ប្លន់​បាន​សម្រេច តែ​ត្រូវ​ម្ចាស់​ចុច​តេ​ឡេ​បិទ ជិត​ដាច់​ខ្យល់

រាជធានី​ភ្នំពេញ៖ ជន​សង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្ម​ភាព​វាយ​ប្លន់​ម៉ូតូ​ពី​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​សម្រេច​តែ​ត្រូវ​ម្ចាស់​ចុច​តេ​ឡេ​ឲ្យ​រលត់ ហើយ​ត្រូវ​ប្រជា​ពលរដ្ឋ​ស្ទាក់​លេង​មួយ​ចាស់​ដៃ ដោយ​​ហេតុ​ការណ៍​នេះ​បាន​​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧ ​ស្ថិត​នៅសង្កាត់​​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។

ជន​សង្ស័យ​​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្ដ​សញ្ញា​នៅ​ឡើយ​ទេ​ ដោយ​សារ​ត្រូវ​ប្រជា​ពលរដ្ឋ​នាំ​គ្នា​ព្រួត​វាយ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ត្រូវ​សមត្ថកិច្ច​នាំ​ទៅ​មន្ទីរ​ពេទ្យ ។

ចំណែក​ជន​​រងគ្រោះ​ឈ្មោះ សឹុម សុផល អាយុ​៥៥​ឆ្នាំ មុខ​របរ អ្នក​រត់​ម៉ូតូ​ឌុប ស្នាក់នៅ​ផ្ទះជួល​នៅ​ទឹក​ថ្លា ។

យោង​តាម​ប្រភព​ព័ត៌​មាន​ពី​ម្ចាស់​ម៉ូតូ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​រូប​គាត់​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​កម្ពុជា​ក្រោយ​​ឆ្ពោះ​ទៅ​ទឹក​ថ្លា លុះ​មក​ដល់​​ផ្លូវ​២០០៤​សង្កាត់​អូរ​បែក​ក្អម​ក៏​លេច​មុខ​ជន​សង្ស័យ​ម្នាក់​បាន​ស្ទាក​ម៉ូតូ​របស់​គាត់​ហើយ បាន​វាយ​គាត់​ឲ្យ​ធ្លាក់​ពី​លើ​ម៉ូតូ រួច​ឡើង​ជិះ​ម៉ូតូ​គាត់​ចេញ​ទៅ​បាន​ប្រហែល​៥០​ម៉ែត្រ​គាត់​បាន​ចុះ តេ​ឡេ ពន្លត់​ម៉ាសីុ​ម៉ូតូ ពេល​នោះ​ជន​សង្ស័យ​បាន​ផ្ដួល​ម៉ូតូ​រួច​រត់​គេច​ខ្លួន​ត្រូវ​គាត់​ស្រែក​ថា “ចោរៗ”​ត្រូវ​ប្រជា​ពលរដ្ឋ​ស្ទាក​វាយ​យ៉ាងមួយ​​ចាស់​​​ដៃ​តែ​ម្ដង ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច ។

ក្រោយ​ពេល​កើត​ហេតុ​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​មក​ធ្វើ​ការ​សាក​សួរ​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​សែន​សុខ​ ដើម្បី​​ចាត់​​ការ​តាម​​ផ្លូវ​​ច្បាប់ ៕