រង​ចាំ​ទស្សនា​ទាំង​អស់​គ្នា​! Pacquiao ឡើង​ការពារ​ខ្សែ​ក្រវាត់ WBO ប៉ះ​ជា​មួយ​ជើង​ខ្លាំង​អូស្រ្តាលី Jeff Horn ថ្ងៃ​អាទិត្យ​នេះ

ប្រ៊ីសបេន៖ Manny Pacquiao នឹង​ឡើង​សៃ​វៀន​ម​ការពារ​ខ្សែ​ក្រវាត់​ទម្ងន់​មធ្យម​ពិភព​លោក WBO ដោយ​ត្រូវ​ប៉ះ​ជា​មួយ​ជើង​ខ្លាំង​ប្រចាំ​ប្រទេស​អូស្រ្តាលី Jeff Horn នា​ព្រឹក​ថ្ងៃ​អាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០១៧ ចុង​សប្តាហ៍​នេះ ។

Pacquiao មិន​ដែល​មាន​ប្រវត្តិ​ជួប Jeff Horn ដែល​មាន​វ័យ​ទើប​តែ ២៩​ឆ្នាំ​នោះ​ទេ តែ​ការ​ប្រកួត​លើក​នេះ នឹង​ធ្វើ​ឡើង​នៅ​លើ​សង្វៀន Suncorp Stadium ស្ថិត​ក្នុង​ទី​ក្រុង Brisbane នៃ​ប្រទេស​អូ​ស្រ្តាលី នៅ​ថ្ងៃ​អាទិត្យ ទី២ ខែ​កក្កដា ឆ្នាំ​២០១៧ ចាប់​ពី​ម៉ោង ៨៖​០០​នាទី​ព្រឹក​ត​ទៅ ម៉ោង​នៅ​កម្ពុជា។

សម្រាប់​ការ​ការ​ពារ​ខ្សែ​ក្រវាត់​ខាង​លើ​នេះ វា​ក៏​ជា​លើក​ទី​១​ហើយ សម្រាប់ Pacquiao ជន​ជាតិ​ហ្វី​លី​ពីន វ័យ​៣៨​ឆ្នាំ ចាប់​តាំង​ពី​បាន​ឈ្នះ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៦ ក្រោយ​ផ្តួល​ម្ចាស់​ខ្សែ​ក្រវាត់​ជន​ជាតិ​អាមេរិក Jessie Vargas នៅ​រដ្ឋ Naveda សហរដ្ឋ​អាមេរិក និង​ត្រូវ​បាន​លុប​ការ​ប្រកួត​ចោល​វិញ​ជា​មួយ Amir Khan ជន​ជាតិ​អង់គ្លេស ដោយ​សារ​តែ​បញ្ហា​តម្លៃ​ខ្លួន​ដែល​គ្រោង​នឹង​វ៉ៃ​នៅ​ប្រទេស​អារ៉ាប់​រួម នា​ពាក់​កណ្តាល​ខែ​មេសា​កន្លង​ទៅ ។

Manny Pacquiao កម្ពស់ ១.៦៧ម៉ែត្រ ប្រកួត​បាន​៦៧​ដង ធ្លាប់​ឈ្នះ​៥៩​ដង ស្មើ​២​ដង ចាញ់​៦​ដង និង​ធ្លាប់​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​៣៨​ដង ចំណែក​ដៃ​គូ​ប្រជែង​នា​ថ្ងៃ​អាទិត្យ​នេះ Jeff Horn កម្ពស់ ១.៧៥​ម៉ែត្រ ប្រកួត​បាន ១៧​ដង មិន​ដែល​ចាញ់ ស្មើ​១ដង ឈ្នះ​១៦​ដង និង​ធ្លាប់​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន ១១​​ដង​៕