ពេជ្រ អា​វី​ហ្សា ចូល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ ពេទ្យ​​កាល់​​ម៉ែត្រ

ភ្នំពេញ ៖ បើ​តាម​ទស្សនា​វដ្តី​ក្នុង​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​អោយ​ដឹង​ថា នៅ​​យប់​​ថ្ងៃ​​ទី​​២០ ខែ​មិថុនា មាន​ការ​​ភ្ញាក់​ផ្អើល​​ចំពោះ​​តារា​ភាព​យន្ត​សិច​​ស៊ី​​កញ្ញា ​ពេជ្រ អា​វី​ហ្សា ដែល​​បាន​​បញ្ជូន​ទៅ​​សង្គ្រោះ​​បន្ទាន់​​ភ្លាម​​ៗ ​នៅ​​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត្រ​​បន្ទាប់​​ពី​​មាន​​បញ្ហា​​ចុក​ពោះ ធ្ងន់​ធ្ងរ​រ​ហូត​ដល់​​សន្លប់​ ហើយ​​ក៏​​តម្រូវ​​ធ្វើ​ការ​​វះ​កាត់​​ផង​​ដែរ​ ។

បន្ទាប់​​ពី​​ជួប​​បញ្ហា​​ផ្ទួន​​ៗ​ នឹង​​ទើប​​ធ្វើ​​ខួប​​លាង​គ្រោះ​​ចង្រៃ​​តាម​​សម្ដី​​គ្រូ​​ចិន​​សែ​​មិន​​ទាន់​​បាន​ប៉ុន្មាន​​ផង ​កញ្ញា​ ពេជ្រ អា​វី​ហ្សា ស្រាប់​តែ​​មាន​ជំងឺ​​ធ្វើ​ទុក្ខ​ រហូត​​ដល់​​ចូល​​សង្គ្រោះ​​បន្ទាន់​​នៅ​យប់​មិញ​​នេះ ​ប៉ុន្តែ​​ក្រោយ​​ពេល​ធ្វើ​ការ​​វះ​កាត់ មាន​ការ​​អះ​អាង​​ថា​ នាង​​បាន​​ធូ​​ស្បើយ​​ខ្លះ​ហើយ ​។

ពេជ្រ អា​វី​ហ្សា បាន​​ថ្លែង​​ឲ្យ​​ដឹង​​ខណៈ​​ដែល​កំពុង​​សម្រាក​​នៅ​​មន្ទីរ​ពេទ្យ​​កាល់​​ម៉ែត្រ​​ថា ជំងឺ​ដែល​​ធ្វើ​ទុក្ខ​​នាង រហូត​​ចុក​ពោះ​​សន្លប់​ និង​​បាន​ចូល​​មក​​សង្គ្រោះ​​បន្ទាន់​​នា​​វេលា​​ម៉ោង​​១០​យប់​ថ្ងៃ​​ទី​​២០ មិថុនា គឺ​​ដោយ​សារ​​តែ នាង​​មាន​​ជំងឺ​ពោះ​វៀន​​ដុះ​​ខ្នែង​​ធ្ងន់​ធ្ងរ​ ។​

អា​វី​ហ្សា បន្ត​ថា នាង​​មាន​​ជំងឺ​​នេះ​​មួយ​រ​យៈ​មក​ហើយ​​តែ​​នាង​​ចេះ តែ​​ទ្រាំ​​រហូត​​មក ទើប​បណ្ដាល​​ឲ្យ​​នាង​​មាន​​សភាព​​ធ្ងន់​ធ្ងរ​​ដល់​​សន្លប់​។​​ប៉ុន្តែ​​យ៉ាង​ណា​​ក្រោយ​​ធ្វើ​ការ​​វះ​កាត់​​នាង​​បាន​ធូរ​ស្បើយ ហើយ​​តែ​​ក្រុម​​គ្រូពេទ្យ​​តម្រូវ​​ឲ្យ​​នាង​សម្រាក​​បន្ត​​ដើម្បី​​តាម​ដាន​​សិន​ ។

អា​វី​ហ្សា បាន​​​ចាត់​​ទុក​​ថា នេះ​​ជា​​រឿង​​អាក្រក់​នៅ​​ក្នុង​​ជីវិត​​នាង​​មួយ​ទៀត​​ក្រោយ​​ពេល​​នាង​​ធ្វើ​ខួប​​កាត់​​គ្រោះ​​ចង្រៃ​​តាម គ្រូ​​ចិន​​សែ​ ។ ​ប៉ុន្តែ​នាង​​ថា ជា​​សំណាង​​មួយ​​ដែល​​ក្រោយ​ពេល​ធ្វើ​ការ​​វះ​កាត់​​ក្រុម​​គ្រូ​ពេទ្យ​​អះ​អាង​​ថា​​សុខ​ភាព​របស់ នាង​​ល្អ​​ប្រសើរ​​ឡើង​​វិញ​​ដោយ​​គ្រាន់​តែ​ត្រូវ​​សម្រាក​​ព្យាបាល​​មុខ​របួស​​និង​​ផ្អាក​​ការងារ​ សិល្បៈ​​មួយ​​រយៈ​​សិន​។

គួរ​​បញ្ជាក់​​ថា តារា​​ចូល​​ចិត្ត​​បង្អួត​​សម្រស់​​សិច​ស៊ី​​ កញ្ញា​​ពេជ្រ អា​វី​ហ្សា បាន​​ជួប​​បញ្ហា​​ផ្ទួន​ៗ​​ជា​បន្ត​បន្ទាប់​​ដែល​​ក្រោយ​​ពេល ត្រូវ​​អតីត​​សង្សារ​ដែល​​ជា​​ប្អូន​ថ្លៃ​​លោក​​ឧកញ៉ា​ទ្រី ភាព ប្រើ​​អំពើ​ហិង្សា​​ជា​​ច្រើន​​លើក​​រហូត​​ប្ដឹង​ផ្ដល់​​ឡើង​តុលា​ការ ហើយ​​ក្រោយ​​ពេល​​រឿង​​នោះ​​ស្ងប់​​បន្តិច​​អា​វី​ហ្សា ក៏​​បាន​​ជួប​​គ្រោះ​ថ្នាក់​​ចរ​ចរណ៍​​ដែល​​ត្រូវ​បង់​​សំណង​​ឲ្យ​​គេ​​ជា​​ច្រើន ពាន់​​ដុល្លារ​​ហើយ​យប់​មិញ​​នេះ​ស្រាប់​តែ​​មាន​​ជំងឺ​​ពោះ​វៀន​​ដុះ​ខ្នែង​​ធ្វើ​ទុក្ខ​​ធ្ងន់​ធ្ងរ​​ត្រូវ​​ចូល​​សង្គ្រោះ​​បន្ទាន់​​ទៀត​៕​