬស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ កាល​ពី​វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៧ ក្នុង​ហេតុ​ការណ៍​នេះ​ក៏​មាន​រថយន្ត​២​គ្រឿង​ទៀត​បាន​បុក​បន្ត​កន្ទុយ​គ្នា​រង​ការ​ខូច​ខាត​ផង​ដែរ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុគេ​សង្កេត​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក វីវ៉ា ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1BN-9537 បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​មុន្នី​រ៉េត (217)ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ ក៏​បាន​ឈប់​ម៉ូតូ​នៅ​កណ្ដាល​ផ្លូវ ដើម្បី​ឲ្យ​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក បើក​បត់​ឆ្លង​ផ្លូវ​ចូល​បុរី ។

ប្រភព​ដ​ដែល​បាន​បន្ត​ថា បន្ទាប់​ពី​ម៉ូតូ​ជន​រង​គ្រោះ​បាន​ឈប់​ហើយ​នោះ ក៏​មាន​រថយន្ត​បង្ក​ម៉ាក​ហុី​យ៉ាន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3D​-33​91 បើក​បរ​ដោយ​បុរស​ម្នាក់ រួម​ដំណើរ​ដោយ​បុរស​២​នាក់​ជា​មួយ បាន​បើក​មក​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ចាំ​ហ្វាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​រងគ្រោះ​ទាំង​កំរោល​បណ្ដាល​ឲ្យ​ម៉ូតូ​គៀប​ជាប់​ក្រោម​រថយន្ត​រង​ការខូច​ខាត​យ៉ាង​ដំណំ សំណាង​ល្អ​ម្ចាស់​ម៉ូតូ​ឃើញ​សភាព​មិន​ល្អ​បាន​លោត​ចេញ​ពី​ម៉ូតូ​ទាន់​ពេល មិន​បណ្ដាល​ឲ្យ​រង​របួស​នោះ​ឡើយ ។

ក្រោយ​ពេល​កើត​ហេតុ​ភ្លាម​ៗ ភាគី​ខាង​រថយន្ត​បង្ក​បាន​សុំ​ធ្វើការ​សម្រប​សម្រួល​ជា​មួយ​ភាគី​ខាង​ម៉ូតូ​រង​គ្រោះ ខណៈ​ពេល​ដែរ​កំពុង​ចចារ​គ្នា ក៏​មាន​រថយន្ត​ម៉ាក​កូរ៉ូឡា ពាណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ2C-7244 ដែល​ដឹក​អ្នក​ដំណើរ​ប្រហែល​នាក់​ក្នុង​រថយន្ត បាន​បើក​ស្រប​ទិស​គ្នា ដោយ​ល្បឿន​សិន​សុឹមៗ ហើយ​ត្រូវ​រថយន្ត​កុង​តឺ​ន័រ មួយ​គ្រឿង​ទៀត​ម៉ាក​STERLING ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-7260 បាន​បើក​មក​បុក​រថយន្ត​កូរូឡា​ពី​ក្រោយ​ថែម​ទៀត បណ្ដាល​ឲ្យ​កំពិត​កាង​ក្រោយ​បន្ទិច​បន្ទួច ហើយ​ក៏​ធ្វើឲ្យ​មាន​ការ​កក់​ស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​តែ​ម្ដង​នៅ​តាម​បណ្ដោយ​ផ្លូវ​កើត​ហេតុ​ខាង​លើ ។

ដោយ​មាន​ការ​សម្រប​សម្រួល​ពី​កម្លាំង​សមត្ថកិច្ច​មូល​ដ្ឋាន​ទទួល​ផ្នែក​ចរាចរណ៍ ចុះ​ជួយ​សម្រួល​ធ្វើ​ចរាចរណ៍ និង​ជួយ​សម្រួល​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​ផង​ដែរ​នោះ ទើប​ភាគី​រថយន្ត​បង្ក​ម៉ាក​ហុី​យ៉ាន់​ដាយ ដែល​បុក​ម៉ូតូ បាន​សង​ការ​ខូច​ខាត​ចំនួន​១០​មុឺន​រៀល ហើយ​ខាង​រថយន្ត​កុង​​តឺន័រ​ដែល​បើក​បុក​រថយន្ត​កូ​រ៉ូ​ឡា បាន​សង​ការ​ខូច​ខាត​ចំនួន​80​$​ផង​ដែរ ដើម្បី​បញ្ចប់​រឿង​នៅ​និង​កន្លែង​កើត​ហេតុ ហើយ​មួយ​សន្ទុះ​ក្រោយ​មក ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពលរដ្ឋ​ក៏​រលូន​ជា​ធម្មតា​វិញ ៕