ព្រះតេជគុណ ប៊ុត ប៊ុនតិញ អាចមានទោស

អ្នកនាំពាក្យ​ក្រសួង​យុ​ត្តិ​ធ៌​ម លោក គឹ​ម សន្តិភាព បាន​អះអាង​ថា ព្រះ​តេជគុណ ប៊ុត ប៊ុ​ន​តេ​ញ កំពុង​បង្កើត​ឲ្យ​មានការ​ភ័ន្ត​ច្រឡំ និង​ដាក់​សម្ពាធ​លើ​ស្ថាប័ន​តុលាការ ហើយ​សកម្មភាព​ដែល​បង្កើត​ឲ្យ​មានការ​ភ័ន្ត​ច្រ​លំ ឬ​ដាក់​សម្ពាធ​លើ​ស្ថាប័ន​តុលាការ ពុំ​ផ្តល់​ផលប្រយោជន៍​ណាមួយ​ដល់​ជន​ត្រូវ​ចោទ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​សកម្មភាព​នេះ​អាច​ប្រឈម​នឹង​បទល្មើស ។

អ្នក​ច្បាប់​រូប​នេះ​បាន​ប្រាប់​គេហទំព័រ​ក្នុងស្រុក​ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា​នេះ​ដោយ​សង្កត់ធ្ងន់​ទៀត​ថា​«​ប្រ​សិន​ដូច​ការ​ចោទប្រកាន់​របស់​តេជគុណ​ថា លេង​កាំភ្លើង​ជ័រ​មានទោស ប្រហែល​ពេល​នេះ​តេជគុណ ក៏​កំពុង​ស្ថិត​ក្រោម​ចំណាត់ការ​របស់​សមត្ថកិច្ច​ផង​ដែរ​!»​។

បើ​តាម​លោក គឹ​ម សន្តិភាព តំណាង​អយ្យការ​ផ្តើម​ចោទប្រកាន់​ទៅ​លើ​ជនសង្ស័យ​ដែល​មាន​ពាក់ព័ន្ធ​ថា បាន​ប្រព្រឹត្ត​អំពើ​ល្មើស​ព្រហ្មទណ្ឌ​ណាមួយ ហើយ​ចៅក្រម​ស៊ើបសួរ​ជា​អ្នក​ស្វែងរក​ភស្តុ​តាង​ដាក់បន្ទុក​ផង និង​ដោះ​បន្ទុក​ផង​ពាក់ព័ន្ធ​នឹង​អំពើ​របស់​ជន​ត្រូវ​ចោទ​នោះ​។ ដោយឡែក​ករណី​ជន​ត្រូវ​ចោទ​ឈ្មោះ ហន សុ​ផា​ន្នី កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ស៊ើបសួរ​របស់​តុលាការ មាន​ន័យ​ថា ពុំ​ទាន់​មានការ​កាត់ទោស​នៅឡើយ​ទេ ដែល​ផ្ទុយ​ពី​ការ​អះអាង របស់​តេជគុណ​ទាំងស្រុង​ថា «​កាត់ទោស​ដោយ​គ្មាន​ការ​ស៊ើបអង្កេត​»​។

អ្នកនាំពាក្យ​ក្រសួង​យុ​ត្តិ​ធ៌​ម​បន្ថែម​ថា ព្រះ​តេជគុណ ប៊ុត ប៊ុ​ន​តេ​ញ គួរ​ផ្តល់​នូវ​សច្ចភាព​ពិត​ក្នុង​រឿង​នេះ ក្នុង​នាម​ជា​អ្នកបួស និង​គួរ​ផ្តល់​នូវ​ភស្តុ​តាង​នានា ដែល​យល់​ថា​ជា​ការ​ដោះ​បន្ទុក​ដល់​តុលាការ​តាម​រយៈ​មេធាវី ដើម្បី​ជា​ប្រយោជន៍​ដល់​ជន​ត្រូវ​ចោទ​ពិតប្រាកដ ចៀស​ជាង​ធ្វើ​សកម្មភាព​ទាំងឡាយ​ណា ដែល​បង្កើត​ឲ្យ​មានការ​ភ័ន្ត​ច្រឡំ​និង​ដាក់​សម្ពាធ​លើ​ស្ថាប័ន​តុលាការ​បែប​នេះ​បន្ត​ទៀត​។

គិត​ត្រឹម​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀល​ថ្ងៃ​សៅរ៍​ដដែល​នេះ​«​ដំណឹង​យប់​មិញ​»​មិន​អាច​រក​ការ​សុំ​ថេរ​ដីកា​ពី​ព្រះ​តេជគុណ ប៊ុត ប៊ុ​ន​តិ​ញ​បាន​ទេ ។

