នេះ​ហើយ​ជា​មូលហេតុ​ដែល​នាំឲ្យ​ឆេះ​អាគារ ២៤​ជាន់​នៅ​ក្រុង​ឡុងដ៍

ក្រុង​ឡុ​ង​ដ៍ ៖ បើ​យោង​តាម​សារព័ត៌មាន BBC បាន​ចេញផ្សាយ​អោយ​ដឹង​ថា មូលហេតុ និង​ដើមទង បណ្តាល​ឲ្យ​ឆេះ​អគារ គឺបុរស​ជា​អ្នកបើកបរ​តាក់ស៊ី​ម្នាក់ ត្រូវ​បាន​គេ​ចោទប្រកាន់​ថា ជា​អ្នក​បង្ក​ឲ្យ​កើត​មាន​ឧបទ្ទវហេតុ អគ្គី​ភ័យ​ឆាបឆេះ​អគារ Grenfell Tower កម្ពស់ ២៤ ជាន់​ដ៏​រន្ធត់ ស្ថិត​នៅ​ក្នុង​ទីក្រុង​ឡុ​ង​ដ៍ កាលពី​ថ្ងៃ​ពុធ កន្លង​ទៅ​នេះ​។

បុរស​រង​ការ​ចោទប្រកាន់​មានឈ្មោះ​ថា Behailu Kebede បាន​ចុច​កណ្ដឹង​ប្រកាស​អាសន្ន បន្ទាប់​ពី​មាន​អណ្ដាតភ្លើង ឆាបឆេះ​ចេញពី​ទូរ​ទឹកកក​ខូច នៅ​ក្នុង​បន្ទប់​របស់​លោក លេខ​១៦ ស្ថិត​នៅ​ជាន់​ទី​៤ នៃ​អគារ​នោះ ។ បើ​តាម​អ្នកស្រី Maryann Adam អាយុ​៤១​ឆ្នាំ ដែល​រស់នៅ​បន្ទប់​លេខ​១៤ បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក Kebede បាន​មក​គោះ​ទ្វា​អ្នកស្រី ហើយ​ប្រាប់​ថា មាន​ភ្លើង​ឆេះ នៅផ្ទះ​បាយ​របស់​គាត់ ។

អ្នកស្រី Maryann Adam ប្រាប់​បន្ត​ថា «​គាត់​បាន​មក​គោះ​ទ្វា ហើយ​បាន​និយាយ​ថា មាន​ភ្លើង​ឆេះ​បន្ទប់​របស់​គាត់ ។ វា​គឺ​ម៉ោង​១២ និង​៥០​នាទី​ព្រឹក ព្រោះ​ខ្ញុំ​កំពុង​តែ​ដេក ហើយ​គាត់​មក​ដាស់​ខ្ញុំ​»​។ អ្នកស្រី​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា «​ដំបូង​ភ្លើង​ឆេះ​តិច​ទេ នៅ​ក្នុង​ផ្ទះបាយ​របស់​គាត់ ខ្ញុំ​អាច​មើលឃើញ​វា ព្រោះ​ទ្វា​បន្ទប់​បាន​បើក​»​។

លោក Eshete Meried ជា​មិត្ត​ភ័ក្ដិ​របស់​លោក Kebede បាន​ប្រាប់​ឲ្យ​ដឹង​ថា អ្នកបើកបរ​តាក់ស៊ី វ័យ​៤៤​ឆ្នាំ​រូប​នេះ មាន​ដើម​កំណើត​មក​ពី ប្រទេស​អេ​ត្យូ​ពី (Ethiopia) បាន​គេចខ្លួន​ចេញពី​អគារ ដោយ​មិន​មាន​រងគ្រោះថ្នាក់​អ្វី​ឡើយ ប៉ុន្តែ​នៅ​ដក់​ជាប់​ភាព​តក់ស្លុត​។ «​លោក Kebede បាន​ចុច​កណ្ដឹង​ប្រកាស​អាសន្ន​… នេះ​គឺជា​អ្វី​ដែល​ខ្ញុំ​ស្ដាប់​ឮ​។ គាត់​មិន​អី​ទេ ប៉ុន្តែ​គាត់​មិន​អាច​និយាយ​អ្វី​បាន​ឡើយ​នៅ​ពេល​នេះ ។ គាត់​កំពុង​ស្នាក់​នៅ​ជម្រក​បណ្ដោះអាសន្ន ជាមួយ​មិត្ត​ភ័ក្ដិ​ជា​ច្រើន​នាក់​ទៀត​»។

