ឌួង ឆាយ ចង់​ឲ្យ​តុលា​ការ លែង​ជន​ជាប់​ចោទ​ឆ​បោក​ប្រាក់.​តែ​តុលាការ​សម្រេច​ឃុំ.ជន​ជាប់​ចោទ​ដួល​សន្លប់(មាន​វីដេ​អូ)

ភ្នំពេញ​៖ ​បុរស​ជន​ជាតិ​សឹង្ហ​បុរី​ម្នាក់​ជា​អ្នក​ចាត់​ចែង​ក្នុង​ក្រុម​ហ៊ុន ស៊ី​ឃ្យូ​ខម មេឌា (SECURECOM MEDIA) CO.LTD​ពាក់​ព័ន្ធ​ករណី​ស៊ី​ដាច់​ប្រាក់​អតិថិ​ជន​ជាង​៣​លាន​ដុល្លារ​អាមេរិក ហើយ​ចម្រុង​ឡើង​យន្ត​ហោះ​រត់​គេច​ខ្លួន​នោះ ត្រូវ​បាន​ លោក​ ហន​ សុ​ខេម​រិន្ទ​ ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​នៅ​ថ្ងៃ​ទី២៦​ខែ​មិថុនា​ ឆ្នាំ​២០១៧​ ឃុំ​ខ្លួន​ដាក់​ពន្ធ​នាគា​បណ្ដោះ​អាសន្ន​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ឆបោក​ដើម្បី​រង់​ចាំ​ការ​ស៊ើប​អង្កេត​រក​គូ​កន​ដែល​គេច​ខ្លួន។

នៅ​ពេល​ដែល​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ ក្រសួង​មហា​ផ្ទៃ​បាន​បញ្ជូន​បុរស ជន​ជាតិ​សឹង្ហ​បុរី​រូប​នេះ​មក​តុលា​ការ​ក្រុម​អ្នក​សារ​ព័ត៌មាន​បាន​ឃើញ​ឧកញ៉ាឌួង ឆាយ ចេញ​មុខ​ធ្វើ​អន្តរាគមន៍​ជួយ​ដោះ​ស្រាយ​ដែរ​តែ​មិន​បាន​ទទួល​លទ្ធ​ផល​ទេ​ជា​ហេតុ​ធ្វើ​ឲ្យ​ជន​បរទេស​រូប​នេះ​ដួល​សន្លប់​ផ្អើល​ពេញ​តុលា​ការ។

បុរស​ជន​ជាតិ​សឹង្ហ​បុរី​រូប​នេះ​ឈ្មោះ ENG WEI KHIONG អាយុ​៣៤​ឆ្នាំ​បាន​ត្រូវ​សមត្ថកិច្ច​នគរ​បាល​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ ក្រសួង​មហា​ផ្ទៃ ឃាត់​ខ្លួន​នៅ​ថ្ងៃ​ទី​២៣​ខែ មិថុនា​នៅ​ចំណុច​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​រួច​កសាង​សំណុំ​រឿង​បញ្ជូន​មក​តុលាការ​នៅ​ថ្ងៃ​ទី​២៥​ខែ​មិថុនា​ដើម្បី​ចាត់​ការ​តាម​ច្បាប់ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា មាន​មេ​ធាវី​២​រូ​ប​មេ​ធាវី ជា​មេ​ធាវី​តំណាង​ដោយ​អាណត្តិ​ឱ្យ​ក្រុម​ហ៊ុន ស៊ីឃ្យួរខម មេឌា បាន​ប្តឹង​ជន​សង្ស័យ​ឈ្មោះ YEO BOON YONG ជា​នាយក​ក្រុម​ហ៊ុន​ស៊ី​ឃ្យូ​ខម មេឌា​និង​ឈ្មោះ ENG WEI KHIONGជា​អ្នក​ចាត់​ចែង​ក្នុង​ក្រុម​ហ៊ុន ស៊ី​ឃ្យូ​ខម មេឌា ស្នាក់​នៅ​អាគារ SILVER TOWN ស្ថិត​តាម​ផ្លូវ​លេខ​៦៣​(មហា​វិថី​ត្រសក់​ផ្អែម) សង្កាត់​បឹង​កេង​កង​១ ខណ្ឌ​ចំការមន​និង​គូ​កន ពី​បទ​ឆ​បោក និង​រំលោភ​លើ​ទំនុក​ចិត្ត ពី​អតិថិ​ជន​របស់​ក្រុម​ហ៊ុន​ចំនួន​១២​នាក់ លើ​ទឹក​ប្រាក់​ចំនួន​ជាង​៣​លា​ន២​សែន​ដុល្លារ​អាមេរិក ។

