ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅ​បុក​រថយន្ត​ពី​ក្រោយ​រង​របួស​ធ្ងន់​ម្នាក់​និង​ម្នាក់​ទៀត​របួស​ស្រាល

ភ្នំពេញ៖​បុរស​ស្ត្រី​២​នាក់​ជិះ​ម៉ូតូ​លឿន​មិន​បាន​ប្រុង​ប្រយត្ន័​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ដឹក​ស្រាបៀរ​ លី​ អូ​ បណ្ដាល​អោយ​បុរស​ម្នាក់​រង​របួស​ធ្ងន់​ចំណែក​នារី​ដែល​រួម​ដំណើរ​ជា​មួយ​រង​របួស​ស្រាល
ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​២០​ខែ​មិថុនា​ឆ្នាំ​២០១៧​នៅ​តាម​បណ្ដោយ​ផ្លូវ​២៧១​ត្រង់​ចំណុច​ខាង​មុខ​មន្ទីរ​សំរាក​ព្យាបាល​ សុខា​លាភ​ស្ថិត​ក្នុង​សង្កាត់​បឹងទំពុន​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

ប្រពភ​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំង​យ៉ុង​បិត​តែម​ស្រា​បៀរ​លី​អូ​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​2V.​2751​បើក​បរ​ដោយ​បុរស​ម្នាក់​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឃ្លី​ក​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1N.​8515​ជិះ​ដោយ​បុរស​ស្ត្រី​២​នាក់​ទិស​ដៅ​ស្រប​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​មិន​បាន​ប្រុង​ប្រយត្ន័​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ពី​ក្រោយ​ពេញ​ទំហឹង​បណ្ដាល​អោយ​បុរស​ដែល​ជា​អ្នក​បើក​ម៉ូតូ​រង​របួស​បាក់​ជើង​ខាង​ស្ដាំ​និង​នារី​ដែល​រួម​ដំណើរ​ជា​មួយ​របួស​ស្រាល​អ្នក​ទាំង​២​ត្រូវ​បាន​រថយន្ត​មន្ទីរ​ពេទ្យ​ហុង​ហាក់​ដឹក​យក​ទៅ​ព្យាបាល។

ក្រោយ​ពេល​កើត​សមត្ថកិច្ច​ជំនាញ​ផ្នែក​ខាង​ចរាចរណ៍​បាន​ចុះ​មក​ដល់​កន្លែង​កើត​ហេតុ​ហើយ​ធ្វើ​ការ​វាស់​វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការ​ខណ្ឌ​មាន​ជ័យ​រង​ចាំ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ៕