គួរ​បញ្ជាក់​ថា រហូត​មក​ទល់​នឹង​ពេល​នេ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែមិថុនា ឆ្នាំ​២០១៧ ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​អង់គ្លេស បាន​និង​កំពុង​បន្ត​ស្វែងរក​សាកសព​មនុស្ស​ជា​ច្រើន​នាក់​បន្ថែម​ទៀត ដែល​គេ​ជឿជាក់​ថា បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​គ្រោះ​អគ្គិភ័យ ឆាបឆេះ​អគារ​ខុន​ដូ​កម្ពស់ ២៤​ជាន់​មួយ​កន្លែង ក្នុង​ទីក្រុង​ឡុ​ង​ដ៍​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​កាលពី​ថ្ងៃ​ពុធ ខណៈ​បច្ចុប្បន្ន​ចំនួន​អ្នក​ស្លាប់​កើន​ដល់ ១៧​នាក់ ។

យោង​តាម​ប៉ូលិស​អង់គ្លេស មនុស្ស​យ៉ាងតិច​ចំនួន ១៧​នាក់​បាន​ស្លាប់ និង​៣០​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ រីឯ​ចំនួន​អ្នក​បាត់បង់​ជីវិត​ត្រូវ​បាន​គេ​រំពឹង​ថា អាច​នឹង​បន្ត​កើនឡើង​ត្បិត​មនុស្ស​ជា​ច្រើន​នាក់ នៅ​តែ​បន្ត​បាត់​ខ្លួន​នៅឡើយ​ដែល​ត្រូវ​គេ​សង្ស័យ​ថា បាន​ជាប់​ខ្លួន​នៅ​ក្នុង​អគារ​កើតហេតុ​។ មក​ទល់​ពេល​នេះ មូលហេតុ​នៃ​អគ្គិភ័យ ពុំ​ទាន់​ត្រូវ​បាន​គេ​បញ្ជាក់​ឱ្យ​ច្បាស់​នោះ​ទេ ស្រប​ពេល​សំណួរ​ជា​ច្រើន​កំពុង​ត្រូវ​បាន​គេ​ចោទសួរ​ថា តើ​ការ​ជួសជុល​កែ​លម្អ​អគារ​នេះ​ឡើង​វិញ អាច​ជា​មូលហេតុ​ចូលរួម​ចំណែក​បង្ក​ឱ្យ​មាន គ្រោះ​អគ្គិភ័យ​ដ៏​ប្រល័យ​នេះ ឬ​ក៏​យ៉ាងណា​។

គួរ​បញ្ជាក់​ថា អគារ​ខាងលើ​នេះ​មានឈ្មោះ​ថា Grenfell Tower ស្ថិត​នៅ​ក្នុង​សង្កាត់ North Kensington ភាគ​ខាងលិច​ទីក្រុង​ឡុ​ង​ដ៍ ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ទទួល​រង​ការ​ឆាបឆេះ​កាលពី​វេលា​ម៉ោង ១៖១៦​នាទី​យប់​ថ្ងៃ​ពុធ (​ម៉ោង​ក្នុង​តំបន់​) ចាប់តាំងពី​ជាន់​ទី​ពីរ​រហូត​ដល់​ជាន់​លើ​បំផុត ហើយ​ក្រុម​ពន្លត់អគ្គីភ័យ​ដល់​ទៅ​ជាង ២០០​នាក់ បាន​ចូលរួម​ពន្លត់​គ្រោះ​អគ្គី​ភ័យ​ដ៏​ធំ​សម្បើម​នេះ​។ មនុស្ស​រហូត​ដល់ ៦០០​នាក់ មាន​ទាំង​កុមារ និង​ជន​ចាស់ជរា​ត្រូវ​គេ​ជឿជាក់​ថា បាន​ស្ថិត​ក្នុង​លំនៅ​ឋាន​ប្រមាណ ១២០​ខ្នង ដែល​នៅ​ក្នុង​អគារ​កម្ពស់​២៤​ជាន់​នោះ នៅ​ពេល​ដែល​អគ្គី​ភ័យ​បាន​កើតឡើង រីឯ​មូលហេតុ​ដែល​បាន​បង្ក​ជា​គ្រោះ​អគ្គី​ភ័យ​វិញ មិន​ទាន់​ត្រូវ​បានដឹង​ច្បាស់​នៅឡើយ​ទេ ស្រប​ពេល​ដែល​ការ​ស៊ើបអង្កេត​បាន​និង​កំពុង​ធ្វើ​ឡើង​៕