នៅ​កម្ពុជា អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​មាន​ជាង ៦​ពាន់​គូ​ហើយ

រាជធានី​ភ្នំពេញ៖ គិត​ត្រឹម​រយៈ​១០​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​បាន​កើន​ឡើង​ដល់​ជាង ៦​ពាន់​គូ​ហើយ ហើយ​ពួក​គេ​រង​ការ​រើសអើង ពី​សំណាក់​សាច់ញាតិ​និង​អ្នក​នៅ​ជុំវិញ​ខ្លួន​យ៉ាង​ខ្លាំង។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ អនាគត​កម្ពុជា​អាស៊ាន លើក​ស្ទួយ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។

យោង​តាម​របាយការណ៍​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR)បាន​បង្ហាញ​ថា ៩២% នៃ​អ្នក​ប្ដូរ​ភេទ​ជា​ស្រី ធ្លាប់​រង​ការ​បំពាន​តាម​រយៈ​ពាក្យ​សម្ដី ៤៣% រង​ការ​បំពាន​រាងកាយ ៣១% រង​ការ​បំពាន​ផ្លូវភេទ នៅ​ពេល​ពួក​គេ​ធ្វើ​ដំណើរ​តាម​ផ្លូវ។ ចំណែក ៤២,៨៦% និង​ដទៃ​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​សួរ​នាំ ដោយសារ​តែ ភិនភាគ ខុស​ពី​បណ្ណ​សំគាល់​ខ្លួន។ របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ៩២,៧១% នៃ​អ្នក​ប្ដូរ​ភេទ បាន​រង​ការ​ប្រមាថ សម្លុត នៅ​ពេល​សិក្សា និង​បាន​ធ្វើឲ្យ​មាន​ចំនួន​ប្រមាណ ១២,៨២% បាន​បាត់បង់​ការ​សិក្សា។

ចំណែក​របាយការណ៍​របស់​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ សើស្បែក និង កាមរោគ កាល​ពី​ឆ្នាំ ២០១៦ បាន​ចេញ​ផ្សាយ​ថា អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា មាន​អត្រា​ឆ្លង​មេរោគ​អេដស៍​ខ្ពស់។ អ្នក​ប្ដូរ​ភេទ​ជា​ស្ត្រី មាន​អត្រា​ឆ្លង ៥,៩% និង​បុរស​ស្រឡាញ់​បុរស​ដូច​គ្នា មាន​អត្រា​ឆ្លង ២,៣% ។ ចំណែក​ឯ​ប្រជាជន​ធម្មតា មាន​អត្រា​ត្រឹមតែ ០,៦%។

សូម​រំលឹក​ដែរ​ថា តំណាង​អង្គការ​អនាគត​យុវជន​កម្ពុជា​អាស៊ាន​បាន​លើក​ឡើង​ថា បច្ចុប្បន្ន អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ត្រូវ​ឪពុក​ម្ដាយ បំបែកបំបាក់​និង​បង្ខំ​ឲ្យ​ទៅ​រៀបការ​ជាមួយ​មនុស្ស​ដែល​គេ​មិន​ស្រឡាញ់ វា​ជា​ការ​ដាក់​សំពាធ​ដ៏​ខ្លាំង​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។