ឆ្មក់​ចុះ​បង្រ្កាប​កន្លែង​ល្បែង​ស៊ី​សង​បៀ អា​ប៉ោង ជល់​មាន់ ឃាត់​ខ្លួន​៦​នាក់ អាគក់​៤​ក្បាល ម៉ូតូ​១២​គ្រឿង

ភ្នំពេញ៖ ផ្ទះ​លក់​កាហ្វេ​មួយ​កន្លែង​បើក​បំភ័ណ្ឌ​ភ្នែក​សមត្ថកិច្ច​ដែល​បាន​លាក់​បង្កប់​ទៅ​ដោយ​ល្បែង​ភ្នាល់​គ្រប់​ប្រភេទ​ដូច​ជា បៀ អា​ប៉ោង ជល់​មាន់​ជា​ដើម ដោយ​បាន​ចូល​រួម​សហការ​ពី​ប្រជា​ពលរដ្ឋ​ទើប​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ចុះ​បង្រ្កាប​ឃាត់​ខ្លួន​បាន​ក្រុម​ញៀន​ល្បែង​ចំនួន​៦​នាក់ អាគក់​៤​ក្បាល់ អាប៉ោង​១​ឈុត និង​ម៉ូតូ​ចំនួន​១២​គ្រឿង ប្រត្តិបត្តិ​ការ​នេះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​ថ្ងៃ​ទី​១៥​ខែ​មិថុនា​ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​លក់​កាហ្វេ​គ្មាន​លេខ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​បាន​អោយ​ដឹង​ថា ទី​តាំង​ខាង​លើ​នេះ បាន​ដាក់​ស្លាក​លក់​កាហ្វេ​នៅ​ផ្ទះ​ខាង​លើ​គ្រាន់​តែ​ដាក់​បំភ័ណ្ឌ​ភ្នែក​អ្នក​ដំណើរ​តែ​ប៉ុណ្ណោះ សម្រាប់​អ្នក​ដែល​ដឹង​បាន​ដឹង ដែល​ញៀន​នឹង​ល្បែង​ចូល​ដល់​ក្នុង ហើយ​នៅ​ក្នុង​នោះ​មាន​តាម​ប្រភេទ​ល្បែង​ដូច​ជា បៀ អាប៉ោង ជល់មាន់ ហើយ​ទី​តាំង​ខាង​លើ​កន្លង​មក ក៏​ត្រូវ​បាន​លោក​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បញ្ជា​ឲ្យ​ចុះ​ចាប់​ម្តង​រួច​មក​ហើយ តែ​មិន​រាង​ចាល បាន​មក​លួច​បើក​ស្ងាត់​ៗ អ្នក​ដឹង​បាន​ណាត់​គ្នា​ជួប ចូល​លេង ហាក់​បី​ដូច​ជា​កាសុីណូ​មួយ​ទៅ​ហើយ បង្ក​ឲ្យ​មាន​ការ​រិះ​គន់ ពី​ពលរដ្ឋ បញ្ហា​ភូមិ សង្កាត់​គ្មាន​សុវត្តិភាព កើត​ល្បែង​សុី​សង​ក្នុង​មូល​ដ្ឋាន ដើម​ចម​កើត​ចោរ​កម្ម​ផ្សេង​ៗ ។

ក្រោយ​ពី​ឃាត់​ខ្លួន​អ្នក​ញៀន​ល្បែង​បាន​៦​នាក់​និង​សម្ភារៈ​មួយ​ចំនួន​ទៀត បាន​នាំ​ទៅ​កាន់​ប៉ុស្តិ៍​នគរ​បាល​បណ្តោះ​អាសន្ន ដើម្បី​ធ្វើ​ការ​សាក​សួរ និង​អប់​រំ​ណែ​នាំ រួច​ចាត់​ការ​តាម​ច្បាប់៕