អ្នក​កាសែត​៤​នាក់​ជំរិត​ទា​ប្រាក់​ឡាន​ដឹក​ឈើ​ ត្រូវ​កង​កម្លាំង​អាវុធ​ហត្ថ​ចាប់​ខ្លួន

រតនគិរី៖ អ្នក​កាសែត​ចំនួន​​៤​​នាក់ ស្រី​១​នាក់​ ត្រូវ​បាន​​កម្លាំង​​អាវុធ​ហត្ថ​​ខេត្ត​រតនៈគិរី ចាប់​ខ្លួន​ភ្លាម​ៗ នៅ​​ទី​តាំង​ផ្សេង​គ្នា​ពាក់​ព័ទ្ធ​ពី​បទ​ជំរិត​ទា​ប្រាក់​ពី​ឡាន​ដឹក​ឈើ​ ​និង​​ដើរ​​ដាក់​​ខែ​ ដែល​បាន​ឃាត់​ខ្លួន​បី​នាក់​នៅ​ចំណុច​ហាង​កាហ្វេ​ម្លប់​ក្ងោក​ស្ថិត​នៅ​ភូមិ​ទេស​អន្លុង​ សង្កាត់​បឹង​កន្សែង​ ក្រុង​បាន​លុង​ និង​ម្នាក់​ទៀត​ឃាត់​ខ្លួន​នៅ​ភូមិ​ថ្មី​ សង្កាត់​​ឡា​បាន​សៀក​ ក្រុង​បាន​លុង​ នា​រសៀល​ ថ្ងៃ​ទី​​១៤​ខែមិថុនាឆ្នាំ២០១៧​ ។

​ការ​ចាប់​ខ្លួន​អ្នក​កាសែត​​ចំនួន​៤​នាក់​ដឹក​នាំ​ដោយ​​លោក​ឧត្តម​សេនីយ៍​ត្រី​ គឹម រស្មី មេ​បញ្ជា​ការ​​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​រតនៈគិរី ដោយ​អ្នក​កាសែត​ទាំង​បួន​បម្រើ​​ការងារ​​នៅ​​អង្គ​ភាព​សារ​​ព័​ត៌​មាន​​ផ្សេងៗ​​គ្នា​ទី​១​ឈ្មោះ​ មុីម៉េង​ ហ៊ុយ​ អ្នក​យក​ព័ត៌មាន​​ដំណឹង​​ភ្នំពេញ​ ទី​២​ឈ្មោះ​ ប៉េង​សុ​ថា​រ៉ាក់​ អ្នក​យក​ព័ត៌​មាន​ទូរ​ទស្សន៍​អន​ឡាញ​​CPN ទី​៣​ឈ្មោះ​ ចាន់​ ណារ៉ា​ ភេទ​ស្រី​ អ្នក​យក​ព័ត៌​មាន​​ទូរ​ទស្សន៍​អន​ឡាញ​​TMN និង​ឈ្មោះ​ យ៉ន​ ទិត​ និពន្ធ​នាយក​​សារ​ព័ត៌​មាន​យុវ​ជន​​ខ្មែរ​​ព័ត៌មាន ចំណែក​​រថយន្ត​​ដឹក​ឈើ​ជន្លុង​ស្រកា​រនាគ​ម៉ាក​សាំង​យ៉ុង​ បិទ​ស្កត់​ពណ៌​ខៀវ​ (មិន​ទាន់​ស្គាល់​ឈ្មោះ​ម្ចាស់​រថយន្ដ​នៅ​ឡើយ​ទេ​)​ ។

​មេ​បញ្ជា​ការ​​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​រតនគិរី លោក​ឧត្តម​សេនីយ៍ត្រី​ គឹម រស្មី នៅ​​ព្រឹក​​​ថ្ងៃ​ទី​១៦​ ខែ​មិថុនា​​នេះ បាន​​ធ្វើ​​សន្និសីទ​​កាសែត​ នៅ​ទី​បញ្ជាការ​​កង​រាជ​អាវធុ​ហត្ថ​​ខេត្ត​ អោយ​ដឹង​ថា​ ការ​ឃាត់​អ្នក​កាសែត​​ទាំង​បួន​នាក់ យោង​តាម​ពាក្យ​បណ្ដឹង​របស់​អ្នក​ដឹក​ឈើ​ជន្លុង​ស្រកា​រនាគ ដែល​ត្រូវ​ក្រុម​អ្នក​កាសែត​ទាំង​បួន​នាក់​នេះ​បាន​ជំរិត​ទា​ប្រាក់​ និង​ដាក់​ខែ​ ដោយ​៣​​នាក់​​ចាប់​​នៅ​ក្នុង​​ភូមិ​​ទេស​​អន្លុង សង្កាត់​​បឹង​​កន្សែង ក្រុង​​បាន​​លុង និង​ម្នាក់​ទៀត​​ចាប់​​នៅ​ក្នុង​​សង្កាត់​​ឡា​​បាន​​សៀក ក្រុង​បាន​​លុង ខេត្ត​រតនគិរី​ ។

​លោក​មេ​បញ្ជា​ការ​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ក្នុង​ចំណោម​​ជន​សង្ស័យ​​ជា​អ្នក​កាសែត​​ទាំង​​៤​​នាក់​​នោះ គឺ​​៣​​នាក់​​ជម្រិត​​ទា​លុយ​​៦០០​​ដុល្លារ​​ពី​​អ្នក​​ដឹក​​ជន្លង់​ស្រកា​រនាគ និង​​ម្នាក់​ទៀត ដើរ​​ដាក់​​ខែ​​ចំនួន​​៥០០​​ដុល្លារ​​ពី​ឈ្មួញ​​រក​ស៊ី​​ឈើ ។

បន្ទាប់​ពី​លោក​ឧត្តម​សេនីយ៍​ត្រី​ គឹម រស្មី​ មេ​បញ្ជា​ការ​​កង​​រាជ​អាវុធ​​ខេត្ត​ បាន​ធ្វើ​សន្និសីទ​រួច​ អ្នក​កាសែត​ទាំង​៤​ ត្រូវ​បាន​កម្លាំង​ជំនាញ​កង​រាជ​អាវុធ​ហត្ថ​បញ្ជូន​ទៅ​កាន់​តុលា​ការ​នាវេលា​ព្រឹក​ថ្ងៃ​ដដែរ​ ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ច្បាប់​ ៕