ជិះ​ម៉ូតូ​ដើរ​លេង​ម្ដុំ​វត្ត​ភ្នំ ត្រូវ​រថយន្ត​បើក​បុក​ចំ​ពី​ចហៀង​ពេញ​ទំហឹង​របួស​ធ្ងន់​ស្រាល​៤​នាក់

ភ្នំពេញ៖ យុវជន​ម្នាក់​ក្នុង​ចំណោម​គ្នា៤​នាក់​បាន​រ​ង​របួស​ធ្ងន់​បាក់​ជើង​ស្ដាំ​ម្ខាង និង​៣​នាក់​ទៀត​រង​របួស​ស្រាល ក្រោយ​ពី​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុប​គ្នា​មក​ពី​ដើរ​លេង​នៅ​ម្ដុំរង្វង់​មូល​វត្ត​ភ្នំ ហើយ​ត្រូវ​បាន​រថយន្ត​បង្ក​ម៉ាក​ហាយ​ឡាក់​វីហ្គូ​បើក​បុក​ពី​ចហៀង​ពេញ​ទំហឹង​អូស​ម៉ូតូ​ជិត​៥​ម៉ែត្រ ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៧នៅម​តាបណ្ដោយ​ផ្លូវ​១០៦ កែង​និង​ផ្លូវ​៥១ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ ។

ម៉ូតូ​រង​គ្រោះ​ម៉ាក ហុង​ដា​ឌ្រីម ស៊េរី​២០​១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់​ចាម 1L-​34​61 ជិះ​ឌុប​គ្នា​៤​នាក់ ។ ចំណែក​រថយន្ត​បង្ក​ម៉ាក​ហាយ​ឡាក់​​វីហ្គូ ពណ៌​ស្ក ពាក់​ស្លាក​ភ្នំពេញ​2T​-2460 បើក​បរ​ដោយ​បុរស​ម្នាក់​និង​រួម​ដំណើរ​ប្រពន្ធ​ ។

តាម​សម្ដី​យុវជន​រងគ្រោះ​របួស​ស្រាល និង​ភាគី​ខាង​ម៉ូតូ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើត​ហេតុ ពួក​គាត់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ឌុប​គ្នា​មក​ពី​ដើរ​លេង​នៅ​ម្ដុំ​រង្វង់​មូល​វត្ត​ភ្នំ ហើយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥១ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​ល្មម ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​នៃ​ផ្លូវ​បំបែក​ជា​បួន ក៏​ត្រូវ​បាន​រថយន្ត​បង្ក​ម៉ាក​ហាយ​ឡាក់​វី​ហ្គូ បើក​បរ​តាម​បណ្ដោយ​ផ្លូវ​១០៦ ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន មក​បុក​ចំ​ម៉ូតូ​ពី​ចហៀង​ពេញ​ទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ​រងគ្រោះ​ដួល​គៀប​ជាប់​ក្រោម​រថយន្ត​អូស​ជាង​៥​ម៉ែត្រ​រង​ការ​ខូច​ខាត​ទាំង​រថយន្ត​និង​ម៉ូតូ​យ៉ាង​ដំណំ រួម​ទាំង​អ្នក​ឌុប​រង​របួស​ធ្ងន់​បាក់​ជើង​ស្ដាំ​ម្ខាង សំណាង​ល្អ​៣​នាក់​ទៀត​ខ្ទៀត​ចេញ​ពី​ម៉ូតូ​រង​របួស​ស្រាល ។

ក្រោយ​ពេល​កើត​ហេតុ​ភ្លាម​ៗ ជន​រងគ្រោះ​របួស​ធ្ងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​មន្ទី​ពេទ្យ ហុង ហាក់ ដឹក​យក​ទៅ​ព្យាបាល​ភ្លាមៗ បន្ទាប់​មក​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ចុះ​ទៅ​ឃាត់​ខ្លួន​អ្នក​បើក​បរ​រថយន្ត​បង្ក​នៅ​កន្លែង​កើត​ហេតុ​យក​មក​ស្នាក់​ការ​ប៉ុស្ដិ៍​នគរបាល​វត្ត​ភ្នំ និង​ហើយ​ធ្វើការ​វាស់​វែង​យក​ម៉ូតូ​ជន​រងគ្រោះ​និង​រថយន្ត​បង្ក​រួម​ទាំង​ម្ចាស់​យក​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ រង​ចាំ​ដោះ​ស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់៕