ជិះ​សុខៗ រថយន្ដ​ដឹក​ថ្ម បុក​ឡើង​ក្រឡប់

ភ្នំពេញ៖ រថយន្ដ​ធន់ធំ​ដឹក​ថ្ម​មួយ​គ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ជ្រុល​បុក​រថយន្ដ​កូរ៉េ​ដឹក​ទំនិញ​ពី​ក្រោយ​ពេញ​ទំហឹង​បណ្ដាល​អោយ​រថយន្ដ​កូរ៉េ​ដឹក​ទំនិញ​ក្រឡាប់​ផ្ងារ​ជើង​ឡើង​លើ​ចិញ្ចើម​ផ្លូវ​រង​ការ​ខូច​ខាត តែ​សំណាង​ល្អ​មិន​បណ្ដាល​អោយ​អ្នក​ជិះ​ក្នុង​រថយន្ដ​រង​របួស។

ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​២២​និង​១០​នាទី យប់​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ខាង​មុខ​ផ្សារ អុី​ខាង តាម​បណ្ដោយ​ផ្លូវ​វេង​ស្រេង ក្នុង​ភូមិ​ដំណាក់​ភូមិ​២ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​រថយន្ដ​កូរ៉េ​ដឹក​ទំនិញ​មួយ​គ្រឿង​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​2AF-4037 ដឹក​ទំនិញ​ពេញ​ប្រៀប​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​វេង​ស្រេង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ល្មម​ពេល​មក​ដល់​ចំណុច​ខាង​មុច​ផ្សារ​អុី​ខាង​ស្រាប់​តែ​មាន​រថយន្ដ​ធន់​ធំ​ដឹក​ថ្ម​មួយ​គ្រឿង​ទៀត​ធ្វើ​ដំណើរ​ស្រប​គ្នា​ជា​មួយ​រថយន្ដ​កូរ៉េ​បើក​ក្នុង​ល្បឿន​លឿន​បាន​មក​បុក​ពី​ក្រោយ​យ៉ាង​ពេញ​ទំហឹង​បណ្ដាល​អោយ​រថយន្ដ​កូរ៉េ​ក្រឡាប់​ផ្ងារ​ជើង​ឡើង​លើ​ចិញ្ចើម​ផ្លូវ​តែ​សំណាង​ល្អ​មិន​បណ្ដាល​អោយ​អ្នក​ជិះ​ក្នុង​រថយន្ដ​រង​របួស​នោះ​ទេ។ ចំណែក​រថយន្ដ​បង្ក​រង​ការ​ខូច​ខាត​ផ្នែក​ខាង​មុច​ចំហៀង​ខាង​ស្ដាំ​ហើយ​ពេល​បង្ក​ហេតុ​រួច​តៃ​កុង​រថយន្ដ​បាន​បើក​ទ្វារ​រថយន្ដ​ចុះ​គេច​ខ្លួន​បាត់​បន្សល់​រថយន្ដ​ទុក​នៅ​កន្លែង​កើត​ហេតុ។

ក្រោយ​ពេល​កើត​ហេតុ​កម្លាំង​សមត្ថ​កិច្ច​មូល​ដ្ឋាន​បាន​ចុះ​ដល់​កន្លែង​កើត​ហេតុ​និង​បាន​ទាក់​នង​ទៅ​កម្លាំង​ជំនាញ​ចុះ​ធ្វើ​ការ​វាស់​វែង​យក​រថយន្ដ​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​រង​ចាំ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់ ៕