រថយន្ត​២​គ្រឿង​បាន​បើក​បុក​គ្នា​នៅ​ត្រង់​ចំណុច​ផ្លូវ​បំបែក​ជា​បួន បណ្ដាល​ឲ្យ​រង​ការ​ខូច​ខាត

ភ្នំពេញ​៖ នៅ​វេលា​ម៉ោង​១​រំលង​អាធ្រាត ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៧​នេះ មាន​គ្រោះ​ថ្នាក់​ចរចារណ៍​មួយ​បាន​កើត​ឡើង ដែល​បង្ក​ឡើង​ដោយ​រថយន្ត​២​គ្រឿង​បើកបរ​មិន​ចេះ​គោរព​និង​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក ទើប​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ រថយន្ត​បើក​បុក​ជា​មួយ​រថយន្ត​មួយ​គ្រឿង​ទៀត​នៅ​តាម​បណ្ដោយ​ផ្លូវ​៣​១០ កែង​និង​ផ្លូវ​១៤៣ ស្ថិត​ក្នុង​​សង្កាត់​បឹង​កេង​កង​៣ ខណ្ឌ​ចំការមន បណ្ដាល​ឲ្យ​រថយន្ត​ទាំង​ពីរ​គ្រឿង​រង​ការ​ខូច​ខាត​ទាំង​សង​ខាង ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើត​ហេតុ​នោះ គឺ​រថយន្ត​ទាំង​ពីរ​គ្រឿង​ខាង​លើ ដោយ​១​គ្រឿង​ម៉ាក កាមរី​បា​ឡែន ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AL-3723 បើក​បរ​តាម​បណ្ដោយ​ផ្លូវ​៣១០ ទិស​ដៅ​ពី​លិច​ទៅ​កើត​ក្នុង​ល្បឿន​លឿន​​ល្មម ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក តូយ៉ូតា ធុន​ត្រា ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​2N-6078 បើកបរ​តាម​បណ្ដោយ​ផ្លូវ​១៤៣ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ល្មម​ដូច​គ្នា ហើយ​បាន​បុក​គ្នា​ចំ​ក្បាល​រថយន្ត​ទាំង​ពីរ​គ្រឿង​តែ​ម្ដង បណ្ដាល​ឲ្យ​រថយន្ត​ទាំង​ពីរ​គ្រឿង រង​ការ​ខូច​ខាត​ខាង​មុខ​ទាំង​សង​ខាង​ដូច​គ្នា សំណាង​ល្អ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ គឺ​មិន​បណ្ដាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ ។

ក្រោយ​ពេល​កើត​ហេតុ​ភាគី​ទាំង​សង​ខាង​បាន​ចុះ​ដោះ​ស្រាយ​គ្នា​ដែរ តែ​មិន​ត្រូវ​រូវ​គ្នា​នោះ​ទេ ព្រោះ​តែ​ចង់​យក​ត្រូវ​រាង​ៗ​ខ្លួន ។ បន្ទាប់​មក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ធ្វើ​ការ​វាស់​វែង យក​រថយន្ត​ទាំង​ពីរ​គ្រឿង​នេះ​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​ចំការ​មន រង​ចាំ​ដោះ​ស្រាយ​គ្នា​នៅ​ពេល​ក្រោយ៕