ប្រិយមិត្ត​ម្នាក់​ប្រតិកម្ម​ចំពោះ​ការ​ប្រើ​អំពើហិង្សា​លើ​ចោរ​ស្រី​លួច​លុយ​២​ម៉ឺន​បាត

បងប្អូន​ប្រិយមិត្ត​ធ្លាប់​បាន​ឃើញ​វីដេអូ​មួយ ដែល​ចាប់​បាន​ជន​សង្ស័យ​ម្នាក់ក្មេង​ស្រី​វ័យ​ជំទង់​ម្នាក់​បាន​លួច​លុយ​មីង​លក់​ចាប់ហួយ អស់​ពីរ​ម៉ឺន​បាត ដែល​ចែកចាយ​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី ២០ មិថុនា ម្សិលមិញ​នេះ​។ ក្នុង​វីដេអូ​បាន​បង្ហាញ​ពី​អំពើ​ហិង្សា​ខ្លះ​ដែល​ប្រជាពលរដ្ឋ​ប្រើ​ទៅ​លើ​ជន​សង្ស័យ ព្រោះ​ខឹង​និង​ស្អប់​ទង្វើ​របស់​ជន​សង្ស័យ​រូប​នោះ។​

ទាក់​ទិន​នឹង​រឿង​នេះ មាន​ប្រិយមិត្ត​ម្នាក់​ដែល​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​បញ្ចេញ​ប្រតិកម្ម​ថា លោក​មិន​គាំទ្រ​អំពើ​លួច​របស់​ក្មេងស្រី​សង្ស័យ​នេះ​ទេ តែ​ទោះយ៉ាងណា​មិន​គួរ​វាយ​ដំ​លើ​ក្មេង​ស្រី​នោះ​ទេ គួរតែ​ទុក​ឲ្យ​សមត្ថកិច្ច​ជា​អ្នក​ចាត់ការ​តាម​ច្បាប់​បន្ត។ លោកដែល​ជា​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Prak Yikan ​បាន​សរសេរ​ក្នុង​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ដែល​មាន​ខ្លឹម​សារ​ដូច្នេះ​ថា

ខ្ញុំ​មិន​គាំទ្រ​នូវ​ទង្វើ​របស់​ក្មេងស្រី ដៃល​គេ​ចោទ​ថា បានលួច​លុយ​ជាងពីរ​ម៉ឺន​បាត នៅ​ប៉ោយប៉ែត​នោះ​ទេ តែ​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ នោះគឺ​ថា យើង​មិន​គួរ​វាយ​ដំ ទៅ​លើ​ក្មេងស្រី​នោះ​ទេ ក្មេង​តែង​មាន​កំហុស ហើយ​ពួកគេ នៅ​មាន​ឱកាស​ច្រើន​ក្នុង​ការ​កែប្រែ​ខ្លួន ជា​ពលរដ្ឋ​ល្អ ហើយ​បើ យើង​ចាប់​បាន​យក មក​វាយ​ដំ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ថតបង្ហោះ​ទៀត​សួរ​ថា តើ​វា​មាន​ផល​ប៉ះពាល់​ដល់​កិត្តិយស​ក្មេង​ឬ​ទេ​ពេលដែល​នាង​កែ​ខ្លួន​មក​ត្រឹមត្រូវ​វិញ​នោះ។ អ្នក​ច្បាប់​គួរ​តែ​គិត​ពី​បញ្ហា​នេះ​ផង មិន​គួរ​ទុក​ឲ្យ សង្គម​នៅ​តែ​បែប​ហ្នឹង​ទេ។