ស្រ្តី​ម៉ាស្សា​ដៃ​រហ័ស​ខាង​លួច​លុយ​ភ្ញៀវ​៣​នាក់ ត្រូវ​បញ្ជូន​ទៅ​តុលាការ​

ភ្នំពេញ ៖ នគរបាល​ខណ្ឌ​ពោធិ​សែនជ័យ នាំ​ខ្លួន​ស្រ្តី​ម៉ាស្សា​ចំនួន​៣​នាក់ សង្ស័យ​លួច​លុយ​ភ្ញៀវ​ទៅ​តុលាការ​សា​ជា​ថ្មី​ទៀត​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មិថុនា​នេះ បន្ទាប់​ពី​ក្រុម​ស្រ្តី​ទាំង​នេះ មិន​ចេះ​រាង​ចាល ប្រព្រឹត្ត​តែ​អំពើ​លួច លួច​មិន​ស្វាង ជន​រង​គ្រោះ​ប្តឹង​ក៏​មិន​ស្វាង ក្រោយ​ពី​ចាប់​ខ្លួន​បាន​ផ្អែក​ទៅ​តាម​បណ្តឹង កាល​ពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៧​កន្លង​មក​នៅ​ផ្ទះ​កោស​ជប់ ម៉ាស្សា តាម​ផ្លូវ​២០០៤ ក្នុង​ភូមិ​ត្រពាំង​ល្វា សង្កាត់​កាកាប ខណ្ឌ​ពោធិ​សែន​ជ័យ ។

ស្រ្តី​សង្ស័យ​ក្នុង​សំណុំ​រឿង ប្រព្រឹត្ត​អំពើ​លួច​លុយ ទាំង​៣​នាក់ ទី១​ឈ្មោះ ហេង ធូ ភេទស្រី អាយុ​៣០​ឆ្នាំ មុខ​របរ កោសជប់ ស្នាក់​នៅ​ផ្ទះ​កើត​ហេតុ មាន​ស្រុក​កំណើត ភូមិ​អង្គរ​បុរី ឃុំ​អង្គរ​បុរី ស្រុក​អង្គរ​បុរី ខេត្ត​តាកែវ ជា​មេ​ក្លោង ។​ ទី២ ឈ្មោះ សៅ សុខហេង ប្តូរ​ឈ្មោះ​ថ្មី អុល បុប្ផា ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខ​របរ នារី​ម៉ាស្សា ស្នាក់​នៅ​ផ្ទះ​កើត​ហេតុ​ខាង​លើ មាន​ស្រុក​កំណើត​ភូមិ​ពាមរ៍ ឃុំ​រកា​កោង​១ ស្រុក​មុខ​កំពូល ខេត្ត​កណ្តាល ។ ទី៣ ឈ្មោះ តុល ស្រីវី ភេទ​ស្រី អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​កើត​ហេតុ មាន​ស្រុក​កំណើត​ភូមិ​សេរី​មាន់​១០ ឃុំ​ហាន់​ជ័យ ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ស្រ្តី​សង្ស័យ​ខាង​លើ ចាប់​ឃាត់​ខ្លួន​ជា​ច្រើន​លើក​ច្រើន​សារ​មិន​ស្វាង លើក​នេះ​មិន​ដឹង​ថា​ជា​លើក​ចុង​ក្រោយ​ឬ​យ៉ាង​ណា​នោះ​ទេ បន្ទាប់​ពី​លួច​លុយ​ភ្លៀវ​២០០​ដុល្លា ពី​ឈ្មោះ មៀវ សុខជា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខ​របរ​ជា​បុគ្គលិក​ក្រុមហ៊ុន​ចំការ​កៅ​ស៊ូ ស្នាក់​នៅ​ជា​មួយ​បង​ប្អូន នៅ​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ ។

ក្រោយ​ពី​ទទួល​បណ្តឹង​ទើប​កម្លាំង​នគរបាល​ចុះ​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​៣​នាក់ តាម​ប្រភព​ផ្សេង​មួយ​ទៀត​បាន​ឲ្យ​ដឹង​ថា ក្រុមស្រ្តីដៃរហ័សខាងលួចលុយភ្ញៀវនេះ មិនដែល​ឃើញ​តុលា​ការ​ សម្រេច​ឃុំ​ខ្លួន​ឡើយ ចាប់​លើក​ណា​យ៉ាង​យូរ​៤​ថ្ងៃ នឹង​រួច​ខ្លួន​វិញ ទោះ​ជា​កន្លង​មក អាជ្ញា​រ​ធរ​ធ្លាប់​បិទ​ទាំង​ហាង កោស​ជប់ អស់​ពី​កន្លែង​មួយ រត់​ទៅ​បើក​កន្លែង​មួយ ។

ស្រ្តី​សង្ស័យ ក្រោយ​ពី​នគរបាល​ឃាត់​ខ្លួន​លើក​នេះ បញ្ជូន​ទៅ​តុលា​ការ ជន​រង​គ្រោះ រង​ចាំ​មើល​វាសនា ជន​សង្ស័យ ត្រូវ​បាន​តុលាការ​សម្រេច​ជោគ​ជ​តារា​សី យ៉ាង​ណា រង​ចាំ​តាម​ដាន​ទាំង​អស់​គ្នា ៕