បើក​​រថយន្ដបុក​រះខ្ទេច​ម៉ូតូ​និងរថយន្ដ​​ជា​​ច្រើន​គ្រឿង ពេល​ចុះ​មកធ្វើ

ភ្នំពេញ៖ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើត​ឡើង​នៅ​ផ្លូវ​២០០៤ ដែល​បុរស​ម្នាក់​ស្រវឹង​ស្រា​បាន​បើក​រថយន្ត​CRV
រួម​ដំណើរ​ដោយ​ស្ត្រី​ម្នាក់​ក្នុង​រថយន្ត​ជា​មួយ បាន​បើក​បរ​យ៉ាង​លឿន​ជ្រុល​ចង្កូត​ទៅ​បុក​និង​រថយន្ត​កូរ៉េ​ខ្នាត​តូច​មួយ​គ្រឿង​ដែល​ចត​លើ​ចំណី​ផ្លូវ​លក់​ម្ជូរ​និង​ភេសជ្ជៈ​គ្រប់​មុខ និង​រុញ​ផ្ទប់​ម៉ូតូ​២​គ្រឿង​និង​ទូរលក់​ទូរស័ព្ទ ព្រម​ទាំង​សម្ភារៈ​ជួល​ជុល​ម៉ូតូ​មួយ​ចំនួន​ធំ បណ្ដាល​ឲ្យ​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ សំណាង​ល្អ​ក្នុង​ហេតុ​ការណ៍​ខាង​លើ​នេះ​ដែល​មិន​បង្ក​ឲ្យ​មនុស្ស​រង​របួស​ឡើយ ។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ដែរ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១០​និង១០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវ​២០០៤ មុខ​ហាង​ទូរស័ព្ទ ឌុក កុម្ភៈ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ល្វា សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ហេតុ​ម៉ាក​ហុង​ដារ CRV ពណ៌​ទឹក​មាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2U-0487 ។ ចំណែក​រថយន្ត​រង​គ្រោះ​ជា​ប្រភេទ​រថយន្ត​កូរ៉េ​លក់​ម្ជូរ​និង​ភេសជ្ជៈ​គ្រប់​មុខ ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ​2E-5236 និង​ខ្ទៀត​ទៅ​ប៉ះ​ម៉ូតូ​២​គ្រឿង​ទៀត​ដែល​ខូច​ខាត ១​គ្រឿង​ម៉ា​កស្ស៊ុយ​ស៊ី​គី​ឡេត ពណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1R-5892 និង​មួយ​គ្រឿង​ទៀត​ម៉ាក​វី​វ៉ា​ពណ៌​ខ្មៅ​1D-3098 ហើយ​ម៉ូតូ​បាន​រុញ​ទៅ​បុក​ទូរ​លក់​គ្រឿង​បន្លះ​ទូរស័ព្ធ​និង​ជុស​ជុល​ម៉ូតូ​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ ។

ជុំ​វិញ​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ យោង​តាម​សាក្សី​ពី​កន្លែង​កើត​ហេតុ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​CRV​បើក​បរ​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង តាម​បណ្ដោយ​ផ្លូវ​២០០៤​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រថយន្ត​កូរ៉​លក់​ម្ជូរ​និង​ភេសជ្ជៈ​កំពុង​ឈប់​ចត​នៅ​មុខ​ហាង​ទូរស័ព្ទ ឌុក កុម្ភៈ ហើយ​រថយន្ត​បង្ក​រមិន​ទាន់​អស់​ល្បឿន​បាន​រុញ​រថយន្ត​កូរ៉េ​បុក​ម៉ូតូ​២​គ្រឿង​​ខាង​​លើ​​រួម​​និង​ទូរ​លក់​ទូរស័ព្ទ ព្រម​ទាំង​សម្ភារៈ​ជួល​ជុល​ម៉ូតូ​មួយ​ចំនួន​ធំ បណ្ដាល​ឲ្យ​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ​តែ​ម្ដង តែ​សំណាង​ល្អ មិន​បណ្តាល​អោយ​មនុស្ស​គ្រោះ​ថ្នាក់​ក្នុង​ហេតុ​ការណ៍​នេះ​ឡើយ ។

ក្រោយ​កើត​ហេតុ អ្នក​បើក​រថយន្ត​បង្ក​បាន​បើក​ទ្វា​ចេញ​មក​ទាំង​ភាព​ស្រវឹង និង​រក​រឿង​គេ​ឯង​ព្រម​ទាំ​ង​អ្នក​សារ​ព័ត៌មាន​ផង​ដែរ បន្ទាប់​មក​ទើប​មាន​សមត្ថ​កិច្ច​មូល​ដ្ឋាន​និង​ជំនាញ​ចរាចរណ៍​ខណ្ឌ​ចុះ​មក​អន្តរាគមន៍​សម្រួល​កន្លែង​កើត​ហេតុ ហើយ​ឃាត់​អ្នក​បើកបរ​ទុក​ប្រគល់​អោយ​ជំនាញ​ចរាចរណ៍​ក្រុង ចំពោះ​ករណី​ខាង​លើ​នេះ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​បាន​ចុះ​មក​វាស់​វែង​យក​រថយន្ត​បង្ក​និង​រថយន្ត​រងគ្រោះ​រួម​ទាំង​ម៉ូតូ យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​នៃ​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ការ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ​តាម​នីតិវិធី ៕