ផ្តាំ​ផ្ញើ​អ្នក​ជិត​ខាង​ថា​ជួយ​មើល​ប្រពន្ធ​កូន​ខ្ញុំ​ផង

ខេត្តកណ្តាល​៖​មាន​ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​មួយ​បាន​កើត​ឡើង​ដោយ​អ្នក​ស្រុក​បាន​ឃើញ​សាក​សព​បុរស​ម្នាក់​ដោយ​ធ្វើ​អត្ត​ឃាត​(ចងក)​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង​០៧​:៣០​នាទី​នៅ​ចំណុច ភូមិ​ដី​ឥដ្ឋ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្ដាល។

បើ​តាម​ប្រសាសន៍​លោក ប៉ា សំអិត អធិការ​ស្រុក​កៀន​ស្វាយ បាន​ឱ្យ​ដឹង​ថា​ជន​រងគ្រោះ​(ធ្វើ​អត្ត​ឃាត)​ឈ្មោះ អោក ធឿន ភេទប្រុស អាយុ​៤៨​ឆ្នាំ រស់​នៅ​ភូមិ​ព្រែក​ជ្រូក ឃុំ​បាក់​ដាវ ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល មុខ​របរ​កសិករ មាន​វិបត្តិ​ផ្លូវ​ចិត្ត​ពាក់​ព័ន្ធ​នឹង​ជំងឺ​ប្រចាំ​កាយ​យូរ​មក​ហើយ​ដោយ​សារ​ព្យាបាលមិន​ជា​។ ចំណែក​ប្រពន្ធ​មាន​ឈ្មោះ ឆែម ផាត អាយុ​៤១​ឆ្នាំ ពិការ​ជើង និង​មាន​កូន​ក្នុង​បន្ទុក​ប្រុស​ម្នាក់​ឈ្មោះ ធឿន ធុល អាយុ​១៥​ឆ្នាំ រស់​នៅ​ជា​មួយ​គ្នា ។

លោក​អធិការ​ស្រុក បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា នៅ​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៥​និង​០០​នាទី​ជន​រងគ្រោះ​(អ្នក​ធ្វើ​អត្ត​ឃាត)​បាន​ធ្វើ​ដំណើរ​ពី​ផ្ទះ​នៅ​ភូមិ​ព្រែក​ជ្រូក ឃុំ​បាក់​ដាវ ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល មក​លេង​ផ្ទះ​របស់​ឈ្មោះ យ៉ែម ថៃ ភេទ​ស្រី អាយុ​៨១​ឆ្នាំ ជន​ជាតិ​ខ្មែរ​មាន​ទី​លំនៅ​ភូមិ​ចន្លក់ ឃុំ​គគីរ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល​(ត្រូវ​ជា​ម្តាយ​មីង)​ហើយ​ស្នាក់​នៅ​រយៈ​ពេល​០២​ថ្ងៃ ក្នុង​រយះ​ពេល​ស្នាក់​នៅ​ជន​រងគ្រោះ​មាន​សភាព​ស្រគត់ ស្រគុំ​មិន​សូវ​និយាយ​ស្តី​រួច​ក៏​ចាក​ចេញ​ពី​ផ្ទះ​ឈ្មោះ យ៉ែម ថៃ បាត់​រហូត​ដោយ​មិន​បាន​ប្រាប់​ម្ចាស់​ផ្ទះ ។ លុះ​ដល់​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង​០៧​និង​៣០​នាទី មាន​ប្រជា​ពលរដ្ឋ​ម្នាក់​ឈ្មោះ ចក់ សេង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទី​លំ​នៅ​ភូមិ​ចន្លក់ ឃុំ​គគីរ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល មុខ​របរ​កសិករ​បាន​មក​បាញ់​ថ្នាំ​ដំណាំ​ននោង​នៅ​ក្បែរ​ចំណុច​កើត​ហេតុ ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ចង​(ក)​ស្លាប់​នៅ​លើ​ដើម​ដង្គៀប​ក្តាម​ក្នុង​ដីឡូ​របស់​ឈ្មោះ​មាស ធន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ទី​លំ​នៅ​ភូមិ​ឃុំ​កើត​ហេតុ សាក​សព មាន​សភាព​ហើម​ស្អុយ​រួច​ក៏​ផ្តល់​ព័ត៏​មាន​ជូន​សមត្តកិច្ច​និង​ក្រុម​គ្រួសារ​សព ។

លោក​ប៉ា សំអិត មាន​ប្រសាសន៍​បន្ត​ថា តាម​ការ​បំភ្លឺ​ពី​ឈ្មោះ ឆែម ផាត ជា​ប្រពន្ធ​ជន​រងគ្រោះ​គឺ​ប្តី​របស់​គាត់​មាន​ជំងឺ​ប្រចាំ​កាយ​ហើយ​បាន​ចាក​ចេញ​ពី​ផ្ទះ​តាំង​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៧​មក​ម្លេះ​ដោយ​មិន​បាន​ប្រាប់​គាត់​ជា​ប្រពន្ធ​ថា​ទៅ​ណា​ទេ?​គ្រាន់​តែ​ផ្តាំ​ផ្ញើ​អ្នក​ជិត​ខាង​ថា​ជួយ​មើល​ប្រពន្ធ​កូន​ខ្ញុំ​ផង ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​កំលាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ចំណុច​កើត​ហេតុ​និង​បាន​បង្កើត​គណៈ​កម្ម​ការ​ធ្វើ​ការ​ត្រួត​ពិនិត្យ​សាក​សព​ឃើញ​ថា សាក​សព​ពុំ​មាន​ស្លាក​ស្នាម​អ្វី​គួរ​អោយ​កត់​សំគាល់​ទេ សាក​សព​មាន​សភាព​ហើម​ស្អុយ​ចង(ក)​ដោយ​ប្រើ​ក្រមា​ក្រ​ណាត់​ពណ៌​ក្រហម​ស ជាប់​និង​មែក​ដើម​ដង្គៀប​ក្តាម​មាន​កំពស់​ពី​ដី​ប្រវែង​១.​៨០​ម៉ែត្រ​ចំងាយ​ពី​ផ្លូវ​លំ​ភូមិ​ប្រហែល​១០០​ម៉ែត្រ ពុំ​មាន​ពាក់​អាវ​ស្លៀកខោ​ខ្លី​ត្រឹម​ជង្គង់​ពណ៌​ទឹក​ប៊ិច​ផ្កា​ក្រហម​ស ។​ជន​រងគ្រោះ​ស្លាប់​ប្រហែល​រយះ​ពេល​០៣​ថ្ងៃ​មក​ហើយ ដោយ​ចង(​ក)​ប្រាក​ដ​មែន ក្រោយ​ពេល​ពិនិត្យ​រួច​បាន​ប្រគល់​សាក​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