សម្ដេច​ក្រឡាហោម សម្រេច បន្ថយ​ឋានន្តរស័ក្ដិ និង​ដក​តួនាទី លោក លឹម ចំណាន

រាជធានី​ភ្នំពេញ៖ លោក លឹម ចំណាន​ដែល​បើក​រថយន្ត​ប៉ះ​ជនរងគ្រោះ​ម្នាក់​ហើយ​បាន​ដក​កាំភ្លើង​បាញ់​គម្រាម​១​គ្រាប់ ដោយ​បាញ់​ឡើង​លើ ត្រូវ​បាន​បន្ថយ​ឋានន្តរសក្ដិ និង​ដក​តួនាទី​មក​ត្រឹម​មន្ត្រី​នគរបាល​ធម្មតា។

យោង​តាម​ប្រសាសន៍​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កាល​ពី​ព្រឹក​ថ្ងៃ​ទី ១៤ មិថុនា ២០១៧ ថា «លោក លឹម ចំណាន ត្រូវ​បាន​បន្ថយ​ឋានន្តរសក្ដិ និង​ដក​តួនាទី​មក​ត្រឹម​មន្ត្រី​នគរបាល»។ ឯក​ឧត្តម​នាយ​ឧត្តមសេនីយ៍​បាន​បញ្ជាក់​ថា យោង​តាម​សំណើ​របស់ អគ្គនាយកដ្ឋាន​នគរបាល​ជាតិ សម្ដេច​ក្រឡាហោម ស ខេង បាន​សម្រេច​ដាក់​ពិន័យ លោក លឹម ចំណាន ៣ រូបភាព។ ទី១ ព្រមាន​ជា​ផ្លូវការ ទី​២ បន្ថយ​ឋានន្តរសក្ដិ ពី វរសេនីយ៍ទោ មក វរសេនីយ៍ត្រី និង​ទី​៣ ដក​ឋានៈ​លោក លឹម ចំណាន ពី​នាយ​រង​ការិយាល័យ​មក​ជា មន្ត្រី​នគរបាល​ធម្មតា។

ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​បាន​បញ្ជាក់​ទៀត​ថា ទោះ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​មិន​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ជនរងគ្រោះ ក៏​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ត្រូវ​តែ​អនុវត្ត​ព្រោះ​លោក លឹម ចំណាន ជា​កងកម្លាំង​នគរបាល​ហើយ​បាន​ប្រព្រឹត្តិ​ខុស ទើប​ចាត់ចែង​ធ្វើការ​ស្រាវជ្រាវ ទាំង​មិន​មាន​ពាក្យ​បណ្ដឹង។ ឯក​ឧត្តម​នាយ​ឧត្តម​សេនីយ៍​បាន​បន្ត​ថា កន្លង​មក​សម្ដេច​ក្រឡាហោម ស ខេង និង ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ នេត សាវឿន តែងតែ​ក្រើនរំលឹក​ថា គោលការណ៍​របស់​លោក មិន​មាន​កាន់​ជើង​អ្នកណា និង​មិន​មាន​ការ​យោគយល់​កូន​អ្នក​ធំ អ្នកតូច​ណា​ទេ៕