រឿង​តុលា​ការ​ដោះ​លែង ស្រ្តី​ម៉ាស្សា​មេ​ក្លោង​ បែ​ជា​ជាប់​ឃុំ​កូន​ចៅ​ទៅ​វិញ

ភ្នំពេញ៖ ក្រោយ​ពី​ផ្ទុះ​រឿង តុលាការ​ដោះ​លែង​ស្រ្តី​ម៉ាស្សា​ម្នាក់​ជា​មេ​ក្លោង សកម្ម​ខាង​លួច​លុយ​ភ្ញៀវ កើត​រឿង​ជា​ច្រើន​សារ​រាប់​សឹង​លែង​អស់ បែ​ជា​រួច​ខ្លួន មក​ជាប់​ឃុំ​ស្រ្តី​ម៉ាស្សា​ជា​កូន​ចៅ​២​នាក់​ទៅ​វិញ ធ្វើ​ឲ្យ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​អាក់​អន់​ចិត្ត ថា​ជា​រឿង​មិន​ត្រឹម​ត្រូវ អ្នក​សកម្ម​រួច​ខ្លួន បែ​ជា​កូន​ចៅ ចាប់​ទោស ។

បាតុ​​ភាព​នេះ​រឿង​រ៉ាវ​ក្នុង​ការ​ដោះ​លែង​ឲ្យ​រួច​ខ្លួន​មេ​ក្លោង សកម្ម​ខាង​លួច​លុយ ទ្រព្យ​សម្បត្តិ​ភ្ញៀវ ខាង​លើ ក្រោម​បង្គាប់ លោក​គឹម រ័ត្ន​ណា​រិន ចៅ​ក្រម​សើុប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៧ រី​ឯ​ស្រ្តី​សង្ស័យ​២​នាក់ ជា​កូន​ចៅ ត្រូវ​បាន​ចៅ​ក្រម​សើុប​សួរ សម្រេច​ចេញ​ដី​កា​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​នៅ​ពន្ធ​នាគារ​ព្រៃ​ស រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ដ​ដែល​នេះ មាន​មតិ​មហាជន​ជា​ច្រើន នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ អាក់​អន់​ចិត្ត ថា​ជា​រឿង​មិន​ត្រឹម​ត្រូវ បើ​ដោះ​លែង​ហេតុ​អ្វី​មិន​ដោះ​លែង​ទាំង​៣​នាក់ ចុះ​បើ​ជាប់​ឃុំ​ហេតុ​អ្វី​មិន​ជាប់ទាំង​៣​នាក់​ទៅ រួច​ខ្លួន​តែ​មេ​ក្លោង ចំណែក​កូន​ចៅ​ជាប់​ទោស​ទៅ​វិញ ខណៈ​ដែល​មេ​ក្លោង​ខាង​លើ សកម្ម​ខាង​លួច លុយ​ភ្ញៀវ​ជា​ច្រើន​លើក​ច្រើន​សារ​រាប់​លែង​អស់​ទៅ​ហើយ បញ្ជូន​ដល់​តុលា​ការ ចេះ​តែ​រួច​ខ្លួន​រហូត ។

ស្រ្តី​ជា​មេ​ក្លោង​ដែល​តុលាការ​ដោះ​លែង មាន​ឈ្មោះ ឈ្មោះ ហេង ធូ ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ កោសជប់ ស្នាក់នៅផ្ទះកោសជប់ ផ្លូវ​២០០៤ ភូមិ​ត្រពាំង​ល្វា សង្កាត់​កាកាប មាន​ស្រុក​កំណើត ភូមិ​អង្គរ​បុរី ឃុំ​អង្គរ​បុរី ស្រុក​អង្គរ​បុរី ខេត្ត​តាកែវ ។ ចំណែក​ឯ​កូន​ចៅ​២​នាក់ តុលា​ការ​សម្រេច​ចោទ​ដាក់​បន្ទុក ហើយ​ឃុំ​ខ្លួន ទី១ ឈ្មោះ អុល បុប្ផា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរ នារី​ម៉ាស្សា ស្នាក់​នៅ​ផ្ទះ​ម៉ាស្សា ផ្លូវ​២០០៤ ភូមិ​ត្រពាំង​ល្វា សង្កាត់​កាកាប មាន​ស្រុក​កំណើត​ភូមិ​ពាមរក៍ ឃុំ​ពាមរក៍ ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង ។ ទី២ ឈ្មោះ តុល ស្រីវី ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើតភូមិសេរីមាន់១០ ឃុំ​ហាន់​ជ័យ ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់​ចាម ៕