លួច​កាច់​សោរ​ក​ម៉ូតូ​មិន​បាន​សម្រេច ត្រូវ​ម្ចាស់​ម៉ូតូ​ចាប់​ប្រគល់​ឲ្យ​សមត្ថ​កិច្ចវៃខ្នោះ

ភ្នំពេញ៖ ជន​សង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោរ​ក​ម៉ូតូ តែ​មិន​បាន​សម្រេច​ត្រូវ​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់​ស្រែក​ឆោ​ឡោម​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​ជួយ​ចាប់​ប្រគល់​ឲ្យ​សមត្ថ​កិច្ច កាល​ពីវេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​ហាង​បាយ​មួយ​កន្លែង តាម​បណ្ដោយ​ផ្លូវ​១៩២ ស្ថិត​ក្នង​សង្កាត់​ទឹក​ល្អក់​ទី៣ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ។

ជន​សង្ស័យ​ម្នាក់​ដែល​ឃាត់​ខ្លួន​បាន​ខាង​លើ​មាន​ឈ្មោះ ហាក់ លុច ហៅស្រ៊ុយ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​មុខ​របរ​និង​ស្នាក់​នៅ​មិន​ពិត​ប្រាកដ ។ ចំណែក​ជន​រង​គ្រោះ​មាន​ឈ្មោះ ខេន ម៉េងគា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខ​របរ​ជា​និស្សិត ត្រូវ​ជា​ម្ចាស់​ម៉ូតូ​ជន​សង្ស័យ​លួច​កាច់​ក ម៉ាក វ៉េវ​អាម​ហ្វា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CN- 9487 ។

បើ​តាម​សម្ដី​បុរស​ម្ចាស់​ម៉ូតូ​រងគ្រោះ​ខាង​លើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ រូប​គាត់​បាន​ជិះ​ម៉ូតូ​ចេញ​ពី​រៀន មក​ញុំ​បាយ​ជា​មួយ​មិត្ត​ភ័ក្រ្ត​នៅ​កន្លែង​កើត​ហេតុ រួច​ហើយ​ក៏​ទុក​ម៉ូតូ​នៅ​មុខ​ហាង​បាយ បន្ទាប់​ក្រោយ​មក​ក៏​លេច​មុខ​ជន​សង្ស័យ​ខាង​លើ​ដើរ​មក​អង្គុយ​លើ​ម៉ូតូ​របស់​គាត់ ហើយ​ធ្វើ​សកម្មភាព​កាច់​សោរ ក ម៉ូតូ​តែ​ម្ដង ។ ភ្លាមៗ​នោះ​ជន​រងគ្រោះ​ក៏​បាន​ស្រែក​ថា​ចោរ​ៗៗ ទើប​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​ដែល​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ជួយ​ដេញ​ចាប់ ហើយ​ស្វាគមន៍​ម្នាក់​មួយ​ដៃ មួយ​ជើង ឡើង​ទ្រោម​ខ្លួន ទើប​ទាក់​នង​ទៅ​សមត្ថកិច្ច​មូល​ដ្ឋាន​ឲ្យ​ចុះ​មក​វៃ​ខ្នោះ​ដឹក​យក​ទៅ​ចាត់​ការ​បន្ត ។

ក្រោយ​ពេល​កើត​ហេតុ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋ​បាល​ទឹក​ល្អក់​ទី​៣ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ចាត់​វិធាន​ការ​ទៅ​លើ​ជន​សង្ស័យ​តាម​ផ្លូវ​ច្បាប់ ។ រី​ឯ​សមត្ថកិច្ច​បាន​ទទួល​ពាក្យ​បណ្ដឹង​ជន​រង​គ្រោះ ហើយ​ដឹក​ជន​សង្ស័យ​បញ្ចូន​បន្ត​ទៅ​កាន់​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួល​គោក​ដើម្បី​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន រង​ចាំ​កសាង​សំណុំ​រឿង​បញ្ចូន​បន្ត​ទៅ​តុលា​ការ​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់​នៅ​ពេល​ក្រោយ ៕