សង្ឃ​២​អង្គ​ឈ្លោះ​គ្នា ១​អង្គ​ដេក​ពេទ្យ ១​អង្គ​ដេក​គុក

បាត់​ដំបង៖ កាល​ពី​វេលា​ម៉ោង​១​រំលង​អាធ្រាត្រថ្ងៃ​ទី​២០​ខែ​មិថុនា​ឆ្នាំ​២០១៧​នៅ​ចំណុច​ក្រុម​ទី​០១​ ក្នុង​បរិវេណ​វត្ត​រូង​ជ្រៃ​ ភូមិ​រូង​ជ្រៃ​ ឃុំ​រូង​ជ្រៃ​ស្រុក​ថ្មគោល លោក​សង្ឃ​២អង្គ​ឈ្លោះ​គ្នា​រឿង​​ចាក់​សម្លេង​ធម៌​ខ្លាំង​រំខាន​ដល់​គេ​ឈាន​ដល់​បង្កើត​ឈ្លោះ​គ្នា​បង្ក​ឲ្យ​លោក​១​អង្គ​ទៀត​រង​របួស​ធ្ងន់ ។

លោក​សង្ឃ​១​អង្គ​ព្រះ​នាម ធី បូរី ព្រះ​ជន្ម​២៥​ព្រះ​វស្សា​មាន​ទីលំ​នៅ​ភូមិ​តា​ក្រី ឃុំ​តា​ក្រី​ស្រុក​កំរៀង បួស​រៀន​នៅ​វត្ត​កើត​ហេតុ​ ។ចំណែក​លោក​សង្ឃ​បង្ក​ព្រះ​នាម ស្រែ ស្រស់ ហៅ​ឆក​ព្រះ​ជន្ម​៣៧​ព្រះ​វស្សា​មាន​ទី​លំ​នៅ​ភូមិ​តា​ក្រី​ឃុំ​តា​ក្រី​ស្រុក​កំរៀង បួស​រៀនជា​មួយ​គ្នា​។
សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​លោក​សង្ឃ​រង​គ្រោះ​បាន​ ចាក់​សម្លេង​ស្តាប់​ធម៌​ឮ​សូរ​ខ្លាំង​ៗ រំខាន​ដល់​លោក​សង្ឃ​បង្ក​ហើយ​មក​ប្រាប់​កុំ​ឲ្យ​ចាក់​ខ្លាំង​ពេក​រំខាន​ការ​សឹង​របស់​លោក ភ្លាមៗ​នោះ​លោក​សង្ឃ​រងគ្រោះ​បាន​ខឹង​ស្ទុះ​ទៅ​ធាក់​លោក​សង្ឃ​បង្ក​(ជន​សង្ស័យ​)​ដួល​កើត​ឈ្លោះ​គ្នា​ក្រោយ​មក​គណៈ​កម្ម​ការ​វត្ត​និង​សាច់​ញាតិ​បាន​មក​ជួយ​សម្រួល​គ្នា​នៅ​ពេល​ថ្ងៃ​រួច​ម្តង​ហើយ លុះ​ម៉ោង​១​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០​ខែ​មិថុនា​ឆ្នាំ​២០១៧​ដោយ​សារ​គំនុំ​លោក​សង្ឃ​បង្ក​បាន​យក​កាំបិត​ចិត្ត​បន្លែ​មក​ចាក់​ជា​ច្រើន​កាំបិត​ចំ​ក.​បណ្តាល​ឲ្យ​របួស​ធ្ងន់​រួច​គេច​ខ្លួន​បាត់ បន្ទាប់​ពី​កើត​ហេតុ​ហើយ​ព្រះ​សង្ឃ​និង គណៈ​កម្មការ​ក្នុង​វត្ត​បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​។

សមត្ថកិច្ច​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ឈាន​ដល់​ធ្វើ​ការ​ចាប់​ខ្លួន​ប្រគល់​ឲ្យ​មន្រ្តី​ធម្មការ​ស្រុក​ចាប់​ផ្សឹក​រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់​ការ​រួច​ឃាត់​ខ្លួន​តែ​ម្តង ដើម្បី​សួរ​នាំ បន្ទាប់​ពី​ចម្លើយ​សារ​ភាព​របស់​ជន​សង្ស័យ​ហើយ​សមត្ថកិច្ច​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​ស្នង​ការ​នគរបាល​ខេត្ត​ដើម្បី​ចាត់​ការ​បន្ត​តាម​ច្បាប់ ៕