ហ៊ាន​នោះ​​ហ៊ាន! គ្នា​ច្រើន​ធ្វើ​បាប​គ្នា​តិច

ភ្នំពេញ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ចំការមន បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូល​ដ្ឋាន ក៏​ប្រទះ​ឃើញ​ជន​សង្ស័យ​មួយ​ក្រុម​មាន​គ្នា​ជា​ច្រើន​នាក់ ដែល​រៀប​ជិះ​ដេញ​កាប់​ជន​រងគ្រោះ​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ហើយ​ដេញ​ចាប់​រហូត​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​២​នាក់ និង​ដក​ហូត​បាន​ដាវ​កែ​ឆ្នៃ​១​ដើម ។ ក្នុង​ករណី​ខាង​លើ​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អាធ្រាត​ឈាន នៅ​ចំណុខ​មុខ​ក្លឹប ថប តាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​២ ខណ្ឌ​ចំការមន។

សមត្ថកិច្ច​បាន​ឃាត់​ជន​សង្ស័យ​២​នាក់​ដក​ហូត​បាន​ដាវ​១​ដើម ម៉ូតូ​១​គ្រឿង​ម៉ាក Zoomer .X ពាក់​ស្លាក​លេខ​ភ្នំពេញ 1FX-9711 ជា​ម៉ូតូ​របស់​ជន​សង្ស័យ​ធ្វើ​សកម្ម​ភាព ដោយ​ជន​សង្ស័យ​ទី​១មាន​ឈ្មោះ ភ័ណ្ឌ យ៉ា​នីន អាយុ​១៨​ឆ្នាំ​មុខ​របរ​សិស្ស មាន​ទី​លំ​នៅ​ខេត្ត​តាកែវ និង​ជន​សង្ស័យ​ទី​២​មាន​ឈ្មោះ ស៊ីម វាសនា អាយុ​​១៦​ឆ្នាំមុខ​របរ​សិស្ស មាន​ទី​លំ​នៅ​ខេត្តតាកែវ ទាំង​២​នាក់​ទើប​និង​មក​ភ្នំពេញ មក​លេង​ផ្ទះ​បង រួច​បាន​ចូល​ទៅ​រាំ​កំសាន្ត​នៅ​ក្លឹប ថប រួច​ក៏​ប៉ះ​ពាក្យ​សម្តី​ជា​មួយ​ជន​រងគ្រោះ ៣​នាក់​ក្នុង​នោះ​ស្រី​២​នាក់ ជិះ​ម៉ូតូ​Zoomer-Xមួយ​គ្រឿង។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ជិះ​ល្បាត​ការពារ​ក្នុង​ភូមិ​សាស្ត្រ​ដែល​ស្មុក​ស្មាញ លុះ​មក​ដល់​ចំណុច​មុខ​ក្លឹប​ថប ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​២ ក៏​ប្រទះ​ជន​សង្ស័យ​មួយ​ក្រុម​មាន​គ្នា​ម៉ូតូ​៧​ទៅ​៨​គ្រឿង ក្នុង​នោះ​មាន​ជន​សង្ស័យ​ដែល​ឃាត់​បាន​មាន​កាន់​ដាវ ដែល​ដេញ​តាម​កាប់​ជន​រង​គ្រោះ៣​នាក់ ប្រុស​ម្នាក់​ស្រី​២​នាក់ ឃើញ​ដូច្នេះ​កម្លាំង បាន​ធ្វើការ​ប្រដេញ​តាម​ធ្វើ​អោយ​ក្រុម​ជន​សង្ស័យ​បែក​ហ្វូង រួច​សមត្ថកិច្ច​ក៏​តាម​តែ​ជន​សង្ស័យ​២​នាក់​ខាង​លើ​ដែល​មាន​ដាវ តែ​ជន​សង្ស័យ​បាន​ព្យាយាម​ជិះ​ម៉ូតូ​រត់​រហូត​ដល់​មុខ​ភោជនី​ដ្ឋាន ម្លប់​ស្វាយ​៩៩ ក៏​ត្រូវ​កម្លាំង​តាម​ទាន់​ចាប់​បាន​ទាំង​២​នាក់​រួម​និង​អាវុធ ដាវ​សាំមរៃ​១​ដើម​តែ​ម្តង ។
ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​បាន​នាំ​ជន​សង្ស័យ​មក​សាក​សួរ​នាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​ទំពូង​២​ដើម្បី​សាក​សួរ និង​កសាង​សំណុំ​រឿង​ចាត់​ការ​តាម​នីតិវិធី​ច្បាប់ ៕