បុរស​សង្ស័យ​ខ្យល់​គ ធ្លាក់​ទឹក​ច្រមុជ​ក្បាល​ចុះ​ក្រោម​ស្លាប់​យ៉ាង​អាណោច​​អាធ័ម

ភ្នំពេញ៖ ស្ត្រី​ម្នាក់​បាន​ដើរ​រក​កូន ហើយ​ប្រទះ​ឃើញ​ដេក​ផ្កាប់​មុខ​ចូល​ក្នុង​ទឹក​នៅ​ខាង​ក្រោយ​ផ្ទះ​បណ្ដាល​ស្លាប់​ឲ្យ​ស្លាប់​យ៉ាង​អាណោច​អាធ័ម បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​រស់​នៅ​ជិត​ខាង​និង​សមត្ថកិច្ច​ចុះ​មក​ត្រួត​ពិនិត្យ​ដល់​កន្លែង​កើត​ហេតុ កាល​ពី​វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​លេខ ១៧៤ ជាប់​និង​ផ្លូវ​បេតុង​បឹង​តាម៉ាត ស្ថិត​ក្នុង​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ។

សព​បុរស​រង​គ្រោះ​ខាង​លើ​មាន​ឈ្មោះ ពៅ មករា អាយុ​២៧​ឆ្នាំ មុខ​របរ​នៅ​ផ្ទះ ស្នាក់​នៅ​ភូមិ​កើត​ហេតុ​ខាង​លើ ។

បើ​តាម​សម្ដី​ស្ត្រី​ម្នាក់​មាន​ឈ្មោះ ពៅ និស្ស័យ​ធំ អាយុ​៥៧​ឆ្នាំ មុខ​របរ​មេ​ផ្ទះ ដែល​ស្នាក់​នៅ​កន្លែង​កើត​ហេតុ និង​ត្រូវ​ជា​ម្ដាយ​ជន​រងគ្រោះ​បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​កើត​ហេតុ រូប​គាត់​បាន​បាត់​កូន​ដែល​ជា​ជន​រងគ្រោះ​តាំង​ពី​ម៉ោង​២​រសៀល ហើយ​បាន​ដើរ​រក​អស់​រយះ​ពេល​ជា​យូ រហូត​មក​ដល់​វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល​ថ្ងៃ​ខែ​ឆ្នាំ​ដ​ដែល រូប​គាត់​ក៏​បាន​ដើរ​មក​ខាង​ក្រោយ​ផ្ទះ ក៏​ប្រទះ​ឃើញ​ជន​រងគ្រោះ​ដេក​ផ្កាប់​មុខ​ចូល​ទឹក​បឹង​កំផ្លោក​នៅ​ខាង​ក្រោយ​ក្រោម​ផ្ទះ​បណ្ដាល​ឲ្យ​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ ។

ស្ត្រី​ជា​ម្ដាយ​ជន​រងគ្រោះ​បាន​ប្រាប់​បន្ត​ថា ក្រោយ​ពី​ប្រទះ​ឃើញ​សព​ជន​រងគ្រោះ​រួច​ហើយ រូប​គាត់​ក៏​បាន​ឲ្យ​កូនចៅ​និង​ពិង​ពាក់​សាច់​ញាតិ​ជិត​ខាង​ជួយ​លើក​សាក​សព​យក​ឡើង​មក​លើ​ផ្ទះ រួច​ហើយ​ទើប​រាយ​ការណ៍​ប្រាប់​សមត្ថកិច្ច​មូល​ដ្ឋាន​តាម​ក្រោយ ។

ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម សមត្ថ​កិច្ច​មូល​ដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ និង​ធ្វើ​កោសល្យ​វិច័យ​ទៅ​លើ​សាក​សព ហើយ​បាន​សន្ឋិដ្ឋាន​ថា ជន​រង​គ្រោះ​ពិត​ជា​ស្លាប់​ដោយ​សារ​ខ្យល់ គ រអិល​ធ្លាក់​ចូល​ទឹក​លង់​ស្លាប់​ដោយ​គ្នា​អ្នក​ដឹង ។ ក្រោយ​ពី​ធ្វើ​កំណត់​ហេតុ​និង​កោសល្យវិច័យ​រួច​រាល់ សមត្ថកិច្ច​ក៏​ប្រគល់​សព​ជន​រងគ្រោះ​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ចាត់​ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​តែ​ម្ដង៕