នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ម្នាក់​ត្រូវ​រថយន្ត​កង់​៦​បុក​កិន​បែក​ក្បាល​ចេញ​ខួរ​ស្លាប់​យ៉ាង​អាណោច​អាធ័ម

បន្ទាយ​មានជ័យ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​កើត​ឡើង​ទៅ​លើ​មន្ត្រី​នគរបាល​ម្នាក់​ដែល​សង្ស័យ​រូប​គាត់​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​តាម​ផ្លូវ​ជាតិ​លេខ​៥​ត្រូវ​រថយន្ត​ធន់​អំ​កង់​៦​បើក​បុក​ហើយ​កិន​បែក​ក្បាល​ចេញ​ខួរ​ពេញ​ផ្លូវ​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១៥​និង​៤៥​នាទី​ថ្ងៃ​ទី​១២​ខែ​មិថុនា​ឆ្នាំ​២០១៧​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចំនុច​ខាង​លិច ខ្លោង​ទ្វារ​វត្ត​សូរិយា​ប្រហែល​៥០​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​សូរិយា ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មានជ័យ ។

យោង​តាម​សាក្សី​នៅ​ជិត​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើត​ហេតុ​គេ​ឃើញ ជន​រងគ្រោះ​ស្លៀក​ពាក់​ឯក​សណ្ឋាន ជា​មន្ត្រី​សមត្ថកិច្ច បាន​ជិះ​ម៉ូតូ​តែ​ម្នាក់​ឯង ម៉ាក​ហុង​ដា​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ បជ​១Q – ៥៩៥០ ទិស​ដៅ​ពី​ទិស​ខាង​កើត​មក​លិច ដោយ​ទំនង​ជា​មាន​សភាព​ស្រវឹង​ស្រា​ជោគ​ជាំ វង្វេង​ស្មារតី ទើប​បណ្តាល​ឲ្យ​ម៉ូតូ​បើក​រេ​ពេញ​ផ្លូវ ភ្លាម​នោះ​ក៏​ស្រាប់​តែ មាន​រថយន្ត​ធន់​ធំ​កង់​៦​មួយ​គ្រឿង​បាន​បើក​បញ្ច្រាស​ទិស​គ្នា បាន​បុក​ពេញ​ទំហឹង​ចំ​ពី​មុខ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដួល​បោក​ក្បាល ចូល​ក្រោម​កង់​រថយន្ត ហើយ​កិន​ខ្ទេច​ក្បាល​ចេញ​ខួរ​ពេញ​ផ្លូវ ស្លាប់​ភ្លាម​ៗ​នៅ​និង​កន្លែង​កើត​ហេតុ​តែ​ម្តង ។ បន្ទាប់​មក​រថយន្ត​បង្ក​មិន​បាន​ឈប់​មើល​ជន​រងគ្រោះ​នោះ​ទេ ក៏​បាន​បន្ថែម​ល្បឿន​ឆ្ពោះ​ទៅ ទិស​ខាង​កើត ត្រូវ​បាន​ប៉ូលិស ចរាចណ៍ ខេត្ត​ចាប់​បាន​ទាំង​អ្នក​បើក​បរ​និង​រថយន្ត​ប្រភេទ​ដឹក​ដី​កង់​០៦​ម៉ាក់​FUSO​ចង្កូត​ស្តាំ​មួយ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​រក្សា​ទុក​រង​ចាំ​ការ​ដោះ​ស្រាយ​តាម​និតិ​វិធី​ផង​ដែរ ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​នគរបាល​សណ្តាប់​ធ្នាប់​ស្រុក​អូរជ្រៅ​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​ទើប​ដឹង​ថា​ជន​រងគ្រោះ​ជា​មន្ត្រី​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ឈ្មោះ​ខុង វែង ហៅ​ពេទ្យ​គង់ ភេទ​ប្រុស​មាន​អាយុ​៤៨​ឆ្នាំ​រស់​នៅ​ភូមិ​ប្រជា​ធម្ម​ខាង​លិច សង្កាត់​ផ្សារ​កណ្តាល​ក្រុង​ប៉ោយ​ប៉ែត មាន​ឋាន​នរះ​សក្កិ​ជា​អនុសេនីយ៍​ឯក​ផ្នែក​ខាង​ប៉ូលីស សុខា​ភិបាល ខេត្ត​បន្ទាយ​មានជ័យ ។

ត្រូវ​បាន​រថយន្ត​បុក​ចំ​ពី​មុខ​ពេញ​មួយ​ទំហឹង រួច​កិន​បែក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​បាត់​បង់​ជីវិត​នៅ​និង​កន្លែង​កើត​ហេតុ​តែ​ម្តង! ចំណែក​ម៉ូតូ​រង​ការ​ខូច​ខាត​ខ្ទេច​ផ្នែក​ខាង​មុខ​យ៉ាង​ដំណំ​ផង​ដែរ។

សមត្ថកិច្ច​បន្ត​ថា​ចំណែក​សព​ជន​រងគ្រោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​​តាម​ប្រពៃណី៕