លោត​ទឹក​មិន​ស្លាប់ ដោយ​សារ​ចេះ​ហែល​ទឹក

រាជធានី​ភ្នំពេញ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មកលោត​ទឹក​នៅ​ស្ពាន​ព្រះ​មុន្នី​វង្ស​ចាស់​តែ​មិន​បាន​សម្រេច ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៦​ខែ​មិថុនា​ឆ្នាំ​២០១៧​ស្ថិត​លើ​ស្ពាន​ព្រះ​មុន្នី​វង្ស​ចាស់ សង្កាត់​ទន្លេ​បាសាក ខណ្ឌ​ចំការមន ។

បុរស​ដែល​លោត​ទឹក​នោះ​មាន​ឈ្មោះ​ ឈិន ស៊ីថា អាយុ​៤៧​ឆ្នាំ​មុខ​របរ រត់​ម៉ូតូ​ឌុប ស្នាក់​នៅ​ក្រោយ​ផ្សារ​ទំនើរ​សុវណ្ណា ខណ្ឌ​​ចំការ​មន ។

បើ​តាម​ប្រភព​ព័ត៌​មាន​បុរស​ដែល​លោត​ទឹក​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក វ៉េវ អា​ហ្វា ដែល​ពាក់​ស្លាក​លេខ​កណ្ដាល​1H-​9657​ដែល​គាត់​ជិះ​មក​ពី​ផ្ទះ​តែ​ម្នាក់​ឯង​តែ​ពេល​មក​ដល់​លើ​ស្ពាន​ព្រះ​មុន្នី​វង្ស​ចាស់​នៅ​សង្កាត់​ទន្លេ​បាសាក​ខណ្ឌ​ចំការ​មន​បាន​ចុះ​ពី​លើ​ម៉ូតូ​លោត​ចុះ​ទៅ​ក្នុង​ទឹក​តែ​មិន​បណ្ដាល​ឲ្យ​ស្លាប់​នោះ​ទេ​ដោយ​សារ​គាត់​ចេះ​ហែល​ទឹក​បាន​ហែល​ទៅ​មក​គល់​ស្ពាន​ព្រះ​មុន្នី​វង្ស​ថ្មី​សង្កាត់​ចាក់​អង្រែ​លើ​ខណ្ឌ​មាន​ជ័យ​ក៏​ត្រូវ​បាន​ប៉ូលិស​ចរាចរណ៍​ជួយ​នាំ​ឡើង​គោក​វិញ ។

បុរស​ខាង​លើ​បាន​បន្ដ​ថា គាត់​បាន​វិបត្ដិ​គ្រួសារ​ហើយ​មិន​ចង់​ឲ្យ​មាន​ផល​ពិបាក​ដល់​គេ​ទើប​ជិះ​ម៉ូតូ​មក​លោត​ទឹក​សម្លាប់​ខ្លួន​ដោយ​មិន​ឲ្យ​អ្នក​ណា​ដឹង​តែ​ម្ដង ។

ក្រោយ​ពេល​កើត​ហេតុ​ប៉ូលិស​ដែល​សម្រួល​ចរាចរណ៍​បាន​ទាក់​ទង​ទៅ​សមត្ថកិច្ច​ប៉ុស្ដិ៍​ទន្លេ​បាសាក​ឲ្យ​មក​ទទួល​យក​ទៅ​អប់​រំ​និង​ឲ្យ​គាត់​ត្រលប់​ទៅ​ធ្វើ​វិញ​កំុ​ឲ្យ​ធ្វើ​បែប​នេះ​ទៀត ៕