ជិះម៉ូតូបញ្ច្រាសផ្លូវ ត្រូវរថយន្តព្រូសបុកពីមុខពេញទំហឹងបណ្ដាលឲ្យស្លាប់មួយរំពេច
|ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ព្រោះតែជិះម៉ូតូបញ្ច្រាសផ្លូវ ត្រូវរថយន្តព្រូសបើកយ៉ាងលឿនមកបុកពីមុខពេញទំហឹង កាលពីវេលាម៉ោង២និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចលើស្ពានអាកាស៧មករា ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បុរសរងគ្រោះដែលស្លាប់បាត់បង់ជីវិត មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ដោយរូបគាត់ជិះម៉ូតូម៉ាក សេ១០០ ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង 1C-9805 ។ ចំណែកអ្នកបើកបររថយន្តបង្កម៉ាកព្រូស ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2AB-8563 ក៏មិនទាន់បានស្គាល់អត្តសញ្ញាណនោះដែរ ក្រោយពេលកើតហេតុភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានចុះឃាត់ខ្លួនយកទៅប៉ុស្ដិ៍នគរបាលបឹងកក់១ ហើយបញ្ចូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនដំបូលគេសង្កេតឃើញ បុរសរងគ្រោះម្នាក់ដែលស្លាប់បាត់បង់ជីវិត បានជិះម៉ូតូម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើតទៅលិច ហើយបានជិះឡើងលើស្ពានអាកាស៧មករា ទាំងមិនដឹងថាខ្លួនឯងជិះម៉ូតូបញ្ច្រាសផ្លូវ ខណៈពេលនោះក៏មានរថយន្តម៉ាកព្រូស១គ្រឿង បានបើកមកពីផ្លូវសហព័ន្ឋរុស្សុី ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ហើយស្របទិសដៅចរាចរណ៍ផងដែរ ក៏បានមកបុកម៉ូតូបុរសរងគ្រោះខាងលើចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសរងគ្រោះម្ចាស់ម៉ូតូដួលផ្លោងអូសតាមរថយន្តបង្កជាង៤០ម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងតែម្ដង ចំណែកឯរថយន្តនិងម៉ូតូបានរងការខូចខាតពីមុខដូចគ្នាយ៉ាងដំណំ ។
ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះទៅឃាត់ខ្លួនអ្នកបើកបររថយន្តបង្កនៅកន្លែងកើតហេតុភ្លាមៗ ហើយធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះនិងរថយន្តបង្ករួមទាំងម្ចាស់យកទៅកាន់ការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ។ ដោយឡែកសពជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យខាងកោសល្យវិច័យចាត់ចែកដឹកយកទៅវត្តសំរោងអណ្ដែត រងចាំស្វែងរកសាច់ញាតិក្រុមគ្រួសារ ប្រគល់សពយកទៅធ្វើបុណ្យតាមប្រពៃណី៕