ឃួង ស្រេង ថា​នឹង​បង្រ្កាប​គ្រឿង​ញៀន​នៅ​ត្រពំាង​ឈូក​ឲ្យ​អស់

ពីរ​ថ្ងៃមុន​ពេល​ពេល​ប្រកាស​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី​២៨ មិថុនា​ស្អែក​នេះ លោក ឃួ​ង ស្រេង ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ តាម​សំណើ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​នោះ បាន​សន្យា​ថា​នឹង​បង្ក្រាប​គ្រឿងញៀន​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​ឲ្យ​អស់ពី​មូលដ្ឋាន​ភូមិ​ត្រពាំង​ឈូក ។

ការ​ប្រកាស​របស់​លោក ឃួ​ង ស្រេង ខាងលើ​បែប​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៧​ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ការ​ដុត​កម្ទេច​គ្រឿងញៀន​ជាង ១២០​គីឡូក្រាម នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្នុង​ខណ្ឌចំការមន ។

បើ​តាម​លោក ឃួ​ង ស្រេង “​បើ​ទោះបី​តំបន់​បឹង​ឈូក​នេះ​ជា​តំបន់​ស្មុគស្មាញ​មួយ​ត្រូវ​ដោះស្រាយ​ឱ្យ​បាន​រៀបរយ​ហើយ​ក្តី ក៏​ប៉ុន្តែ​យើង​មិន​ទាន់​ច្បាស់​ថា​គ្រឿងញៀន​ទាំងនេះ​អាច​បាត់​អស់ពី​ភ្នំពេញ ឬ​យ៉ាងណា​ឡើយ ពោល​គឺ​ពួក​គេ​អាច​បន្តសកម្មភាព​នេះ​ទៅ​តំបន់​មួយ​ផ្សេង​ទៀត​។ ក្នុង​នាម​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ យើង​នឹង​បន្ត​កិច្ច​ប្រតិបត្តិការ​នេះ​បន្ត​ទៀត​មិន​ថា​នៅ​តាម​ក្លឹ​ប និង​កន្លែង​សប្បាយ​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ឡើយ ដាច់ខាត​អាជ្ញាធរ​យើង​ត្រូវ​តែ​បង្ក្រាប​ឱ្យ​ខាង​តែ​បាន​”​។

សូម​បញ្ជាក់​ថា ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ភូមិ​ត្រពាំង​ឈូក កន្លង​មក​អាជ្ញាធរ​ជំនាញ​ពាក់​ព័​ន្ឋ រាប់​ទាំង​កងកម្លាំង​ថ្នាក់​ជាតិ​ចុះ​បង្ក្រាប​គ្រឿងញៀន​នៅ​ក្នុងភូមិ​សាស្ត្រ​ខាងលើ​រាប់​ភ្លេច​យ៉ាងណា​ក្តី ក៍​គ្រឿងញៀន​នៅ​តែ​ត្រូវ​បាន​ជន​សង្គម​ងងឹត​ជួញដូរ​នៅ​ទីនោះ​ដដែល ដែល​គេ​បាន​ដាក់​ការ​សង្ស័យ​ថា មេ​ជួញដូរ​នៅ​តំបន់​នោះ មិនមែន​ជា​ពលរដ្ឋ​សាមញ្ញ​ឡើយ ពោល​គឺ​អ្នកមាន​អំណាច​និង​ឥ​ទ្ឋិ​ពល រហូត​អាជ្ញាធរ​មូលដ្ឋាន​ដើរ​គេច ហើយ​បើ​បង្ក្រាប​គឺ​បាន​តែ​អ្នក​ប្រើប្រាស់​និង​អ្នក​រត់ការ​ជួយ​លក់​គ្រឿងញៀន​ឲ្យ​មេ​ធំ​តែ​ប៉ុណ្ណោះ ។

យ៉ាងណា​ក្តី រង់ចាំ​តាមដាន​ទាំងអស់​គ្នា​ថា​តើ​លោក​អ​ផិ​បាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ដែល​នឹង​ឡើង​កាន់​តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃស្អែក អាច​ធ្វើ​សម្រេច​ជោគជ័យ​តាម​ការ​សន្យា​ដែរ​ឬទេ ?​៕ ដកស្រង់ពី អង្រុត