បុរស​ម្នាក់​ត្រូវ​រថយន្ដ​កិន​ខ្ទេច​ក្បាល​ស្លាប់​មួយ​រំពេច

រាជធានីភ្នំពេញ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បណ្ដាល​ឲ្យ​ទាក់​ដៃ​ចង្កូត​ជា​មួយ​ម៉ូតូ​គ្រឿង​មួយ​ទៀត​ដួល​ខ្ទេត​ចូល​ក្រោម​កង់​រថយន្ដកុងតឺន័រ​កិន​បែក​ក្បាល​ស្លាប់​នៅ​ក្នុង​ថ្លុក​ឈាម​ដែល​ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២១​ខែ​មិថុនា​ឆ្នាំ​២០១៧ ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​វេង​ស្រេង​ភូមិ​ដំណាក់​ធំ៤​ សង្កាត់​ស្ទឹងមាន​ជ័យ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់​បង់​ជីវិត​មាន​ឈ្មោះ ជា សុវ៉ាត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខ​របរ​រក​សុី ស្នាក់​នៅ​ក្នុង​សង្កាត់​ទឹក​ថ្លា ណ្ឌ​សែន​សុខ ។


យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​បុរស​ម្នាក់​ខាង​លើ​នេះ​ជិះ​ម៉ូតូ​ម៉ាក ​អាយ​ខន ពណ៌​ស​លាយ​ខៀវ​ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AA​-7854​បើក​បរ​តាម​បណ្ដោយ​ផ្លូវ​វេង​ស្រេង​ទិស​ដៅ​ពី​លិច​ទៅ​កើត លុះ​មក​ដល់​ចំណុច​កើត​ហេតុ​បាន​ទាក់​ដៃ​ចង្កូត​ជា​មួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​ដួល​ខ្ទេត​ចូល​ក្រោម​កង់​រថយន្ដ​របស់​ក្រុម​ហ៊ុន​ផែស្ងួត​ដែល​ពាក់​ស្លាក​លេខ​ព្រះ​សីហនុ​3A​-26​94​បើក​បរ​ទិស​ស្រប​គ្នា​បណ្ដាល​ឲ្យ​ចូល​ក្រោម​កង់​រថយន្ដ​កិន​ខ្ទេច​ក្បាល​ស្លាប់​មួយ​រំពេច​រថយន្ដ​បង្ក​មិន​ទាន់​អស់​ល្បឿន​ក៏​បើក​រត់​ទៅ​ដល់​រោង​ចក្រ​កា​ណា​ឌី​យ៉ា​ទើប​ឃាត់​រថយន្ដ​បាន​ចំណែក​តៃ​កុង​ចុះ​ពីរត់​គេ​ចខ្លួន​បាត់​ស្រមោល​តែ​ម្ដង ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​ចុះ​មក​ដល់និង​ចំណុច​កើត​ហេតុ​បាន​ជួយ​អន្ដរាគមន៍​និង​ទាក់​ទង​ទៅ​សមត្ថកិច្ច​ជំនាញ ដើម្បី​ធ្វើ​ការ​វាស់​វែង​អូស​រថយន្ដ​និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​រាជធានី​ភ្នំពេញ រង់​ចាំ​ភាគី​ទាំង​សង​ខាង​ចូល​ខ្លួន​ដោះ​ស្រាយ​តាម​ច្បាប់​ ។

ដោយ​ឡែក​សាក​សព​ត្រូវ​សមត្ថកិច្ច​ធ្វើ​ការ​ពិនិត្យ​រួច​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅស្រុកកំណើត ៕