ក្នុង​ពាក្យ​បណ្ដឹង​បាន​បញ្ជាក់​ថា កាល​ពី​អំឡុង​ខែ​សីហា ឆ្នាំ​២០១៦ ក្រុម​ហ៊ុន ស៊ី​ឃ្យួរ​ខម មេឌា បាន​ប្រកាស​ផ្សាយ​ពាណិជ្ជកម្ម​ធ្វើ​អាជីវកម្ម​លក់​ភាគ​ហ៊ុន ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​ក្រុម​ហ៊ុន FUGI ។ បន្ទាប់​ពី​មាន​ការ​ផ្សព្វ​ផ្សាយ​ធ្វើ​ឲ្យ​អតិថិ​ជន​មួយ​ចំនួន​បាន​បើក​គណនី និង​ដាក់​ប្រាក់​ក្នុង​ក្រុម​ហ៊ុន​នោះ​ជា​ច្រើន​លាន​ដុល្លារ ដើម្បី​ធ្វើ​អាជីវ​កម្ម​វិនិយោគ​តាម​ការ​ផ្សព្វ​ផ្សាយ​របស់​ក្រុម​ហ៊ុន ។ ក្រោយ​ពេល​ដំណើរ​ការ​បាន​មួយ​រយៈ​ដល់​ខែ​វិច្ឆិកា ឆ្នាំ២០១៦ ក្រុម​ហ៊ុន​នេះ​ក៏​បាន​ប្តូរ​លក្ខន្តិកៈ និង​ដក​លោក ឯក សារឿន ជា នាយក​ចេញ ហើយ​ដាក់​ឈ្មោះ YEO BOON YONG ជំនួស​វិញ ។

ចាប់​តាំង​ពី​នោះ​មក​ក្រុម​ហ៊ុន​នេះ​បាន​ផ្លាស់​ប្តូរ​លក្ខន្តិកៈ និង​គោល​ការណ៍​ផ្ទៃ​ក្នុង​ជា​ញឹក​ញាប់​ផ្ទុយ​ពី​ខ្លឹម​សារ​កិច្ច​ព្រម​ព្រៀង​ចុះ​ថ្ងៃ​ទី​១ ខែ​សីហា ២០១៦ ទាំង​ស្រុង ។ មិន​តែ​ប៉ុណ្ណោះ​សូម្បី​តែ​ការ​ប្រាក់​ចំណេញ ដែល​កាល​ពី​មុន​ក្រុម​ហ៊ុន​កំណត់​ឲ្យ​ដក​ក្នុង​រយៈ​ពេល​១០​ថ្ងៃ​ម្តង​ឬ ក្នុង​១​ខែ​ម្តង​នោះ​ក៍​លែង​ទៀង​ទាត់​ដែរ​ពោល​គឺ​បាន ពន្យា​ពេល​លើស​រយៈ​ពេល​១០​ថ្ងៃ ដោយ​មិន​កំណត់​ពេល​ជាក់​លាក់​ទាល់​តែ​សោះ ។ ពិសេស​ទៀត​នោះ​នាយក​ក្រោយ​គឺ​ឈ្មោះ YEO BOON YONG ជន​ជា​សឹង្ហ​បុរី​នេះ​ប្រើ​ល្បិច​កល​លួង​លោម​អតិថិ​ជន ដោយ​ភូត​កុហក​ថា​ក្រុម​ហ៊ុន​ធំ​នៅ​ប្រទេស​អង់​គ្លេស​មិន​ព្រម​បង្វែរ​ប្រាក់​ឲ្យ​មក​អតិថិ​ជន​ទេ ដោយ​កំណត់​ឲ្យ​អតិថិ​ជន​ទាំង​អស់​បង្វែរ​ប្រាក់​ចំណេញ ទៅ​ដាក់​ជា​ហ៊ុន​បន្ថែម​នៅ​ទី​ផ្សារ​ធំ​ប្រទេស​អង់​គ្លេស​វិញ​ដើម្បី រង់​ចាំ​ស្ថាន​ភាព​នឹង​នរ ទើប​ឲ្យ​ដក​ប្រាក់​មក​ឲ្យ​អតិថិ​ជន​នៅ​ពេល​ក្រោយ ។

