អភិបាល​ខណ្ឌ​ច្បារ​អំពៅ​សង​សំណង់​ឥត​ច្បាប់​ក្នុង​មូល​ដ្ឋាន​កំពុង​រីក​ដូច​ផ្សិត ចូល​ដៃ​ជើង​ជា​មួយ​ឈ្មួញ

រាជធានី​ភ្នំពេញ​៖ អភិបាល​ខណ្ឌ​ច្បារ​អំពៅ លោក​អ៊ាង ស៊ីផាន សំណង់​ឥត​ច្បាប់​ទម្លាប់​ក្នុង មូល​ដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ​ជា​ច្រើន​ទី​តាំង ដែល​គ្មាន​ច្បាប់​អនុញ្ញាត្តិ​ត្រឹម​ត្រូវ ឬ​សាង​សង់​ខុស​ពី​ច្បាប់​ដែល បាន​កំណត់ កំពុង​រីក​រាល​ដូច​ផ្សិត ក្នុង​មូល​ដ្ឋាន​ខណ្ឌ​មួយ​នេះ ដែល​ពុំ​ទាន់​មាន​វិធាន​ការណ៍​អ្វី​លើ សំណង់​ទាំង​នោះ​ឡើយ ។

ការ​ថ្លែង​របស់​លោក​អភិបាល​ខណ្ឌ ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​គណៈ​បញ្ជា​ការ​ឯក​ភាព​ខណ្ឌ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៧ ប្រព្រឹត្តិ​ទៅ​ក្នុង​បន្ទប់​ប្រជុំ នៃ​អាគារ​សាលា​ខណ្ឌ ដែល​មាន​សមាស​ភាព​ចូល​រួម ជា​ច្រើន​ដូច​ជា​កម្លាំង នគរបាល អាវុធ​ហត្ថ លោក​នាយក នាយក​​រង​រដ្ឋ​បាល និង​អភិបាល​រង​ទាំង ៤​រូប​ផង​ដែរ ។

ក្នុង​កិច្ច​ប្រជុំ​ដ​ដែល អភិបាល​ខណ្ឌ​រូប​នេះ បាន​ដាក់​បញ្ជា​យ៉ាង​ធ្ងន់ៗ​ដល់​មន្ត្រី​ក្រោម​ឱ​វាទ​ពាក់​ព័ន្ធ ពិសេស​លោក​ចៅ​សង្កាត់​ក្នុង​មូល​ដ្ឋាន ធ្វើ​យ៉ាង​ណា​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​ជុំ​វិញ សំណង់​ជា​ច្រើន​តាម បណ្តា​មូល​ដ្ឋាន​ខ្លួន ដែល​ម្ចាស់​សំណង់​កំពុង​ព្រហើន​សាង​សង់​សំណង់​គ្មាន​ច្បាប់​ទម្លាប់​ត្រឹម​ត្រូវ និង​សំណង់​ខ្លះ​ជា​ច្រើន​ទៀត សាង​សង់​ផ្ទុយ​ពី​ច្បាប់​ដែល​បាន​អនុញ្ញាត្តិ ដូច​ជា​ស្នើរ​សុំ​សាង​សង់​ជា សំណង់​លំ​នៅ​ឋាន​ធម្មតា ប៉ុន្តែ​លទ្ធិ​ផល​ចេញ​មក បែរ​ជា​សំណង់​រឹង​មាំ​យ៉ាង​ស្កឹម​ស្កៃ​ទៅ​វិញ ពិសេស នោះ​គឺ​សំណង់​ជា​ច្រើន​តាម​បណ្តោយ​ផ្លូវ​៣៦៩ ( ផ្លូវ​ព្រែក​ប្រា ) ដែល​កំពុង​រីក​រាល​ដាល​យ៉ាង​ខ្លាំង​ខ្លា ហើយ​ប៉ះ​សុទ្ធ​តែ​ខ្សែ​ស្រលាយ​អស់​លោក​អ្នក​ធំ ។

កិច្ច​ប្រជុំ​ដ​ដែល​ខាង​លើ លោក​អ៊ាង ស៊ី​ផាន ស្នើរ​ដល់​មន្ត្រី​ក្រោម​ឱ​វាទ​ខ្លួន អោយ​កែ​ច​រឹក​ជា​បន្ទាន់ ដែល​ធ្លាប់​ចូល​ដៃ​ជើង​ជា​មួយ​ឈ្នួញ លាក់​បាំង​ព័ត៌​មាន​ពី​ការ​សាង​សង់​សំណង់​ឥត​ច្បាប់ ពិសេស​នោះ​ បញ្ហា​វិ​វា​ទដី​ធ្លី រវាង​ឈ្មួយ ឬ​អ្នក​មាន​អំណាច​ជា​មួយ​ពលរដ្ឋ ដែល​ជា​រឿង​ក្តៅ និង​ប៉ះ​ពាល់​ដល់​អារម្មណ៍ ពលរដ្ឋ​ក្នុង​មូល​ដ្ឋាន ដោយ​អស់​លោក​គ្រាន់​តែ​ទទួល​បាន​លាភ​សការៈ​បន្តិច​បន្តួច ប៉ុន្តែ​ភ្លេច​គិត​ពី​ផល ប្រឈម​របស់​ពលរដ្ឋ​ក្នុង​មូល​ដ្ឋាន ។

ឆ្លៀត​​ក្នុង​កិច្ច​ប្រជុំ​ដ​ដែល លោក​អភិបាល​ខណ្ឌ ក៏​បាន​ស្នើរ​ដល់​មន្ត្រី​នគរបាល កម្លាំង​កង​រាជ​អាវុធ​ហត្ថ និង មន្ត្រី​ចំណុះ​ជំនាញ ធ្វើ​យ៉ាង​ណា ត្រូវ​ពង្រឹង​បន្ថែម​ជុំវិញ​បញ្ហា​សន្តិសុខ​នៅ​ក្នុង​​មូល​​ដ្ឋាន ពិសេស​បញ្ហា​​គ្រឿង​​ញៀន និង​ល្បែង​ស៊ី​សង ត្រូវ​តែ​បង្ក្រាប​អោយ​បាន ដើម្បី​រក្សា​បាន​នូវ​សន្តិ​សុខ​សុវត្ថិ​ភាព​ជូន បង​ប្អូន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង មូល​ដ្ឋាន​អាច​រស់​នៅ​បាន​ប្រកប​ដោយ​ភាព​សុខ​ដុម​រម្យនា ត​ទៅ​ពេល​ខាង​មុខ​ទៀត ៕