បទ ខូច​ចិត្ត​ត្បិត​ព្រាត់​អូន ដោយ ខេមរៈ សិរីមន្ត ចំណែក​ម្ចាស់​ដើម​គឺលោកតា​…

កាល​ពី​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ​២០១៧ ផលិតកម្ម​សាន់ដេ បាន​ចេញ MV Teaser បទ ខូចចិត្ត​ត្បិត​ព្រាត់​អូន ជា​ផ្លូវការ​ហើយ។ បទ​នេះ​ត្រូវ​បាន​ច្រៀង​ឡើង​វិញ ពី​បទ​មរតក​ដើម។ យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ផលិតកម្ម​សាន់ដេ បាន​បង្ហោះ​វីដេអូ និង​អម​ដោយ​ខ្លឹមសារ​ថា៖

ហេតុអ្វី​ព្រហ្មលិខិត​ដាក់​ទោស​ខ្ញុំ​បែប​នេះ តើ​ខ្ញុំ​ខុស​អ្វី បាន​ជា​ឆក់​យក​សុភមង្គល​ពី​ជីវិត​ខ្ញុំ​យ៉ាង​នេះ? បទ៖ ខូច​ចិត្ត​ត្បិត​ព្រាត់​អូន, ដឹក​នាំ​សម្ដែង៖ Phea Ice, និពន្ធ​ទំនុកច្រៀង៖ មរតក​ដើម, សម្រួល​តន្ត្រី៖ Tonosaki, ច្រៀង៖ ខេមរៈ សិរីមន្ត។ ចេញ​ឆាប់ៗ​នេះ​ហើយ។
សូម​បងប្អូន​ប្រិយមិត្ត​រីករាយ​ស្ដាប់​សំនៀង​របស់​លោក ខេមរៈ សិរីមន្ត​ដូច​ខាងក្រោម៖

បទ ខូចចិត្ត​ត្បិត​ព្រាត់​អូន ជា​ចម្រៀង​ដ៏​ពីរោះ កម្សត់ លន្លង់លន្លោច​មួយ​បទ ដែល​និយាយ​ពី​ស្នេហា​ព្រាត់​ប្រាស របស់​គូ​ស្នេហ៍​មួយ​គូ​តាំង​ពី​ជំនាន់​លោកតា ស៊ីន ស៊ីសាមុត។ មហាជន​មួយ​ចំនួន​នៅ​តែ​យល់​ច្រលំ​ថា បទ​នេះ​ច្រៀង​ដោយ​លោក មាស ហុកសេង ដែល​ជា​ម្ចាស់​បទ លលក​ញី​ឈ្មោល តែ​តាមពិត​បទ​នេះ​ជា​សំនៀង​របស់​លោក មាស ម៉េងហ៊ាង ដែល​ជា​ប្អូន​ប្រុស​បង្កើត​របស់​លោក មាស ហុកសេង។

យោង​សេចក្ដី​អត្ថាធិប្បាយ​របស់​លោក សេង តារា ក្នុង​កម្មវិធី​ចម្រៀង​សំណូមពរ​ប្រិយមិត្ត បាន​ឲ្យ​ដឹង​ថា លោក មាស ម៉េងហ៊ាង និពន្ធ​បទ​នេះ​ឡើង គឺ​បរិយាយ​សេចក្ដី​ស្នេហា​របស់​មិត្ត​លោក ដែល​ស្រឡាញ់​គ្នា​ជាមួយ​នារី​ម្នាក់ តែ​ដោយ​ខ្លួន​មាន​ប្រពន្ធ​ហើយ ស្នេហា​នោះ​ក៏​មិន​សម​បំណង។ ការ​បែក​គ្នា​នេះ បាន​ធ្វើ​ឲ្យ​ភាគី​ខាង​​ប្រុស​ខូច​ចិត្ត​ជា​ខ្លាំង។ លោក​បាន​បញ្ជាក់​ថា លោកតា មាស ម៉េង ហ៊ាង ក៏​ជា​តន្ត្រីករ និង​ជា​តារា​ចម្រៀង​ម្នាក់​ដែរ កាល​ពី​ជំនាន់​លោកតា សាមុត។

សូម​រីករាយ​ស្ដាប់​បទ ខូចចិត្ត​ត្បិតព្រាត់​អូន ជា​សំនៀង​របស់​ម្ចាស់​ដើម លោកតា មាស ម៉េងហ៊ាង។ និពន្ធ​ទំនុកច្រៀង និង​បទភ្លេង​ដោយ លោកតា មាស ម៉េងហ៊ាង, សម្រួល​តន្ត្រី​ដោយ​លោកតា អ៊ំ ដរ៉ា៖

សូមបញ្ជាក់​ថា សព្វថ្ងៃ​លោកតា មាស ម៉េងហ៊ាង ដែល​ជា​ម្ចាស់​បទ ខូចចិត្តត្បិតព្រាត់អូន នៅ​មាន​ជីវិត​នៅឡើយ គឺ​លោក​រស់​នៅ​ប្រទេស​បារាំង ចំណែក​លោកតា អ៊ំ ដរ៉ា ក៏​នៅ​មាន​ជីវិត​ដែរ​នៅ​ក្រុង​ភ្នំពេញ ដែល​លោក​តា​មាន​វ័យ​ជរា​ណាស់​ទៅ​ហើយ ដោយ​ឡែក​លោកតា មាស ហុកសេង ដែល​ជា​បងប្រុស​របស់​លោក និង​ជាម្ចាស់​បទ លលកញីឈ្មោល បាន​បាត់បងជីវិត​កាល​ពី​សម័យ​ប៉ុលពត​ហើយ។