ពាក្យ​បណ្តឹង​បាន​បញ្ជាក់​ទៀត​ថា ឈ្មោះ YEO BOON YONG ជា​នាយក​ហាក់​បី​ដូច​ជា​មាន​ចេតនា​ចង់​ដោះ​ដៃ មិន​ទទួល​ខុស​ត្រូវ​លើ​ទឹក​ប្រាក់​ដែល​អតិថិ​ជន ដែល​បាន​ដាក់​ចូល​ក្នុង​គណនី​ក្រុម​របស់​ខ្លួន និង​បំរុង​រត់​គេច​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​ទៀត​ផង ។ ទង្វើ និង​សកម្មភាព​របស់​ឈ្មោះ YEO BOON YONGនិង​ឈ្មោះ ENG WEI KHIONG គឺ​ចេតនា​ទុច្ចរិត ប្រើ​ល្បិច​កល​ធ្វើ​ឲ្យ​អតិថិ​ជន​ជឿ​ទុក​ចិត្ត​ដាក់​ប្រាក់​វិនិយោគ​ជា​មួយ​ក្រុម​ហ៊ុន​ខ្លួន។ ប៉ុន្តែ​បែរ​ជា​បង្វែ​ប្រាក់​ទាំង​អស់​នោះ ទៅ​ធ្វើ​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​នៅ​ឯ​បរទេស ហើយ​គេច​វេស​មិន​ព្រម​ទទួល​ខុស​ត្រូវ​បណ្ដាល​ឲ្យ​ខូច​ខាត និង​បាត់​បង់​ផល​ប្រយោជន៍​របស់​អតិថិជន​យ៉ាង​ធ្ងន់​ធ្ងរ​ជា​ទីបំផុត ។

លោក​វរសេនីយ៍ឯក ជីវ វិបុល ប្រធាន​ការិយាល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ទទួល​បាន​ពាក្យ​បណ្តឹង ទើប​សមត្ថកិច្ច​ឈាន​ទៅ​ដល់​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ នៅ​ព្រលាន​យន្ត​ហោះ​អ​ន្តរ​ជាតិ​ភ្នំពេញ និង​នាំ​មក​ជូន​តុលាការ​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​ឃាត់​ខ្លួន​នេះ​គឺ​ឃាត់​បាន​ឈ្មោះ YEO BOON YONGនិង​ឈ្មោះ ENG WEI KHIONG គេ​បាន​ឃើញ​ឧកញ៉ាឌួង ឆាយ ចេញ​មុខ​ធ្វើ​អន្តរាគមន៍​ជួយ​ដោះ​ស្រាយ​កុំ​ឲ្យ​សមត្ថកិច្ច​ឃាត់​ឈ្មោះ YEO BOON YONG​គឺ​គ្រាន់​តែ​ដក​លិខិត​ឆ្លង​ដែន​ទុក​បាន​ហើយ​ដោយ​សន្យា​ថា​នឹង​នាំ​ឈ្មោះ YEO BOON YONG​មក​បំភ្លឺ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ឬ​តុលាការ​នៅ​ពេល​ក្រោយ។ប៉ុន្តែ​ឧកញ៉ាឌួង ឆាយ​មិន​បាន​គោរព​តាម​ការ​សន្យា​ទេ​បែរ​ជា​លាក់​បំពួន​ឈ្មោះ YEO BOON YONG​ទៅ​វិញ​ទើប​សមត្ថកិច្ច​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​កសាង​សំនុំ​រឿង​បញ្ជូន​មក​តុលាការ​ផ្ដន្ទា​ទោស​តាម​ច្បាប់ ឧកញ៉ាឌួង ឆាយ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ឡើយ​នៅ​ថ្ងៃ​ដដែល​នេះ៕