កាលពី​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះ​តេជគុណ ប៊ុត ប៊ុ​ន​តិ​ញ បាន​មាន​ថេរ​ដីកា​នៅ​ខាង​មុខ​សាលាដំបូង​ខេត្តបាត់ដំបង​ថា ភិក្ខុ ហន សុ​ផា​ន្នី មិន​ដល់​ថ្នាក់​មានទោស​កំហុស​ដាក់​ពន្ធនាគារ​ទេ ព្រោះ​វត្ថុ​តាង​ដែល​ព្រះ​អង្គ​(​ភិក្ខុ ហន សុ​ផា​ន្នី​) បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) កាលពី​ខែមីនា​កន្លង​ទៅ គឺជា​កាំភ្លើង​ជ័រ​របស់​ក្មេង​លេង ដែល​ពុំ​មែន​ជា​អាវុធ​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ ព្រះ​តេជគុណ ប៊ុត ប៊ុ​ន​តិ​ញ​មាន​ថេរ​ដីកា​យ៉ាង​ដូច្នេះ​៖ «​តុលាការ​ខ្លួនឯង​ហ្នឹង​ល្មើសច្បាប់​! ហេតុ​អី​បាន​មក​ចោទ​គេ ព្រោះ​ទៅ​មនុស្ស​គ្មាន​ភស្តុ​តាង គ្មាន​កាំភ្លើង​ជ័រ ព្រោះ​ខ្លាច​គេ​សើចចំអក ហើយ​ខុសច្បាប់​មួយទៀត ចាប់​មនុស្ស​មុន​ថ្ងៃ​កំណត់ ហើយ​ចាប់​គ្មាន​ការ​ស៊ើបអង្កេត គឺជា​រឿង​ស្មោកគ្រោក​»​។

សាលាដំបូង​ខេត្តបាត់ដំបង បាន​សម្រេច​បញ្ជូន​ភិ​ក្ខ​សង្ឃ ហន សុ​ផា​ន្នី ទៅ​ឃុំ​នៅ​ពន្ធនាគារ​កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពី​បទ​ដឹក​ជញ្ជូន​អាវុធ កាន់កាប់​ដោយ​ខុសច្បាប់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​។

មុន​ពេល​ចាប់​ព្រះ​កាយ​និង​ផ្សឹក​ព្រះ​អង្គ ហន សុ​ផា​ន្នី ព្រះ​ជន្ម​២៤​ព្រះ​វស្សា មាន​ទីលំនៅ​ភូមិ​សិរិ​សុខា ឃុំ​ថ្ម​អណ្តើក ស្រុក​ចិត្ត​បុរី ខេត្តក្រចេះ និង​បច្ចុប្បន្ន​ស្នាក់​នៅ​កុដិ​លេខ​១២ ក្នុង​វត្ត​ដំរី​ស ក្រុង​-​ខេត្តបាត់ដំបង ។

បើ​តាម​សមត្ថកិច្ច ភិក្ខុ ហន សុ​ផា​ន្នី ធ្លាប់​បាន​ប្រព្រឹត្ត​ល្មើស​នៅ​ក្នុង​វត្ត​ដំរី​.​ស ក្នុង​ក្រុង​បាត់ដំបង និង​នៅ​ក្នុង​វត្ត​ខ្នាចរមាស នៅ​ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល កាលពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៧​កន្លង​មក​។

កាលពី​ថ្ងៃ​ទី​២២ មិថុនា អំឡុង​និង​ក្រោយ​ពេល​បញ្ជូន​ភិក្ខុ ហន សុ​ផា​ន្នី​ទៅ​ឃុំ​នៅ​ទៅ​ព​ន្ឋ​នាគារ ព្រះសង្ឃ​ប្រមាណ ៣០​អង្គ បាន​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្តបាត់ដំបង តាំងពី​ព្រឹក​រហូត​ដល់​រសៀល​ថ្ងៃ​ទី​២២ មិថុនា ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​អង្គ​នេះ​ដែល​ធ្លាប់​ចូលរួម​សកម្មភាព​ជាមួយ​លោក​បណ្ឌិត កែម ឡី ក្នុង​ក្នុង​ការ​ការពារ​ព្រៃ​ឡង់​និង​យុ​ត្តិ​ធ៌​ម​សង្គម​ផ្សេង​ៗ​ជា​ច្រើន​ទៀត​៕