ស្ពាន​ជ្រោយ​ចង្វារ​ចាស់​កំពុង​ជួស​ជុល សាលា​ក្រុងសង់​ស្ពាន​ដែក​ជំនួស

បើ​គ្មាន​ការ​ប្រែប្រួល​ទេ សាលា​រាជធានី​ភ្នំពេញ​នឹង​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ស្ពានដែក​មួយ​ឆ្លងកាត់​ទន្លេសាប​ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ដោយសារ​សាលាក្រុង​បិទ​ស្ពាន​ជ្រោយចង្វារ​ចាស់​ជួសជុល​រយៈ​ពល​២​ឆាំ្ន ។

បើ​តាម​លោក​អភិបាលរង​រាជធានី​ភ្នំពេញ អៀង អូ​នី បាន​ប្រាប់​ទីឲ្យ​ដឹង​ទៀត​ថា ការ​សាងសង់​នឹង​ចាប់ផ្តើម​នៅ​អំឡុង​ខែកក្កដា ឆ្នាំ​២០១៧​និង​ចំណាយ​សាងសង់​រយៈពេល​៦​ខែ ។ ចំពោះ​ថវិកា​សាងសង់​ស្ពានដែក​នេះ ជា​បន្ទុក​របស់​ក្រុមហ៊ុន OCIC ដែល​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វារ ។

បើ​តាម​លោក​អភិបាលរង​រាជធានី​ភ្នំពេញ នៅ​ក្រោយ​ពេល​ស្ពាន​ជ្រោយចង្វារ​ចាស់ ឬ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ស្ថាបនា​រួចរាល់ ស្ពានដែក​នេះ​នឹង​ត្រូវ​រុះរើ​ចេញ​វិញ ហើយ​ជំនួស​ដោយ​ស្ពានថ្ម​ខ្សែកាប ដែល​អាជ្ញាធរ​រាជធានី និង​ក្រុមហ៊ុន OCIC បាន​សិក្សា​ពី​បច្ចេក ទេស​សាងសង់​រួចរាល់​ហើយ​៕